មណ្ឌលគិរីៈ ក្រសួង​បរិស្ថាន​កំពុង​តែរៀ​ប​ចំ​ថ្នាល​បណ្តុះកូន​ឈើ​ថ្នាក់​តំបន់​មួយ​ផ្សេង​ទៀត​នៅ​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដែល​អាច​ផលិត​កូន​ឈើ​បាន​កន្លះ​លា​នដើម​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​យក​ទៅ​ដាំ​ ដើម្បី​ស្តារ​គម្រប​ព្រៃ​ឈើឡើង​វិញ។ 


លោក​ស៊ិន សត្ថា ​ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​បាន​ឱ្យ​ដឹង​ថា​ ថ្នាល​នេះ​មាន​ទំហំជាង​ ១​ហិកតា​ ដែល​​អាច​ផ្គត់ផ្គង់​កូន​ឈើបាន ​រហូត​ដល់​ទៅ​ជាង​៥០​ម៉ឺន​ដើម​សម្រាប់​ដាំ​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។

លោក​បញ្ជាក់​ថា៖«យើង​កំពុង​តែ​ដំណើរ​ការ​សាង​សង់​ថ្នាល​បណ្តុះកូន​ឈើ​នេះ ​។យើង​នឹង​រៀប​ចំ​ឱ្យ​រួច​រាល់​ ដើម្បី​បណ្តុះ​កូន​ឈើ​ធ្វើ​ម៉េច​ ២០២៥​យើង​មាន​កូន​ឈើ​ដាំ​សម្រាប់​ដាំ​ស្តារ​ឡើង​វិញ ​និង​សម្រាប់​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​មណ្ឌលគិរី​ និង​ខេត្ត​ដទៃ​ទៀត»។


លោក​បន្ត​ថា ​ប្រភេទ​កូន​ឈើ ​ដែល​នឹង​ត្រូវ​បណ្តុះ​ប្រមាណ​ជា​៥០​ម៉ឺន​កូន​នេះ​ រួ​ម​មាន​បេង ធ្នង់ នាង​នួន ​កកោះ ឈើ​ទាល​ និង​មាន​កូន​ត្នោត​មួយ​ចំនួន​ផង​ដែរ។

ក្នុង​ឆ្នាំ​ ២០២៤ ​នេះ ​កូន​ឈើ​ជាង ​២ម៉ឺន​ដើម​ត្រូវ​បាន​ដាំ​ស្តារ​ព្រៃ​ឡើង​វិញ​លើ​ផ្ទៃ​ដី​ជាង​៧០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។ កូន​ឈើ​ទាំង​នោះ​មាន​ដូច​ជា​ បេង ​ធ្នង់ នាងនួន ​និង​កកោះ​ជា​ដើម។ ក្នុង​រយៈ​ ២​ ទៅ ​៣​ខែ​មក​នេះ​ កូន​ឈើ​ទាំង​នោះ​មាន​ការ​លួត​លាស់​ល្អ​ ដែល​គ្មាន​ការ​រំ​ខាន​ពី​ភាគី​ខាង​ណា​នោះ​ទេ។ ក្រុម​ការ​ងារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ក៏​បាន​នឹង​កំពុង​តែ​ធ្វើ​ការ​ការពារ​កន្លែង​ ដែល​ដាំ​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ​នេះ​ដែរ។


លោក​អះ​អាង​ថា ​កូន​ឈើ​ជាង​១លាន​ដើម​ហើយ​ត្រូវ​បាន​ផ្តល់​ដល់​ពលរដ្ឋ​ និង​អ្នក​ពាក់​ព័ន្ធ​យក​ទៅ​ដំា រហូត​មក​ដល់​ពេល​នេះ​នៅ​ខេត្ត​មណ្ឌលគិរី។

មន្ត្រីចុះត្រួតពិនិត្យទីតាំងសម្រាប់​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​មួយ​ទៀត​នៅ​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។ រូបថត ផាក់ ស៊ាងលី

លោក​ថ្លែង​ដូច្នេះ​ថា៖«ថ្នាល​បណ្តុះ​កូ​ន​ឈើ​នៅ​តាម​តំបន់​នីមួយៗ​ ជា​ពិសេសនៅ​ខេត្ត​មណ្ឌលគិរី​យើង​មាន​សារៈ​សំខាន់​ណាស់​។ យើង​ធ្វើ​ម៉េច​ព្យាយាម​បណ្តុះ​កូន​ឈើ ​និង​ចែក​ជូន​ពលរដ្ឋ ​ក៏ដូ​ច​ជា​អ្នក​ពាក់​ព័ន្ធ​ឱ្យ​បាន​កាន់​តែ​ច្រើន។​ នៅ​ឆ្នាំ​២០២៥ ​គឺ​ត្រូវ​តែ​មាន​កូន​ឈើ​៥០​ម៉ឺន​កូន​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ ក៏​ដូច​ជា​ដាំ​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ..យើង​សង្ឃឹម និង​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​បាន»។

រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ​លោក​ជួប​ ប៉ារីស៍ ​បាន​លើក​ឡើង​ថា​ការ​រៀប​ចំ​ធ្វើ​ថ្នាល​បណ្តុះ​កូន​ឈើ​នេះ​គឺ​ជា​ការ​ងារ​អ​ទិភាព​មួយ ​ដើម្បី​ត្រៀម​រៀប​ចំ​ឱ្យ​មាន​កូន​ឈើ​ដាំ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទិ​វា​បរិស្ថាន​ជាតិ​នា​ឆ្នាំ​ក្រោយ។

លោក​មាន​ប្រសាសន៍​ថា៖«ត្រូវ​ត្រួស​ត្រាយ​យ៉ាង​ម៉េច​ឱ្យ​ទៅ​ជា​ថ្នាល​ថ្នាក់​តំបន់ ​...យើង​ត្រូវ​មាន​ដើម​ឈើ​ដាំ​នៅ​ថ្ងៃ​ទី​៥ ខែ​ ៦​ ឆ្នាំ​២០២៥ ​នៅ​ទិវា​បរិស្ថាន​ជាតិ។​ ថ្ងៃ​ទី​៥ ​ខែ​ ៦​ត្រូវ​មាន​កូន​ឈើ​ដំា។ នៅ​មណ្ឌលគិរី​ អាច​ថា​មិន​សូវ​មាន​កន្លែង​ដាំ អញ្ជឹង​អាច​បញ្ជូន​ទៅ​កន្លែង​ផ្សេង​។ ឈើ​ស្រល់​ឈើ​ហូប​ផ្លែ ​ឱ្យ​បាន​យ៉ាង​តិច​៥០​ម៉ឺន​ដើម»។

លោក​រដ្ឋលេខាធិការ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​ដែល​មាន​ថ្នាល​បណ្តុះ​កូន​ឈើ ​តំបន់​នេះ​ក៏អាច​ជាការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ចូល​ទៅ​មើល​កំសាន្ត​ផង​ដែរ។

លោក​ថ្លែងថា៖«ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​ទាំង​៥ ​មួយ​នៅ​កែវ​សីមា​យើង​ហ្នឹង​ ធ្វើ​ម៉េច​បណ្តុះ​កូន​ឈើឱ្យ​បា​នច្រើន ចែក​ប្រ​ជា​ជនដោយ​ឥត​គិត​លុយ ​យក​ទៅ​ដាំ។ កូន​ឈើ​ធម្មជាតិ ​ជាពិសេស​កូន​ឈើ​ហូប​ផ្លែ»។

ថ្នាល​បណ្តុះ​កូន​ឈើ​ខ្នាត​តំបន់​ទាំ​ងនេះ​ នឹង​ជួយ​ពង្រីកវិសាលភាព​ព្រៃ​ឈើ​កម្ពុជា​ តាមរយៈ​ការ​រួមចំណែក​ដាំពី​ប្រជា​ជន​កម្ពុជា ​ឈាន​ឆ្ពោះទៅ​ជា​ប្រទេស​អព្យា​ក្រឹត​កាបូន ​និង​ ពង្រីក​វិសាលភាព​ព្រៃ​ឈើ​ជាង​ ៦០ ​ភាគរយ ​នៅ​ឆ្នាំ​២០៥០​។ ​នេះ​ ស្រប​តាម​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ឆ្នាំ ​២០២៣-២០២៨ ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ធានា​ដល់​កិច្ច​ការ​ពារ​ ថែរក្សា ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ដែល​មាន​នៅ​ក្នុងតំបន់​ការពារធម្មជាតិ​ទូទាំង​ប្រទេស​ចំនួន​ ៧៣ ​តំបន់ ​ដែល គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ជាង ​៧លាន​ហិកតា​ស្មើ​នឹង​៤០​ភាគ​រយ​ នៃ​ផ្ទៃ​ដី​ប្រទេស។

ថ្នាល​នេះ​មាន​ទំហំជាង​ ១​ហិកតា​ ដែល​​អាច​ផ្គត់ផ្គង់​កូន​ឈើបាន ​រហូត​ដល់​ទៅ​ជាង​៥០​ម៉ឺន​ដើម​សម្រាប់​ដាំ​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។ រូបថត ផាក់ ស៊ាងលី

ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​នេះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ថ្នាល​ចំនួន៥ ​ដែល​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​តែ​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​រួម​មាន​ ថ្នាល​ស្ថិត​ក្នុ​ងខេត្ត​ត្បូង​ឃ្មុំ ទំហំ​ជាង ៣​ហិកតា ដែល​មាន​សមត្ថភាព​បណ្តុះ​កូន​ឈើ​បាន​ជាង​ ១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ ថ្នាល​នៅ​ខេត្ត​សៀម​រាប កោះ​កុង​ និង​កំពង់​ស្ពឺ ។

​ថ្នាល​បណ្តុះ​កូន​ឈើ​នៅ​កំពង់ស្ពឺ​អាច​មាន​ទំហំ ​រហូត​ដល់​ទៅ​ពី​២០០ ទៅ ​៣០០​ហិកតា ​ដើម្បី​បណ្តុះ​កូន​ឈើ​ហើយ​យក​ទៅ​ដាំ​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​ផ្សេង​ៗ។

ថ្នាល​បណ្តុះកូន​ឈើនៅ​ខេត្ត​ត្បូង​ឃ្មុំ ​គឺ​ជា​ថ្នាល​ថ្នាក់​តំបន់​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​សាង​សង់ នា​ថ្ងៃ​ទី៨ ខែ​កញ្ញា​កន្លង​មក ហើយ​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​ជា​២០​ភាគ​រយ​ហើយ។

រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​លោក​អ៊ាង​ សុផល្លែត​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​ថ្នាល​នេះ​នា​ថ្ងៃ​អង្គារ​ ទី៨ ខែ​តុលា​នេះ។ លោក​បាន​ថ្លែង​ក្នុង​អំឡុង​ពេល​នោះ​ថា ថ្នាល​បណ្តុះ​កូន​ឈើ​ខ្នាត​ធំ​នេះ បាន​បំពាក់​ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ស្វ័យ​ប្រវត្តិ​ ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ​និង​ហេដ្ឋារ​ចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ​ដើម្បី​ឱ្យ​ក្លាយ​ជា​ថ្នាល​បណ្តុះ​កូន​ឈើ​គំរូ​មួយ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖«ការ​សាសង់​គ្រោង​នឹង​ឈាន​ទៅ​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាង​មុខ ​និង​ចូល​រួម​បណ្តុះ​កូនឈើ​នៅ​ទីនេះ​បាន​ជាង​១លាន​ដើម ​ឆ្ពោះទៅ​សម្រេច​តាម​ផែន​ការ ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​ទស្សន​វិស័យ​ប្រែ​ក្លាយ​កម្ពុជា ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០»៕