​សៀមរាប៖ នៅពេលដែល​ការ​រឹតបន្តឹង​ការធ្វើដំណើរ​អន្តរជាតិ​ត្រូវបាន​ដកចេញ ប្រទេស​កម្ពុជាត្រូវបាន​​មើលឃើញថា ​​មានការ​កើនឡើង​យឺតៗពីវត្ដមាន​​ភ្ញៀវទេសចរ​។​ ខណៈពេលដែល​ចំនួន​ភ្ញៀវទេសចរ​បរទេស​មិនទាន់បាន​ស្ទុះ​ងើប​ឡើងវិញ​ពេញលេញ​ដល់កម្រិត​​មុន​ការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត ទេសចរណ៍​ក្នុងស្រុក​បាន​ក្លាយជា​ខ្សែជីវិតថ្មី​​ ដែល​មិន​នឹកស្មាន​ដល់​។​


​​ប្រាសាទ​សំខាន់ៗ​រួមទាំង​​ប្រាសាទអង្គរវត្ត​ អង្គរធំ និង​បាយ័​ន​ជាដើម​ បាន​បង្ហាញ​ទិដ្ឋភាព​​​មគ្គុទ្ទេសក៍​អមដំណើរ​ភ្ញៀវ​​ក្នុងស្រុក​ដោយ​ការ​រៀប​រាប់​អំពី​ប្រវត្ដិសាស្ដ្រ​ ស្ថាបត្យកម្ម​សំណង់ និង​ ទម្រង់​សិល្បៈ​យ៉ាង​រស់​រវើក​។ ​

លោក មាស សុ​វណ្ណា​រ័ត្ន មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បាន​ឆ្លៀត​ចាប់​យក​ការងារ​​​ផ្សេងៗ​ដើម្បី​ជីវភាព​ នៅពេលដែល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​បំផ្លាញ​​វិស័យ​ទេសចរណ៍​​​។​


លោក​បាន​ចូលប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការលក់​គ្រឿង​ចក្រ​​កសិកម្ម ប៉ុន្តែ​ចំណង់​ចំណូលចិត្ត​របស់លោក​ក្នុង​អាជីព​មគ្គុទេសក៍មិន​បោះ​បង់​ឡើយ​។ នៅ​ឆ្នាំ២០២២ ពេលដែល​ទេសចរណ៍​ចាប់ផ្តើម​កម្រើកឡើងវិញ​ ​លោក​​បាន​ត្រឡប់​មកនាំភ្ញៀវ​ទៅឲ្យស្គាល់​​អតីតកាលដ៏រុងរឿង​របស់​កម្ពុជា​​​​វិញ​​។​

ប៉ុន្ដែ​មគ្គុទេសក៍​តែមួយ​មុខមិន​អាច​ធ្វើឱ្យ​លោក​ សុ​វណ្ណា​រ័ត្ន ទ្រទ្រង់​គ្រួសារ​បាន​ឡើយ ដោយ​លោក​បាន​បន្ថែម​​ការងារ​ក្រៅ​ម៉ោង​ជា​អ្នកបើកបរ Grab​។​


​លោក​បាន​ចែករំលែក​ថា​៖ «​​​ខែវិច្ឆិកា​បាននិងកំពុង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​យើង​ឡើង​វិញ​ខ្លះៗ​។ ​យើង​ទទួល​ការ​កក់​បា​ន​ច្រើន​គួរ​សម​ពី​ភ្ញៀវ​មកពី​បរទេស​»។ ​​

ទោះបីជា​យ៉ាងណាក៏ដោយ មគ្គុទេសក៍ជាច្រើន​ដែល​មិន​មាន​មុខ​របរ​បន្ថែម​ ពួកគេ​នៅតែ​ក្រាញ​ននាល​ការ​អាជីព​នាំ​ភ្ញៀវ​មើល​ប្រាសាទ​នេះ​ តាម​រយៈ​ការ​ស្វែងរក​​​មធ្យោបាយ​ថ្មីៗ ដោយ​តម្រង់ទិស​ទៅរក​​ភ្ញៀវទេសចរ​ជាតិ​។

​ការកើនឡើង​នៃ​ចំណាប់អារម្មណ៍របស់​ភ្ញៀវ​ដែល​មានបំណង​ចង់​ដឹង​ចង់​យល់​អំពី​ប្រវត្ដិរឿង​រ៉ាវ​នៅតាម​ប្រាសាទ​​នេះ បាន​ផ្ដល់​​អត្ថប្រយោជន៍​សម្រាប់​ទាំង​មគ្គុទ្ទេសក៍ និង​អ្នកទេសចរ​ក្នុងស្រុក​។​

ធ្លាប់តែ​មាន​ភ្ញៀវ​បរទេស​ទទួល​យក​សេវាកម្ម​មគ្គុទេសក៍​ ឥឡូវ​នេះ ភ្ញៀវទេសចរ​ក្នុងស្រុក​កាន់តែ​ចាប់អារម្មណ៍​ពីប្រវត្ដិសាស្ដ្រ​​ដ៏​សម្បូរបែប​របស់ប្រទេស​ជាតិ​ខ្លួន​​។​

លោក គា ស៊ី​ម៉ុ​ន មគ្គុទ្ទេសក៍​ដែលមាន​បទពិសោធន៍ ១៧ ឆ្នាំ សង្កេតឃើញ​ការចង់​ដឹង​ចង់ឃើញ​ថ្មី​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

មគ្គុទ្ទេសក៍ទេសចរណ៍បានបង្ហាញពីទីតាំងប្រាសាទនានាក្នុងប្រទេសកម្ពុជាដល់ភ្ញៀវទេសចរអន្តរជាតិ។ មន្ទីរទេសចរណ៍ខេត្តសៀមរាប

លោក​បាន​ពន្យល់ថា​៖ «​ភ្ញៀវ​ក្នុងស្រុក​ជាច្រើន​ឥឡូវ​ចង់​យល់​ពី​រឿងរ៉ាវ​នៅ​ពីក្រោយ​ចម្លាក់​ប្រាសាទ​របស់​យើង​​។​ ​ពួកគេ​ចាប់អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​បេតិកភណ្ឌ​ស្ថាបត្យកម្ម​របស់​យើង ដែល​ធ្វើ​​ឱ្យ​​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ​ទៅរមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​»។

លោក​បន្ដថា​៖ «ដើម្បី​ឱ្យ​បាន​ការងារ​ធ្វើ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ខ្លះ​ដល់​ភ្ញៀវ​ខ្មែរ​យើង ភាគច្រើន​មិនសូវបាន​និយាយ​រឿង​តម្លៃ​ទេ។ ចំពោះ​ពេលវេលា​នៃ​ការ​ដើរ​ផ្ដល់​មគ្គុទេសក៍​នេះ វា​អាស្រ័យ​ទៅលើ​ទីតាំង​ប្រាសាទ​ដែរ​​ដោយ​ប្រាសាទធំ​ត្រូវ​ការ​បរិយាយ​ច្រើន​ ខណៈ​ប្រាសាទ​ខ្លះ​តូច​មិនសូវ​សម្បូរ​ឯកសារ​រៀបរាប់​»។

ជាមួយ​បទពិសោធ​មគ្គុទេសក៍​ជាច្រើន​ឆ្នាំ លោក ស៊ីម៉ុន បាន​ឱ្យដឹងថា​កន្លងមក កម្រ​មាន​ភ្ញៀវ​ខ្មែរ​ត្រូវការ​មគ្គុទេសក៍​ទេស​ចរណ៍​ណាស់​ ដោយ​ពួកគេ​អាច​មិនសូវ​ចាប់​អារម្មណ៍​រឿង​ប្រវត្ដិសាស្ដ្រ និង​បញ្ហា​ថវិកា​។

យ៉ាង​ណាមិញ អំឡុង​ឆ្នាំ​២០២២ ក្រោយ​វិបត្ដិ​កូវីដ​-១៩ ទេសចរ​ខ្មែរ​ហាក់​មាន​ការចាប់​អារម្មណ៍​លើ​រឿង​ប្រវត្ដិសាស្ដ្រ​វប្បធម៌​ សំណង់ សាសនា និង​សិល្បៈ​ជាដើម។

លោក​បាន​និយាយថា៖ ​«ពួកគាត់​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​ថែរក្សា​វប្បធម៌​យើង​ ពេល​ពួកគាត់​ចង់​ចេះ​ចង់​ដឹង​ច្រើន​ពី​ប្រាសាទ​។ បើសិន​ជា​ពួកគាត់​មក​តែរូបថត ពួកគាត់​មិន​បានដឹង​ស៊ីជម្រៅ​ចំពោះ​ទិដ្ឋភាព​ជាក់ស្ដែង​នោះទេ ទោះបីជា​ពួកគាត់​បាន​សិក្សា​ពី​សៀវភៅ​យ៉ាង​ណាក៏ដោយ​»។

មគ្គុទេសក៍ទេសចរណ៍ លោក ស៊ីម៉ុន ទទួល​ស្គាល់​ថា លើសពី​ការទទួល​បាន​នូវ​ចំណេះដឹង​ផ្សេងៗ វត្ដមាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ក៏​ជួយ​ដល់​ជីវភាព​របស់​មគ្គុទេសក៍​វិញ​ផង​ដែរ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ជា​ធម្មតា ពេល​ខ្ញុំ​ប្រចាំការ​នៅ​ប្រាសាទ​បាយ័ន ការ​ដើរ​ភ្ញៀវ​ខ្មែរ​មួយ​ម៉ោង ឬ​ជិត​មួយ​ម៉ោង ពួកគាត់​ផ្ដល់​ឱ្យ​ពី ៥ម៉ឺន​ទៅ ៦​ម៉ឺន​រៀល​។ ភ្ញៀវ​ខ្លះ​ចិត្ដល្អ​អាច​ផ្ដល់​ឱ្យ​ដល់​ពី ២០ ទៅ ៣០​ ដុល្លារ​ដែរ។ បើយើង​ជូន​បរទេស យើង​ត្រូវ​និយាយពី​តម្លៃ​មុន។ ប៉ុន្ដែ​ភ្ញៀវ​ខ្មែរ​យើង ខ្ញុំ​គិត​ថា ពួកគាត់​ដៃ​ទូលាយ​ជាង ដោយ​ពួកគាត់​យល់​ពី​យើង ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​»។

មគ្គុទ្ទេសក៍ទេសចរណ៍មួយក្រុមបានបង្ហោះរូប Selfie អំឡុងពេលរង់ចាំអតិថិជនរបស់ពួកគេដែលធ្វើដំណើរជុំវិញប្រាសាទ។

លោក​ ខៀវ ធី ប្រធានសមាគមន៌មគ្គុទេសក៏ទេសចរណ៍​អង្គរ​ បាន​ឱ្យដឹងថា ស្ថានភាព​របស់​មគ្គុទេសក៍​នៅតែមាន​ការលំបាក​ និង​លំបាក​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។​

លោក​បាន​និយាយថា​៖ «​តាម​ពិត​ទៅ នៅខែ​១០​នេះ យើង​រំពឹង​ថា high season ចាប់​ផ្ដើម។ ប៉ុន្ដែ​វា​យ៉ាប់​ទៅវិញ high season ខែ​១០​ឆ្នាំ​ខ្សោយ​។ មគ្គុទេសក៍​ទេសចរណ៍​ជាច្រើន​បាន​ទទួល​ការ​កក់​ទុក​ដូច​ low season ខែ៨ និង​ខែ៩ ដែរ។​ ទាល់តែខែ​១១ យើង​មាន​ការ​កក់​ច្រើន​គួរ​សមបន្ដិច​»។

លោក ធី បាន​បន្ដថា ឆ្នាំនេះ ស្ថានភាព​ទេសចរណ៍​មកខ្សោយ​មែន​ទែន​ហើយ​ស្ថានភាព​ល្អ​បំផុត គឺមាន​តែ​វិច្ឆិកា​មួយ​ប៉ុណ្ណោះ​ ខណៈ​វា​នឹង​ថយចុះ​ទៅវិញចាប់​ពី​ខែ​ធ្នូ​ និង​មករា​តទៅ​ ដែល​ជា​ស្ថានភាពមិន​ល្អ​សម្រាប់​មគ្គុទេសក៍​។ ធៀបនឹង​ឆ្នាំ​២០២៣ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ២០​ថ្ងៃ​ក្នុង​មួយ​ខែ លោក ធី បាន​បញ្ជាក់ថា ឆ្នាំ​២០២៤នេះ លោក​ទទួល​ភ្ញៀវ​បានតែ ១២​ថ្ងៃ​ក្នុង​មួយ​ខែ​។ ស្ថានភាព​នេះ មាន​ប្រហាក់​ប្រហែល​គ្នា​សម្រាប់​មគ្គុទេសក៍​ដទៃ​ទៀត​។

ជាមួយការ​លើកឡើង​អំពី​ទិដ្ឋភាពជាក់ស្ដែង ក្រៅពីការងារ​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាង្គ​ប្រាសាទ​តិចតួច ប្រធាន​សមាគមន៍​ទេសចរណ៍​អង្គរ ដែល​មាន​សមាជិក​ជាង ២០០​នាក់​រូប​នេះ បាន​ឱ្យ​ដឹងថា នៅ​តាម​ផ្សារ​ចាស់​ ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​ មាន​ចំនួន​ភ្ញៀវ​តិចតួច​ជាង​ឆ្នាំ​មុន​។

លោក ធី​ បាន​និយាយថា​៖ «​ចំនួន​មគ្គុក៍​ទេស​មាន​ការ​ថយ​ចុះ​ចាប់​តាំងពី​កូវីដ​-១៩មក ដោយ​អ្នក​ខ្លះ​ផ្លាស់​ប្ដូរ​មុខ​របរ​ថ្មី​។ ​មគ្គុក៍​ទេស​យើង​មួយ​ក្រុម​ឈរ​ចាប់​ភ្ញៀវទាំង​បរទេស និង​ខ្មែរ​​នៅ​មុខ​អង្គរ​តាម​ដែល​អាច​ធ្វើ​ទៅបាន​»។

ដោយ​មិន​មាន​ការ​កក់​សម្រាប់​ដំណើរ​ជូន​ភ្ញៀវ​ ទីផ្សារ​មគ្គុទេសក៍​តូច​ចង្អៀត ពួកគេ​ត្រូវ​ចេញ​ដើរ​រកភ្ញៀវ​ដោយ​ខ្លួន​ឯង​នៅតាម​ប្រាង្គ​ប្រាសាទ​នានា ជាពិសេស ប្រាសាទ​អង្គរ​វត្ដ​។ កត្ដានេះ បាន​ក្លាយជា​ឱកាស​ទាំង​សម្រាប់​ភ្ញៀវ​ជាតិ និង​មគ្គុទេសក៍​ខ្លួន​ឯង​ក្នុង​ការ​ចាប់យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ ដោយ​ភ្ញៀវ​ជាតិ ដែល​ធ្លាប់តែមិនខ្វល់​ខ្វាយ​រឿង​ការ​រៀបរាប់​អំពី​ដំណើរ​រឿង​ប្រវត្ដិសាស្ដ្រ​ទទួល​បាន​ការ​យល់​កាន់តែ​ច្បាស់​អំពី​ចម្លាក់​ប្រាសាទ ខណៈ​មគ្គុទេសក៍​នៅតែ​អាច​រក្សា​អាជីព​របស់ខ្លួន​។

លោក ធី​ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​សង្ឃឹមថា វិស័យ​ទេសចរណ៍​យើង​អាច​កើន​មកវិញ។ ប៉ុន្ដែ​មាន​ការ​វិភាគ​ខុស​ដែរ​ ដោយ​ថា ឆ្នាំ​២០២៥ អាច​កើន​ដូច​ឆ្នាំ​២០១៩​។ ជាក់ស្ដែង ឆ្នាំ​២០២៥ នៅស្អែក​ខានស្អែក​ហើយ ដូច​ជា​អត់​ឃើញ​កើន​សោះ»​។

លោក​បាន​បន្ដថា​៖ «​មគ្គុទេសក៍ប្រមាណ​ ៥០​នាក់​នោះទេ​​អង្គុយ​នៅមុខ​អង្គរ ដោយសារតែ​អត់មាន​លុយ​កាក់​ ទើប​ពួកគាត់​សុខ​ចិត្ដ​ធ្វើ​បែប​នេះ ទោះដឹងថា ខុស​វិជ្ជាជីវៈ និង​មិនសមរម្យ​ដែរ​»។

គោលបំណង​របស់​ពួកគេ​អាច​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្ដរជាតិ​ ជាប្រភេទភ្ញៀវ​ទេសចរ​សម្ពាយ​។ ថ្វីបើ​មានការ​កើនឡើង​ទាំងនេះ​ក៏ដោយ ក៏​ភ្ញៀវ​ទេសចរស្រុក​​កំពុង​បំពេញ​ចន្លោះប្រហោង​កាន់តែ​ច្រើនឡើង ដោយ​ជំរុញ​ឧស្សាហកម្ម​តាមរយៈ​ការ​ចង់ដឹង​ចង់ឃើញ​ពី​ប្រវត្តិសាស្ត្រ និង​មោទនភាព​ជាតិ​។​

លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍​ខេត្ដ​សៀមរាប បាន​ឱ្យដឹងថា លោកគិតថា វាជា​រឿង​ល្អ ដែល​មគ្គុទេសក៍​ទេសចរណ៍​ផ្ដល់​សេវាកម្ម​ជូន​ដល់​ភ្ញៀវ​ក្នុង​ស្រុក ជាពិសេស សិក្សា​នុសិស្ស​មកពី​បណ្ដា​ខេត្ដ​ផ្សេងៗ។

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «ពេល​ប្អូន​ៗ​សិស្ស​-និស្សិត​ទទួលបាន​ការ​ពន្យល់​ពី​មគ្គុទេសក៍​ល្អៗ​ ពួកគេ​អាច​បង្កើន​ចំណេះដឹង​ពី​ប្រវត្ដិសាស្ដ្រ​របស់​យើងពិតប្រាកដ​ ដូចជា រឿង​រ៉ាវ​មហាក្សត្រ​កាន់​លទ្ធិ​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា​ រចនាប័ទ្ម​ប្រាសាទ ស្ថាបត្យកម្ម រឿង​ទេវកថា​ និង​បញ្ហា​សង្គ្រាម​ផ្សេងៗ ដែល​មាន​ចារ​នៅ​ក្នុង​ប្រាសាទ​នីមួយៗ​»។

លោក​បាន​បន្ដថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​យល់ច្បាស់ និង​ស្រឡាញ់​វប្បធម៌​របស់​ខ្លួន​កាន់តែខ្លាំង។ បច្ចុប្បន្ននេះ មគ្គុទេសក៍​ទេសចរណ៍​ប្រកប​របរ​របស់​ពួកគេ​ឡើង​វិញ​ច្រើន ហើយខណៈ​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​មិន​ទាន់​ខ្លាំង ពួកគេ​ងាក​ទៅ​រក​ភ្ញៀវ​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ការ​ងារ​របស់​ពួកគេ​ល្អ​ប្រសើរ។

មគ្គុទ្ទេសក៍ទេសចរណ៍បានដើរជាមួយភ្ញៀវទេសចរក្នុងស្រុកនៅប្រាសាទអង្គរវត្ត។ មន្ទីរទេសចរណ៍ខេត្តសៀមរាប

ផលវិបាក​នៃ​ជំងឺ​រាតត្បាត និង​ការ​ស្តារវិស័យ​ទេសចរណ៍​ឡើងវិញ​

វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដែល​ធ្លាប់បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​​ បាន​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង នៅពេលដែល​ជំងឺ​រាតត្បាត​បាន​វាយប្រហារ​។​

ក្នុង​ឆ្នាំ២០១៩ វត្ដមាន​​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​លើសពី ៦,៦ លាន​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ ចំនួន​នេះ​បាន​ធ្លាក់​ចុះមក​នៅក្រោម ២០​ម៉ឺន​នា់​ ដោយសារតែ​ការ​រឹតបន្តឹង​ការធ្វើដំណើរ និង​ការព្រួយបារម្ភ​អំពី​សុខភាព​ពិភពលោក​។​

ការបិទខ្ទប់​បាន​ជះ​ឥទ្ធិពល​ខ្លាំង​បំផុតលើ​អាជីវកម្ម​​សណ្ឋាគារ ភោជនីយដ្ឋាន និង​អាជីវកម្ម​ទេសចរណ៍​​ ដែលបង្ខំ​​ឱ្យ​​​មគ្គុទ្ទេសក៍​ទេសចរណ៍​ត្រូវ​ស្វែងរក​ប្រភព​ចំណូល​ថ្មី​ជំនួស​។​

យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០២៣ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ចាប់ផ្តើម​ស្ទុះ​ងើប​​នៅពេលដែល​ការធ្វើដំណើរ​បានចាប់ផ្តើម​ឡើងវិញ ដោយ​ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​​ត្រឡប់​ទៅកាន់​ទីតាំង​ល្បីៗ ​ដូចជា​ប្រាសាទអង្គរវត្ត​។​

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង ៣២ភាគរយ នៅ​ដើមឆ្នាំ ២០២៤ បើ​ធៀប​នឹង​ឆ្នាំមុន​។​

យុទ្ធនាការ «ព្រះរាជាណាចក្រ​អច្ឆរិយៈ​» រួម​ជាមួយនឹង​គោលនយោបាយ​ទិដ្ឋាការ​ថ្មី​របស់​កម្ពុជា បាន​បង្ហាញ​ពី​ភាព​ជោគជ័យក្នុង​ការ​រុញ​ច្រាន​​ប្រទេស​នេះ​​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​វប្បធម៌ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​។​

ការបើក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ​នាពេល​ថ្មីៗ​នេះ​បាន​ជំរុញ​ទេសចរណ៍​ក្នុង​តំបន់​បន្ថែមទៀត​។​​ក្នុង​ឆ្នាំ​ដំបូង​ អាកាសយានដ្ឋាន​បាន​គ្រប់គ្រង​អ្នកដំណើរ​ជាង ១,៣​ លាន​នាក់ ​​រួម​ជាមួយនឹង​ការបង្កើន​ហេដ្ឋារចនាសម្ព័ន្ធ និង​ជម្រើស​កន្លែង​ស្នាក់នៅ​ថ្មីៗ បានធ្វើឱ្យ​ខេត្តសៀមរាប​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ក្នុងស្រុក​៕