ភ្នំពេញៈ ប្រព័ន្ធ​ត្រួត​ពិនិត្យ​នាវា (VMS) ចំនួន ៨០០​គ្រឿង​ផ្សេង​ទៀត​នឹង​ត្រូវ​បំពាក់​លើ​ទូក​នេសាទ​ក្នុង​ខេត្ត​ឆ្នេរ​​សមុទ្រទាំង ៤ ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ ដែល​នឹង​ធ្វើឱ្យ​ចំនួន​បំពាក់​សរុប​កើន​ឡើង​ដល់ ១ ៦០០គ្រឿង ដើម្បី​​ជួយ​ដ​ល់​ប្រជានេសាទ នៅ​ពេល​ទូក​របស់​ពួកគេ ជួប​ប្រទះ​បញ្ហា​នៅ​លើ​ផ្ទៃ​សមុទ្រ។ 


រដ្ឋបាលជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បំពាក់​រួច​រាល់​នូវ​ប្រព័ន្ធ​នេះ​ចំនួន ៨០០គ្រឿង ​​នា​ពេល​ថ្មីៗនេះ​លើ​នាវា​ខ្នាត​មធ្យម និង​ខ្នាតវែង និង​​បន្ត​​បំពាក់​​ចំនួន ​៨០០​គ្រឿង​​បន្ថែម​​ទៀត​​ឱ្យ​​សម្រេច​​រួច​រាល់​នៅឆ្នាំ ២០២៥ សម្រាប់​បណ្ដា​ខេត្ត​តំបន់​​ឆ្នេរ​​ទាំង ​៤ រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប។ ​នេះ​បើ​​​យោងតាមសេចក្តី​ប្រ​កាស​​ព័ត៌មានរបស់អង្គការ FAO នា​ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសបានសរសេរថា៖«ប្រព័ន្ធត្រួតពិនិត្យនាវា ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ជា​ឧ​ទាហរណ៍ក្នុងករណីនាវា ឬទូកជួបបញ្ហានៅលើផ្ទៃសមុទ្រ គេអាច​កំណត់បាន​ពីទីតាំង​ជាក់​លាក់​ចុង​ក្រោយ​របស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបានប្រើជាជំនួយក្នុងប្រតិបត្តិការរុករកនាវា ឬទូក ដែល​ជួប​បញ្ហា​»។ ការដំឡើងប្រព័ន្ធនេះ គឺមិនមានការតម្រូវឱ្យចំណាយថវិកានោះឡើយ​។


ការដំឡើងប្រព័ន្ធនេះ គឺធ្វើឡើងតាមរយៈ​កម្មវិធីជំរុញ​កំណើន​វិស័យជល​ផល​ប្រកប​ដោយ​ចីរ​ភាព​និង​បរិ​យា​បន្ន​ (CAPFISH-Capture) នៃអង្គការ FAO ដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប (EU)។ កម្មវិធីនេះបាននិង​កំ​ពុង​​គាំទ្រដល់​រដ្ឋបាលជលផល នូវបច្ចេកទេសថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា។

ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះដំណើរការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមាន​ប្រើភ្ជាប់​ជា​មួយ​ប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។


នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់កាលទី២សម្រាប់កម្ពុជា ដែលបាន​បំពាក់នៅ​លើទូកនេសាទ និងឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។

ប្រព័ន្ធត្រួតពិនិត្យនាវា(VMS)។ រូបថត អង្គការFAO

ប្រព័ន្ធត្រួតពិនិត្យនាវាដំណាក់កាលទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពី​ដំណាក់​កាល​ទី​១។ កាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿងត្រូវបានបំពាក់ និងធ្វើតេស្តសាកល្បង​ដែលមាន​ទំហំលើសពី ១៨ម៉ែត្រ។ អង្គការ FAO ក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាលជលផល​អំពី​របៀប​ដំណើរ​ការ​ឧប​ករណ៍ទាំងនោះផងដែរ។

លោក​សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឱ្យដឹងថា ទូកនេសាទ​ជាង ២០០​គ្រឿង​ហើយ​​ត្រូវ​បានបំពាក់ប្រព័ន្ធត្រួតពិនិត្យនាវានេះ។ ការបំពាក់នេះគឺធ្វើឡើងជាដំណាក់កាលទៅតាមការស្ម័គ្រចិត្ត និងតាម​ទំហំទូក​នេសា​ទ​ ដើ​ម្បី​ជួយ​កំណត់​ទី​តាំងទូក ក៏ដូចជាជួយសង្រ្គោះទាន់ពេលវេលា នៅពេលទូកមាន​បញ្ហា​ផ្សេងៗ​នៅលើសមុទ្រ។

លោកមានប្រសាសន៍ថា៖«យើងពន្យល់គាត់ពីអត្ថប្រយោជន៍ពីការបំពាក់VMSនេះ។ កាលពីអត់មានប្រព័ន្ធ​ហ្នឹង ពេលមានបញ្ហាអី វាពិបាករកទូកណាស់ គឺយើងសួរតាមរយៈទូកផ្សេងទៀត។ តែឥលូវ ពេលទាក់ទង​ទូក​មិនបានអី គាត់អាចទាក់ទងមកខាងជលផល ហើយយើងអាច​ឆែករកឱ្យគាត់បានភ្លាមៗ»។ លោក​បាន​បន្ថែមថា ការបំពាក់ប្រព័ន្ធនេះនឹងធ្វើឡើងជាបន្តទៀត ទៅតាមដំណាក់កាលនាពេលខាងមុខ។

កម្មវិធី ដែលកំពុងតែអនុវត្តនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និង​ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុប​បំ​បាត់​ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជា​ពិ​សេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល៕