ភ្នំពេញ៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ស្តីពី​ការ​ផ្តល់សេវា​រដ្ឋបាល​ស្ដីពី​​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​​ក្នុងការ​ទទួលបាន​សេវា​ប្រកប​ដោយ​​ត្រឹមត្រូវ និង​សុវត្ថិភាព។


សេវា​រដ្ឋបាល​លើ​ការផ្ទៀងផ្ទាត់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល បញ្ជាក់​អត្តសញ្ញាណ​បុគ្គល និង​បញ្ជាក់​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដែល​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ ត្រូវបាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល​។

អន្ដរក្រសួង​បានដាក់​ចេញ​នូវ​ការ​បរិយាយ ៧ ចំណុច​ទាក់ទងនឹង​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គលចាប់ពី​កម្រិត​មួយ​ដល់​កម្រិត​ ៤ រួមទាំង ការ​បញ្ជាក់​អត្ដសញ្ញាណ​បុគ្គល​ រហូត​ដល់​សេវា​ពិនិត្យ​បច្ចុប្បន្នភាព​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ប្រចាំឆ្នាំ។ 


យោង​តាម​ប្រកាស​អន្ដរក្រសួង​បាន​ឱ្យដឹងថា៖ «​ការផ្ទៀងផ្ទាត់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​កម្រិត ១ (តម្លៃ​ ១០០០ រៀល យក​ភ្លាមៗ​ ដែល​មាន​សុពលភាព​មួយ​ប្រតិបត្ដិការ​) ប្រើប្រាស់​សម្រាប់​ការផ្ទៀងផ្ទាត់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​មូលដ្ឋាន ក្នុង​លក្ខ​ខណ្ឌ សន្ធានកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមរយៈ​ផ្ទាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា រាប់​តែ​ចំនួន​ប្រតិបត្តិ​ការដែល​ជោគជ័យ​ប៉ុណ្ណោះ​»។

​ទិន្នន័យ​ផ្ទៀងផ្ទាត់ រួមមាន គោត្តនាម និង​នាម​ជា​ភាសា​ខ្មែរ គោត្តនាម និង​នាម ជា​អក្សរ​ឡាតាំង ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណប័ណ្ណ និង  កាលបរិច្ឆេទ​សុពលភាព​អត្តសញ្ញាណប័ណ្ណ​។


ការផ្ទៀងផ្ទាត់​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល កម្រិត​២ (តម្លៃ​ ៦០០០ រៀល យក​ភ្លាមៗ​ ដែល​មាន​សុពលភាព​មួយ​ប្រតិបត្ដិការ​)ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ ដូច​កម្រិត ១ ដោយ​បន្ថែម រូបថត​ផ្ទៃមុខ​បុគ្គល​បច្ចុប្បន្ន​។​

​ប្រកាស​បានបន្ដថា​៖ «​ការផ្ទៀងផ្ទាត់​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល កម្រិត ៣ (តម្លៃ​ ៨០០០ រៀល យក​ភ្លាមៗ​ ដែល​មាន​សុពលភាព​មួយ​ប្រតិបត្ដិការ​)ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​ដូច​កម្រិត ២ ដោយ​បន្ថែម រូបថត​លើ​អត្តសញ្ញាណប័ណ្ណ»​។​

សេវា​រដ្ឋបាល​លើ​ការផ្ទៀងផ្ទាត់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល បញ្ជាក់​អត្តសញ្ញាណ​បុគ្គល និង​បញ្ជាក់​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដែល​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ ត្រូវបាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល​។

ការផ្ទៀងផ្ទាត់​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល កម្រិត ៤ (តម្លៃ​ ១ម៉ឺន​រៀល យក​ភ្លាមៗ​ ដែល​មាន​សុពលភាព​មួយ​ប្រតិបត្ដិការ​) ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​ដូច​កម្រិត ៣ ដោយ​បន្ថែម​វីដេអូ​ចលនា​ផ្ទៃមុខ​។​

លិខិតបញ្ជាក់អត្តសញ្ញាណ​បុគ្គល ប្រើប្រាស់​ដូច​ក្នុង​លក្ខខណ្ឌ កម្រិត ៣ (តម្លៃ​ ៥០០០ រៀល យក​នៅ ៥​ថ្ងៃ​ក្រោយ​ ដែល​មាន​សុពលភាព​ ៦ខែ​​) ហើយ​លិខិតបញ្ជាក់​នេះ​ចេញ​ជូន​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​ស្នើសុំ​ចំនួន ២​ច្បាប់ សម្រាប់​​ការស្នើសុំ​ម្តង​។​

លិខិតបញ្ជាក់​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល ប្រើប្រាស់​សម្រាប់​លក្ខខណ្ឌ​ដូច​ក្នុង​កម្រិត ៣ ដោយ​បន្ថែម​ស្នាម​មេដៃ​ឆ្វេង និង​ស្តាំ​​និង​គំរូ​ហត្ថលេខា ហើយ​លិខិតបញ្ជាក់​នេះ​ចេញ​ជូន​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​ស្នើសុំ​ចំនួន ២​ច្បាប់ សម្រាប់ ការស្នើសុំ​ម្តង​។​

ប្រកាស​បាន​ឱ្យដឹងពីតម្លៃថា​៖ «​លិខិត​បញ្ជាក់​នេះ មាន​តម្លៃ​ ២០​ម៉ឺន​រៀល ដោយ​ប្រើ​ឋេរវេលា​ ៥​ថ្ងៃ​ សម្រាប់​ប្រើ​ប្រាស់​ដែល​​មាន​សុពលភាព​ ៦ខែ»​​។

សេវា​ពិនិត្យ​បច្ចុប្បន្នភាព​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ប្រចាំឆ្នាំ ដែល​ប្រើប្រាស់​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ប្រចាំឆ្នាំ ដោយ​ឆ្លងកាត់​ថ្នាល​ផ្លាស់ប្ដូរ​ទិន្នន័យ​កម្ពុជា ដែល​ស្នើសុំ​មកកាន់​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ​។

លិខិត​បញ្ជាក់​នេះ មាន​តម្លៃ​ ៦០​ម៉ឺន​រៀល ដោយ​ប្រើ​ឋេរវេលា​ ១០​ថ្ងៃ​ សម្រាប់​ប្រើ​ប្រាស់​ដែល​​មាន​សុពលភាព​ ១​ឆ្នាំ​​​៕