លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចប់​មុខ​តំណែង​លោក កន សុខកាយ ពី​តួនាទី​អភិបាល​ស្រុក​ល្វាឯម ក្នុង​ខេត្ត​កណ្ដាល ក្រោយ​ពេល​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត ក្នុង​​ទឹក​ប្រាក់​៣០​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។


ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការ​បញ្ចប់​តំណែង​លោក កន សុខកាយ​ ​ធ្វើ​ឡើង​ដោយសារ «សាមី​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​​និង​វិជ្ជា​ជីវៈ​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ ត្រឹម​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លាត​ត្រដាង​ពី​ករណី​​ចាញ់​បោក​របស់​លោក កន សុខកាយ ទៅ​លើ​ឈ្មោះ​ លី សាម៉េត ហៅ គ្រូមា ក្នុង​ទឹក​ប្រាក់​ ៣០​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។​


លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ ខែតុលា​ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​ទទួល​វីដេអូ​ពី​លោក​ កន សុខកាយ អភិបាល​ស្រុក​ល្វាឯម​ថា​ លី សាម៉េត បាន​យក​ប្រាក់​ពី​គាត់​ចំនួន ៣០​ ម៉ឺន​ដុល្លារ​ដើម្បី​រត់​ការ​ឲ្យ​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ»។

លោក​បញ្ជាក់​ថា ឈ្មោះ លី សាម៉េត បាន​ប្រើ​ឈ្មោះ​លោក​ដើម្បី​បោក​ប្រាស់​មនុស្ស​ជា​ច្រើន ដោយ​ករណី​ខ្លះ​​មាន​ទឹក​ប្រាក់​រហូត​ដល់ ១០​លាន​ដុល្លារ​អាមេរិក។


លោក​ថា ក្នុង​តំណែង​លោក​ជា​រដ្ឋមន្ត្រី​ការ​បរទេស​រយៈ​ពេល ៦ ឆ្នាំ និង​ជា​នាយក​រដ្ឋមន្ត្រី ៣៨​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ព្រឹទ្ធសភា លោក​ធ្លាប់​បាន​ចុះ​ហត្ថលេខា​តែង​តាំង​និង​ដំឡើង​សក្តិ​មន្ត្រី​រាប់​ម៉ឺន​នាក់​ ទាំង​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ។

លោក​ថា៖ «ខ្ញុំ​មិន​ដែល​ទទួល​យក​អន្តរាគមន៍​ពី​អ្នក​ណា​នោះ​ឡើយ​ មិន​ថា​តាម​ការ​ស្នើ​សុំ​ឬ​តាម​សំណូក​ណា​មួយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​មួយ​ចំនួន​ទទួល​បាន​ការ​តែង​តាំង​ហើយ​ទទួល​បាន​ការ​ជួយ​ពី​ខ្ញុំ​ថែម​ទៀត​ដើម្បី​ឲ្យ​ពួក​គាត់​មាន​មធ្យោបាយ​ធ្វើ​ការ»។

បើ​តាម​លោក ហ៊ុន សែន ​ក្រៅ​ពី​ឈ្មោះ​មួយ​ចំនួន​ដែល​លោក​បាន​លើក​ឡើង អាច​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​ចាញ់​បោក​ឈ្មោះ លី សាម៉េត។ លោក​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ករណី​នេះ ហើយ​ប្រាប់​ឲ្យ​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តាម​រយៈ​ក្រុម​មេធាវី​របស់​លោក។

លោក លី សាម៉េត មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​ធ្លាប់​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន៕