ភ្នំពេញ៖ អ្នក​ប្រកបរបរ​​ក្រៅប្រព័ន្ធ​​កម្ពុជា មាន​ប្រមាណជាង​ ៨០ភាគរយ​នៃ​កម្លាំង​ពលកម្មសរុប​ ដែល​​រួមទាំង​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ កម្មករសំណង់ និង​អ្នកបើក​ស៊ីក្លូ រ៉ឺម៉ក ​បង្កើតបានជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។


ទោះបីជា​មានការ​រួមចំណែក​របស់​ពួកគេ​ក៏ដោយ ក៏​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​តែងតែ​ខ្វះ​ការការពារ​សំខាន់ៗ​ដែល​ធានា​សុវត្ថិភាព​ការងារ ការថែទាំ​សុខភាព និង​ការគាំទ្រ​សង្គម ដែល​ទុកឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ក្នុង​គ្រា​មាន​វិបត្តិ​។​

ដោយ​ទទួលស្គាល់​ពី​តម្រូវការ​នេះ រដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បិទ​គម្លាត​នេះ ដោយជួយ​ដល់​អ្នក​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​។​


លោក កត្ដា អ៊ន​ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ថ្លែង​ថា៖ «រាជរដ្ឋាភិបាលបានចេញគោលនយោបាយលើកកម្ពស់សុខមាលភាពបងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈកិច្ចជំនួយគាំពារសង្គមក្នុងការស្តាសេដ្ឋកិច្ច និងជីវភាពបងប្អូនឱ្យប្រសើរឡើង ជាពិសេសចាប់តាំងពីសម័យកូវីដ-១៩»។

យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​រួមមាន​ការចុះឈ្មោះ​បុគ្គល​ដែលមាន​ការងារ​ធ្វើ​ដោយ​ខ្លួនឯង​នៅក្នុង​របរ​ក្រៅប្រព័ន្ធ​ក្រោម​បេឡាជាតិ​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​.)​។​


លោក កត្ដា​ អ៊ន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាបុគ្គលស្វ័យនិយោជន៍ក៏ទទួលបានការចុះឈ្មោះជាសមាជិក (​ប​.​ស​.​ស​.)​ ផងដែរ។ គិតត្រឹមដើមខែ វិច្ឆិកា​នេះ មានសមាជិក (​ប​.​ស​.​ស​.)​ ជាបុគ្គលស្វ័យនិយោជន៍ចំនួន ៤០៨ ៦៦៨ នាក់»។

គំនិត​ផ្តួចផ្តើម​នេះ​មិន​ត្រឹមតែ​ស្វែងរក​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​កសាង​ភាព​ធន់​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ ពេលសំដៅលើ​ការ​ងើបឡើង​វិញ និង​បញ្ហា​ប្រឈម​នៃ​កំណើន​នាពេល​អនាគត​។​

ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចកម្ពុជា​​

បុគ្គល​​រាប់លាន​នាក់​ត្រូវបាន​ចាត់​ទុក​ជា​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ ហើយ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ​មាន​ប្រហែល ២​ភាគ ៣ នៃអ្នក​ប្រកប​របរ​ក្រៅប្រព័ន្ធ​ក្នុង​​ពិភពលោក​ប្រមាន ១,៣​ ពាន់​លាន​នាក់​។​

នៅ​អាស៊ី​ខាងត្បូង សមាមាត្រ​នៃអ្នក​ប្រកប​របរ​ក្រៅប្រព័ន្ធគឺ ៨៧ ភាគរយ ហើយ​សូម្បីតែ​នៅ​អាស៊ី​បូព៌ា​ក៏មាន ៥០ ភាគរយ​ដែរ​។ នៅ​​​ប្រទេស​តុង​ហ្គា មាន​ចំនួន​ ៩៧ ភាគរយ តែ​​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​តែ​ ២៧ ភាគរយ​។​

«នៅក្នុង​ប្រទេស​កម្ពុជា ភាគរយ​នៃអ្នក​ប្រកប​របរ​ក្រៅប្រព័ន្ធ​គិត​ត្រឹម​ឆ្នាំ២០១៩​ គឺ ៨៨​ភាគរយ​»។​ នេះ​បើ​យោងតាម​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​តំបន់​ឆ្នាំ២០២៨ ការបង្កើត​អនាគត​របស់​យើង​៖ ទិសដៅ​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​មនុស្ស​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ផ្ដោតលើ​ប្រទេស​កម្ពុជា​​​។​

របាយការណ៍របស់អង្គការពលកម្ម​អន្ដរជាតិ​ (ILO) ខែមីនា ឆ្នាំ ២០២៤​ បានបង្ហាញថា ៨៨,៣ ភាគរយនៃកម្លាំងការងាររបស់ប្រទេសកម្ពុជា ប្រហែល ៦,៩​ លាននាក់ នៃកម្លាំងការងារសរុប ៧,៩​ លាននាក់ ត្រូវបានជួលក្រៅផ្លូវការ និងមិនរួមចំណែកដល់បេឡាជាតិរបបសន្តិសុខសង្គម ដែលថយចុះបន្តិចពី ៩៣ ភាគរយក្នុងឆ្នាំ ២០១២​។

អ្នកលក់ដូរ​តាម​ដងផ្លូវ អ្នកបើក​រ៉ឺម៉ក កម្មករសំណង់ និង​កសិករ​ខ្នាតតូច​តែងតែ​ធ្វើការ​ដោយ​គ្មាន​កិច្ចសន្យា ម៉ោង​កំណត់ ឬ​ប្រាក់ចំណូល​ដែល​អាច​ព្យាករណ៍​បាន​។​

សម្រាប់​បុគ្គល​ទាំងនេះ «​ថ្ងៃ​ធ្វើការ​ទៀងទាត់» គឺជា​ឱកាស​មាស​សម្រាប់​ពួកគេ​​។ ប៉ុន្ដែ​ពួកគេ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដែល​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​រាតត្បាត និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​

ដូចដែល​បាន​រៀបរាប់​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ២០២៤​ របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​តំបន់ អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ប្រឈមមុខ​នឹង​ឧបសគ្គ​​​ចំពោះ​កិច្ច​ការពារ​សង្គម និង​សន្តិសុខ​សេដ្ឋកិច្ច​។​

អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធនៅ​​កម្ពុជា ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រក្សា​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច ជារឿយៗ​ខ្វះ​អត្ថប្រយោជន៍​សុខភាព ផែនការ​ប្រាក់​សោធន​និវត្តន៍ ឬ​ការការពារ​ផ្លូវ​ការដែល​នឹង​ផ្តល់​សំណាញ់​សុវត្ថិភាព​ក្នុងពេល​មាន​ជំងឺ ឬ​ចូលនិវត្តន៍​។​

ទោះយ៉ាងណា​ក៏ដោយ មានគំនិត​ផ្តួចផ្តើម​ដ៏​ជោគជ័យ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ចុះឈ្មោះ​កម្មករនិយោជិត​ខ្លួនឯង ទៅក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​។​

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ស្របតាម​និន្នាការ​ក្នុង​តំបន់​ឆ្ពោះទៅរក​ការបញ្ជ្រាប​ការអភិវឌ្ឍន៍​មនុស្ស និង​យុទ្ធសាស្ត្រ​កំណើន​ឡើងវិញ ដូចដែល​បាន​ណែនាំ​នៅក្នុង​របាយការណ៍ UNDP​។​

របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ការពារ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដែលជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​គាំទ្រ​ដល់​ភាព​ធន់​នឹង​សេដ្ឋកិច្ច​រយៈពេល​វែង និង​សមភាព​សង្គម​នៅ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក​។​​

ការទទួលបាន​ការការពា​រ​សង្គម​ក្នុងចំណោម​អ្នកធាក់​ស៊ីក្លូ​

ក្នុងចំណោម​ក្រុម​ដែល​មើលឃើញ​អត្ថប្រយោជន៍​ជាក់ស្តែង​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​នាពេល​ថ្មីៗ​នេះ គឺ​អ្នករត់​ស៊ីក្លូ​ក្នុង​ទីក្រុង​ភ្នំពេញ ​ជា​មុខ​របរ​​​​​សម្បូរ​​បុរស​វ័យ​ចំណាស់​ដែល​ពឹង​ផ្អែកលើ​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​បរទេស​។​

អ្នក​ធាក់​​ស៊ីក្លូ៨០ភាគរយ​ចំណោម​សមាជិក​សមាគម​ស៊ីក្លូ​ជាង ៣០០​នាក់ ​​ទទួល​បាន​សេវាកម្ម​ពិសេស តាម​រយៈ​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល។ រូបថត ហុង រស្មី​

លោក អ៊ីម សម្បត្ដិ ប្រធានសមាគម​ស៊ីក្លូ​កម្ពុជា បាន​ឱ្យដឹងថា សមាជិក​ភាគច្រើន​នៃ​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​ក្នុង​សមាគម​ បាន​ទទួល​កិច្ចគាំពារ​សង្គម​ពីរាជរដ្ឋាភិបាល​។

សមាជិក​ស៊ីក្លូជាង ៣០០​នាក់ ដែល​ពឹងអាស្រ័យលើ​ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​បរទេស​ ភាគច្រើន​ជា​បុរស​វ័យ​ចំណាស់​ ដែល​ផុត​អាយុ​ប្រើ​ប្រាស់​សេវាកម្ម​បេឡាសន្ដិសុខសង្គម (បសស)។ ប៉ុន្ដែ​ពួកគេ​ទទួល​បាន​សេវាកម្ម​ពិសេស តាម​រយៈ​ប័ណ្ណ​សមធម៌​។

លោក សម្បត្ដិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា៖ «​ពួកគាត់​ទទួល​បាន​ប័ណ្ណ​សមធម៌​ជាង ៨០ភាគរយ​ពី​រាជរដ្ឋាភិបាល​»។

​ប័ណ្ណ​សមធម៌​ទាំងនេះអាច​ឱ្យ​ពួកគេ​ស្វែងរក​​ការថែទាំ​សុខភាព និង​សេវា​មូលដ្ឋាន​ផ្សេងទៀត ​ជា​ជំហាន​តូច​មួយ​តែ​​សំខាន់​ឆ្ពោះទៅរក​ការធានា​នូវ​ជីវភាព​រស់នៅ​រប​ស់​អ្នកធាក់​ស៊ីក្លូ។​

សម្រាប់​អ្នកធាក់ស៊ីក្លូ​​វ័យ​ចំណាស់ អត្ថប្រយោជន៍​ទាំងនេះ​ផ្តល់នូវ​រង្វាស់​សុវត្ថិភាព ដែល​អនុញ្ញាតឱ្យ​ពួកគេ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដែល​ពួកគេ​ប្រហែលជា​មិនមាន​លទ្ធភាព​ទិញ​​។​

ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ដែលមាន​រយៈពេល​យូរ​

ទោះបីជា​មានការ​ជឿនលឿន​ទាំងនេះ​ក៏ដោយ ក៏អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​​​ជាច្រើន​នៅតែ​ប្រឈមមុខ​នឹង​បញ្ហាមួយ​ចំនួន​​។ កង្វះ​ក្របខ័ណ្ឌ​រចនាសម្ព័ន្ធ​សម្រាប់ពួកគេ ​មានន័យថា បរិមាណ​ដ៏​ច្រើន​នៅតែ​ត្រូវបាន​ដកចេញ​ពី​សំណាញ់​សុវត្ថិភាព​ផ្លូវការ​។​

ជា​ឧទាហរណ៍ ខណៈពេល​ដែលមាន​វឌ្ឍន​ភាព​ក្នុងការ​ចុះឈ្មោះ​បុគ្គល​ដែលមាន​ការងារ​ធ្វើ​ដោយ​ខ្លួនឯង​ ឬ ស្វ័យនិយោជន៍ ក្រោម (ប.ស.ស.) អ្នកប្រកប​របរ​ក្រៅ​ប្រព័ន្ធ​​​ភាគច្រើន​នៅតែ​បន្តដំណើរ​ការ​ដោយ​គ្មាន​ការចុះឈ្មោះ​ជា​ផ្លូវការ ឬ​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​។​

យោងតាម​របាយការណ៍​របស់ UNDP បានឱ្យដឹងថា៖ «​​នៅពេល​​ស្វែងរក​ការដោះស្រាយ​បញ្ហា​គម្លាត​នេះ កម្ពុជា​គយរ​មើល​ពី​មេរៀន​នៃ​​ប្រទេសជិតខាង ​ក្នុង​ការ​​ពង្រីក​កិច្ច​ការពារ​ដល់អ្នកប្រកប​របរ​ក្រៅ​ប្រព័ន្ធ»។

​របាយការណ៍​នេះ​ បាន​ឱ្យដឹង​ថា ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ​បាន​ត្រួសត្រាយ​ផ្លូវ​​ដែល​អនុញ្ញាតឱ្យអ្នកប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ការថែទាំ​សុខភាព និង​មូលនិធិ​សោធន​និវត្តន៍​។​

របាយការណ៍​បាន​ពន្យល់ថា៖ «​ការរួមបញ្ចូល​បច្ចេក​វិទ្យា និង​សេវា​ធនាគារ​តាម​ទូរស័ព្ទ​អាចមាន​ប្រសិទ្ធភាព​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អត្រា​ប្រើ​ប្រាស់​​ទូរស័ព្ទ​ចល័ត​​កម្រិត​ខ្ពស់ ហើយ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​បាន​ក្លាយជា​រឿង​ធម្មតា​»។​

មាគ៌ា​ឆ្ពោះទៅរក​ការរីកចម្រើន​រួម

ចំណាត់ការ​របស់​កម្ពុ​ជា​ក្នុងការ​បញ្ចូលអ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​​ទៅក្នុង​គម្រោង​គាំពារ​សង្គម​របស់ខ្លួន​តំណាងឱ្យ​ជំហាន​ឆ្ពោះទៅរក​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​កាលពី​ខែតុលា​ឆ្នាំមុន រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ២០២៣​-២០២៨ ដែលមាន​គោលបំណង​លើកកម្ពស់​ការការពារ ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​​ រូបថត ភ្នំពេញ​ប៉ុស្ដិ៍

តាមរយៈ​ការធានា​សុខុមាលភាព​នៃ​កម្លាំង​ពលកម្ម​ក្រៅប្រព័ន្ធ​ រដ្ឋាភិបាល​មិន​ត្រឹមតែ​ការពារ​ផ្នែក​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​សង្គម​ប្រកបដោយ​សមធម៌​ថែមទៀត​។​

​របាយការណ៍​របស់ UNDP សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​កំណើនបរិយាប័ន្ន​ ដែល​ផ្តល់​អាទិភាព​ដល់​ប្រជាជន និង​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​សង្គម មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។​

លើសពីនេះ ការពង្រីក​ការការពារ​ដល់អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​អាចមាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​។​

របាយការណ៍​នេះ​បាន​បង្ហាញ​ថា៖ ​«​ឧទាហរណ៍​ការផ្តល់​ការថែទាំ​សុខភាព និង​ការគាំទ្រ​ប្រាក់ចំណូល កាត់បន្ថយ​លទ្ធភាព​នៃ​កម្មករនិយោជិត​ដែល​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ​ដោយសារ​ជំងឺ ឬ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច រួមចំណែក​ដល់​សេដ្ឋកិច្ច​ដែលមាន​ភាព​ធន់​ជាង​មុន»​។

​ក្នុង​រយៈពេល​វែង គំនិត​ផ្តួចផ្តើម​ទាំងនេះ​ក៏​អាច​គាំទ្រ​ដល់​ផលិតភាព និង​ស្ថិរភាព​សេដ្ឋកិច្ច ដោយ​បង្កើត​កម្លាំង​ពលកម្ម​ដែលមាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ជាង​មុន​។​

កាលពី​ខែតុលា​ឆ្នាំមុន រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ២០២៣​-២០២៨ ដែលមាន​គោលបំណង​លើកកម្ពស់​ការការពារ ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

គំនិត​ផ្តួចផ្តើម​នេះ​ស្វែងរក​ការលើកទឹកចិត្ត និង​ព​ន្លឿ​ន​ការធ្វើសមាហរណកម្ម​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទៅក្នុង​សេដ្ឋកិច្ច​ផ្លូវការ ស្របតាម​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ពេញលេញ​​​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​​ក្នុង​ពិធី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ថា គោលបំណង​គឺ​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​ចុះឈ្មោះ​ឱ្យមាន​លក្ខណៈ​ផ្លូវការ ដើម្បីឱ្យ​រាជរដ្ឋាភិបាល​អាច​គ្រប់​គ្រង​ទិន្នន័យ​បានច្បាស់លាស់ និង​ដាក់ចេញ​អន្តរាគមន៍​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​​ ទាន់​ពេលវេលា ​និង​ចំគោលដៅ​។​

យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ផែនទី​បង្ហាញផ្លូវ​ដែលមាន​គោលដៅ​សំខាន់​ចំនួន ៤ ដើម្បី​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​កម្ពុជា​ទៅជា​ប្រព័ន្ធ​ផ្លូវការ​។

គោលដៅ​ទី១ បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ​និយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System) មុន នឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

គោលដៅ​ទី២ ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ​ក៏ដោយ។

គោលដៅ​ទី៣ ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ​ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញលេញក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

គោលដៅ​ទី៤ លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំង អត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គ​ពាក់ព័ន្ធ៕