ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ទៅ​លើ​​សំណុំ​រឿង​​ព្រហ្មទណ្ឌចំនួន២ ក្នុង​ចំណោម​សំណុំ​រឿង​ ៣ ដែល​ពាក់​ព័ន្ធ​និង​​ជន​ត្រូវ​ចោ​ទឈ្មោះ ស្រី ស៊ីណា។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​បាន​ឱ្យ​ដឹង​ថា សាលា​​ដំ​បូងរាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​​មិថុ​នា ឆ្នាំ២០២៤ បាន​ទទួល​ចាត់​ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​និង​ជន​​ត្រូវ​​ចោទ​ឈ្មោះ ស្រី ស៊ីណា ចំនួន ៣ សំណុំរឿង។

ក្នុងនោះរួមមាន (១) សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១​ ចុះ​ថ្ងៃ​ទី ១៩ ​ខែមិថុនា ឆ្នាំ ២០២៤ ពីបទ ឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត (២) សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤០៥៩ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។


ចុងក្រោយ (៣) សំណុំរឿង ព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ពី​បទ រំលោភ​លើ​លំ​នៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ ២៦ ផ្លូវលេខ P-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។

បទល្មើសព្រហ្មទណ្ឌ នេះមានចែង និងផ្តន្ទា​ទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា និង​មាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។


សាលាដំបូងបញ្ជាក់ថា៖«ចំពោះសំណុំរឿងទី ១ និងទី ២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរ​ដោយ​ម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូន​សំណុំរឿងព្រហ្មទណ្ឌទាំង ២ ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅ​ជំ​នុំជម្រះលេខ ៦៧៨៧...និងលេខ ៦៧៨៨...ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយតុលាការ នឹង​កំណត់​កាល​បរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ»។

រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាន និងកំពុង ត្រៀមបិទការស៊ើបសួរ ដើម្បី​បញ្ជូនសំណុំ​រឿងទៅ​ជំនុំ​ជម្រះ តាមនីតិវិធីច្បាប់។

សេចក្តីប្រកាស ក៏បានឱ្យដឹងផងដែរថា សាលាដំបូងរាជធានីភ្នំពេញ ក៏បាន ទទួលចាត់​ការសំណុំ​រឿង​រដ្ឋ​ប្ប​វេណី ដែលភាគីដើមបណ្តឹងរដ្ឋប្បវេណីជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យ​សុំដី​កាស​ម្រេច​រក្សា​ការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា។​

តុលាការ​បាន​ចេញ​ដី​កាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិនោះតាមការស្នើសុំរបស់ភាគី ដើម​បណ្តឹង​រដ្ឋប្ប​វេណី។

ទោះយ៉ាងណា ក្រោយមកមានបណ្ដឹងតវ៉ារបស់តតិយជន (​ជនទីបី ដែល​មិន​មែន ​ជាភាគី​ក្នុង​រឿង​ក្តី​)​លើ​ការ​សម្រេចរបស់តុលាការពាក់ព័ន្ធនឹងដីចំនួន ១​ កន្លែង។ តុលាការកំពុង​ចាត់ការតាមនីតិវិធីច្បាប់ ទៅលើ​សំណុំ​រឿង​រដ្ឋប្បវេណីទាំង ២ នេះ។

ចំពោះសំណុំរឿង បទឃាតកម្ម​ ជនល្មើស​អាចជាប់​ទោស​ដាក់​ពន្ធ​នាគារ​ពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ ខណៈ​ដែល បទប៉ុន​ប៉ងឃាត​កម្ម អាចជាប់​ទោសដាក់​ពន្ធនា​គារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ និង​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ អាច​ជាប់​ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ រីឯ បទ​ រំលោភ​លើលំនៅ​ឋាន ​​អាចនឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ខែ ទៅ​ ១ ឆ្នាំ។

ឈ្មោះ ស្រី ស៊ីណា កាលពីកាល​ពី​ថ្ងៃ​ទី ​១៧ ខែ​មិថុនា​កន្លងមកបាន​ទៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឡុង លីសុង ដើម្បី​សួរ​នាំ​ជម្លោះ​ជាមួយ​ឈ្មោះ សាន ស្រីពេជ្រ ដែល​ជា​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន រឿងកាប់​មែកស្វាយ, វាយ​កម្ទេច​ផើង​ផ្កា និង​រឿង​ដាក់​ស្នួខោ​អាវ​លយ​ចូល​បរិវេណ​ផ្ទះ​ឈ្មោះ ឡុង លីសុង។

ការទៅសួរនាំនេះបាន​ឈាន​ដល់​ជម្លោះ​ពាក្យ​សម្តី ហើយ ឈ្មោះស៊ីណា ក៏​បាន​ដក​កាំភ្លើង​ខ្លី​ពី​ចង្កេះ​បញ្ចូល​គ្រាប់ ​បាញ់​ប្រហារ​ជាច្រើន​គ្រាប់​ទៅ​លើ​ជន​រងគ្រោះ​។

ក្នុងនោះ បាន​បណ្តាល​ឱ្យ​ឈ្មោះ ឡុង លីសុង ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​បាញ់​ឈ្មោះ ឃីម កញ្ចនា ជា​គូ​ដណ្តឹង​ចំនួន ៣ ​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ក្រៅពី​នោះ​ឈ្មោះ ស្រី ស៊ីណា ​ក៏​បាន​បាញ់​ទៅ​លើ​មនុស្ស​ប្រុស ២​ នាក់​ទៀត​ជា​ច្រើន​គ្រាប់ ដែលបណ្តាល​ឱ្យ​រងរបួសផងដែរ៕