ភ្នំពេញៈ សហគមន៍ព្រៃឈើប្រាំបីមុមក្នុងខេត្តកំពង់ស្ពឺអំពាវនាវដល់សប្បុរសជនឱ្យជួយផ្តល់សម្ភារៈល្បាត ដើម្បី​បន្ត​ការ​ងារអភិរក្សសត្វព្រៃរាប់រយក្បាល និងធនធានធម្មជាតិផ្សេងៗទៀត សម្រាប់មនុស្សជំនាន់ក្រោយ។


សហគមន៍បានលើកឡើងថា អន្ទាក់នៅតែជាកត្តា គំរាមកំហែង ដល់ពពួកសត្វព្រៃ ដែល​ទាម​ទារ​ឱ្យ​គណៈ​កម្មការ​ស​ហគម​ន៍​១៤នាក់ ដាក់វេនគ្នាចុះល្បាតទាំងថ្ងៃ ទាំងយប់ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់បទល្មើស។

លោកសឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម បានឱ្យដឹងថា ការចុះល្បាតនោះ ធ្វើឡើងទាំង ក្នុងដីសហគមន៍ ទំហំ១ ២២១ ហិកតា ស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង និងតំបន់ជុំវិញព្រៃសហគមន៍​ ដែល​សត្វ​ព្រៃ​ដើរ​ឆ្លង​កាត់។


លោកបានឱ្យដឹងថា ក្រុមល្បាតកំពុងតែ ជួបប្រទះ ការលំបាក ក្នុងការចុះបំពេញការងារ​ ដូចជា ខ្វះសម្ភារៈល្បាត សំ​លៀក​បំពាក់ ថវិកាសម្រាប់ជួសជុលម៉ូតូ សម្រាប់ទិញម្ហូបអាហារ ជា​ពិសេស​ខ្វះខាត​ការ​ចំណាយ​​ទៅលើការ​ទិញ​សាំង​ចាក់​ម៉ូតូ​ល្បាត។ ក្នុងមួយខែៗ ពួកគាត់ត្រូវការសាំង រហូតដល់ទៅ៨កាន (២៤០លីត្រ) ខណៈ​ដែល​អង្គកា​រសម្ព័ន្ធ​មិត្ត​សត្វព្រៃ​​កំពុងជួយឧបត្ថម្ភ៣កានក្នុង១ខែ។

លោកបញ្ជាក់ថា៖«ចាប់ពីចុងខែកក្កដា រហូតដល់ខែធ្នូ យើងត្រូវការល្បាតទាំងថ្ងៃទាំងយប់ ដើម្បីដោះអន្ទាក់ការ​ពារ​សត្វ​ព្រៃ ព្រោះក្នុងអំឡុងពេលហ្នឹង ភ្លៀងធ្លាក់ ហើយសត្វព្រៃចេញច្រើន»។


ព្រៃសហគមន៍ប្រាំបីមុមមានសត្វព្រៃនៅសេសសល់រាប់រយក្បាល ជាពិសេសសត្វទន្សោង ខ្ទីង ឆ្កែចចក ឈ្លូស ជ្រូក​ព្រៃ កាំ​ប្រ​ម៉ា ពង្រូល និងក្ងោកជាដើម។ នេះបើយោងតាមលោកសឿន ឡាយ។

លោកថ្លែងដូច្នេះថា៖«បើអត់ល្បាតទេ មានបញ្ហាសត្វជាប់អន្ទាក់។ បើយើងដើរល្បាត ជនខិលខូច​មិនសូវហ៊ានដាក់​អន្ទាក់​ទេ។​ អញ្ជឹងយើងទាល់តែល្បាតជាប់រហូត។ ដោយសារតែយើងល្បាតទាំងថ្ងៃទាំងយប់បែបនេះហើយ ទើប​អន្ទាក់រាងស្បើយ មិនសូវមានដូចមុនទេ។ ភាគច្រើននៅមានតំបន់ក្បែរៗដីសហគមន៍»។

សហគមន៍បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា អន្ទាក់​ជា​អាវុធ​លាក់មុខ​ ដែលសម្លាប់​សត្វ​អត់​រើស​មុខ​ទេ។​ អស់រយៈពេលជាង​២០ឆ្នាំមកហើយ នៅតំបន់ក្រៅដែនអភិរក្ស នៅតែមានអន្ទាក់រហូត ដែលធ្វើឱ្យ​ជាប់សត្វ​ព្រៃ​របួស​ និង​​ងាប់​ មិន​ដែល​ខាន​ទេ ​ក្នុង​មួយ​ឆ្នាំ​ៗ។ ឧបសគ្គមួយទៀតរបស់ក្រុមល្បាត គឺ​មាន​ការ​ហាម​ឃាត់​ពី​ក្រុម​ហ៊ុន ​មួយ​នៅជាប់នឹងដីសហគមន៍ ​មិនឱ្យចេញចូលរុករកអន្ទាក់នោះទេ។

សហគមន៍បានសរសេរថា៖«ពួកគាត់នៅតែដើរល្បាតក្នុងដែនអភិរក្សជាប្រចាំថ្ងៃមិនដែលខកខានឡើយ។ ខ្ញុំបាទ​សូម​អំពាវនាវដល់សប្បុរសជន សូមជួយដល់ពួកគាត់ផង ព្រោះ​ធនធាន​ធម្មជាតិ​យើង​នៅ​តិច​តួច​ គាត់​ប្រឹង​អស់​ពី​កម្លាំង ​​កាយ​ចិ​ត្ត​មិនថា​យប់ ឬថ្ងៃ ភ្លៀងរលឹម ទាំងមិនមានប្រាក់ខែ ហើយក្រុមគាត់សុទ្ធតែខ្វះខាតនៅក្នុងក្រុមគ្រួសារ។  បើ​គាត់​អត់អភិរក្ស ខ្លាចបាត់បង់ធនធានធម្មជាតិ ជាពិសេសសត្វ ជីវ:ចម្រុះ»។

សហគន៍បានសំដែងក្តីបារម្ភថា៖«តើទៅថ្ងៃមុខវាទៅជាយ៉ាងណា? បើ​អន្ទាក់​ និង​ខ្សែ​ឆក់សម្លាប់​ សត្វ​ព្រៃ​នៅ​តែ​មាន​យ៉ាង​នេះ​ ទោះ​បី​ក្រុម​ល្បាត​សហគម​ន៍​ព្រៃ​ឈើ​ប្រាំបីមុម​យើង​ប្រឹង​ប្រែង​លុប​បំបាត់​ឱ្យ​អស់ ​តែ​វានៅ​មិន​អស់​សោះ​នោះ..»។

នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះ យុវជនមួយក្រុមគ្រោងនឹងទៅដាំដើមឈើ និង​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​ក្រុម​ល្បាត​ស​ហគ​មន៍​ប្រាំបីមុមនេះ។ ក្រុមយុវជនបានអំពាវនាវដល់សាធារណជនឱ្យជួយបរិច្ចាគដល់ក្រុមល្បាតសហគមន៍នេះ ដែល​មួយ​កញ្ចប់បរិច្ចាគ តម្លៃជាង៤ម៉ឺនរៀល៕