​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចាប់ផ្ដើម​​ផែនការ​យុទ្ធសាស្ត្រ​អប់រំ (ESP) ២០២៤-២០២៨ ជា​ប្លង់​មេ ដើម្បីអភិវឌ្ឍ​ទិដ្ឋភាព​អប់រំ​របស់​ប្រទេស ដោយ​ផ្តោតលើ​បរិយាប័ន្ន​ គុណភាព និង​នវានុវត្ដន៍​។​


គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ទី ៤ (SDG4) ស្តីពី​ការអប់រំ បង្ហាញ​ពី​កំណែទម្រង់​ទូលំទូលាយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​​តួនាទី​របស់​វិស័យ​អប់រំ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​សេដ្ឋកិច្ចសង្គម​រយៈពេល​វែង​របស់​កម្ពុជា​។​

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​សរសេរ​ក្នុង​ទំព័រ​អរម្កថា​ថា៖ «ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ឆ្នាំ ២០២៤-២០២៨ ត្រូវបាន​រៀបចំឡើង ​ក្នុងដំណាក់កាល​ទី​១ នៃ​យុទ្ធសាស្ត្រ​​បញ្ច​កោណ កំណែទម្រង់​វិស័យ​អប់រំ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ស្ដីពីការអប់រំ​ឆ្នាំ​ ២០៣០ ទៅជា​កម្មវិធី​ជាក់ស្តែង​ និង​នាំ​ទៅរក​សមិទ្ធកម្មពិត​ប្រាកដ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​គណនេយ្យភាព​របស់​អង្គភាព​គ្រប់​កម្រិត រួមទាំង​គ្រឹះស្ថាន​សិក្សា​»។


លោករដ្ឋមន្ដ្រីបាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​​បានកំណត់ មនុស្ស​ជា​អាទិភាព​ទីមួយ ដោយ​បានលើកឡើង​អំពី «​ការពង្រឹង​គុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា»​។

លោក​បាន​បង្ហាញថា ក្រសួង​បានកំណត់​អាទិភាព ៨ ចំណុច ដូចជា​​ ការពង្រឹង អភិបាលកិច្ច​សាលារៀន​ ការពិនិត្យ និង​កែសម្រួល​កម្មវិធីសិក្សា និង​សកម្មភាព​បន្ថែម​ក្រៅ​ម៉ោង​សិក្សា ស្របតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​អាកប្បកិរិយា​របស់​សិស្ស​។


លោក​បាន​បន្ដថា​៖ «​អាទិភាព​ទី ៣ គឺ​​ការថែរក្សា​សុខភាព សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​របស់​កុមារ និង​ការគ្រប់គ្រង​គុណភាព​អាហារ​នៅតាម​សាលារៀន​ ទី៤​ ការជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​មាតាបិតា អាណាព្យាបាល និង​សហគមន៍​ក្នុង​វិស័យ​អប់រំ ស្រប​ពាក្យស្លោក ភាពជា​ដៃគូ​រដ្ឋ និង​សហគមន៍​ក្នុងការ​អប់រំ​»។

ចំណែក​ឯក​អាទិភាពទី ៥ ក្រសួង​ផ្ដោតលើ​ការពង្រឹង​ការអប់រំ​ឌីជីថល ហើយ​ទី ៦ គឺ​ជា​ការជំរុញ​មជ្ឈមណ្ឌល​ឧត្តមភាព ក្នុងការ​អប់រំ​ឧ​ត្ត​មសិ​ក្សា ខណៈ​ទី ៧​ ជាការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព​ ហើយ​ទី ៨ គឺជា​ការអភិវឌ្ឍ​ការអប់រំ​កាយ និង​កីឡា​។​

មួយ​ទសវត្សរ៍​នៃ​វឌ្ឍនភាព​

វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​បានធ្វើ​កំណែទម្រង់​ធំៗ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ដោយ​ចាប់ពី​ឆ្នាំ ២០១៤ រដ្ឋាភិបាល​បានផ្តល់​អាទិភាព​ដល់​លទ្ធភាព​ទទួលបាន​ការ​អប់រំ កំណែទម្រង់​អភិបាលកិច្ច ការអភិវឌ្ឍន៍​គ្រូបង្រៀន និង​ឱកាស​សិក្សា​ប្រកបដោយ​សមធម៌​នៅ​ទូទាំងប្រទេស​។​

ចាប់តាំងពី​ពេលនោះ​មក សមិទ្ធផល​នានា ​រួមមាន​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ការកែប្រែ​កម្មវិធីសិក្សា និង​ការលើកកម្ពស់​ប្រាក់ខែ​គ្រូបង្រៀន និង​ស្តង់ដា​បណ្តុះបណ្តាល​។​

លោក ជួនណា​រ៉ុ​ន បាន​កត់សម្គាល់ថា៖ «សមិទ្ធផល​ទាំងនេះ​រួមបញ្ចូល​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន​នៅ​គ្រប់​កម្រិត ពង្រឹង​អភិបាលកិច្ច​ក្នុង​ស្ថាប័ន​អប់រំ ផ្តល់​អាទិភាព​ដល់​គ្រូបង្រៀន និង​ដោះស្រាយ​ការខាតបង់​ការសិក្សា​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩»។​

ក្រសួង​បានសម្រួច​វិធាន​ការ​ពាក់ព័ន្ធ​ក្នុង​គោល​ដៅ​លើក​កម្ពស់​​​គុណភាព និង​ការឆ្លើយតប​របស់​​សេវា​អប់រំ​តាម​រយៈ​ការ​លើក​កម្ពស់​វិជ្ជាជីវៈ​គ្រូប​ង្រៀន​ ការ​លើក​ទឹកចិត្ដ​បុគ្គលិក​អប់រំ​ ការ​បង្កើន​ស្វ័យ​ភាព​ជាដើម​។​អត្រា​បោះបង់ចោល​ការសិក្សា​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​នៅ​ទូទាំង​កម្រិត​ផ្សេងៗ​នៃ​ការអប់រំ​នៅ​កម្ពុជា ដោយ​នៅ​កម្រិត​​បឋមសិក្សា ជាទូទៅ​មានការ​ថយចុះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ អត្រា​បោះបង់​ការសិក្សា​បាន​ធ្លាក់ចុះ​ពី ៨,៣ ភាគរយ​ ក្នុង​ឆ្នាំ ២០១៣-២០១៤​ មក​នៅត្រឹម ៧,៥​ ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​​។​​​ ​ទោះយ៉ាងណា​ក៏ដោយ វា​ប្រែប្រួល​តាម​ភេទ​។

សម្រាប់​បុរស វា​បាន​ថយចុះ​បន្តិច​ម្តងៗ​ពី ៩,៤ភាគរយ ក្នុង​ឆ្នាំ ២០១៣-២០១៤​ មក​ត្រឹម ៥,៥​ ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​។ ចំណែកឯ​ស្ត្រី​វិញ អត្រា​ថយចុះ​ពី ៧,២​ភាគរយ​ ក្នុង​ឆ្នាំ ២០១៣-២០១៤​ មក​ត្រឹម ៥,៧ ​ភាគរយ​ ក្នុង​ឆ្នាំ ២០២១-២០២២ ប៉ុន្តែ​បន្ទាប់មក​បាន​កើនឡើង​ម្តងទៀត​ដល់ ៩,៥​ ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣។​

អត្រា​បោះបង់​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ឃើញថា​មាន​ភាពប្រសើរឡើង​ក្នុង​ទសវត្សរ៍​ចុងក្រោយ ប៉ុន្តែ​បាន​កើនឡើង​ម្តងទៀត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

ខណៈ​​ជំនាញ​ STEM នៅ​កម្រិត​សាកលវិទ្យាល័យ​បាន​កើនឡើង​ពី ១៩,៦​ភាគរយ​​ក្នុង​ឆ្នាំ ២០១៣-២០១៤​ ដល់ ៣១,២​ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​ ​​ស្ត្រី​ក្នុង​វិស័យ​នេះ​នៅតែមាន​កម្រិត​ទាប។ រូបថត ហុង រស្មី

ផ្តល់​អាទិភាព​​ប្រកបដោយ​សមធម៌ និង​បរិយាប័ន្ន​

ផែនការ​យុទ្ធសាស្ដ្រ​អប់រំ​ ២០២៤-២០២៨​ ​​ធានាថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ចាប់ពី​កុមារភាព​រហូតដល់​ឧ​ត្ត​មសិ​ក្សា មាន​សិទ្ធិ​ទទួលបាន​ឱកាស​សិក្សា​ដោយ​ស្មើភាព​។​

តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ការអប់រំ​កុមារ​តូច ក្រសួង​មាន​គោលបំណង​ជំរុញ​អត្រា​ចុះឈ្មោះ​ចូលរៀន​សម្រាប់​កុមារ​អាយុ​ពី ៣-៥ ឆ្នាំ ​ជា​ក្រុម​ដែលមាន​ការចុះឈ្មោះ​ចូលរៀន​បាន​កើនឡើង​ពី ៣៣,៤ ​ភាគរយ​ ក្នុង​ឆ្នាំ ២០១៣-២០១៤ ដល់ ៣៧,១ ​ភាគរយ​នៅ​ឆ្នាំ ២០២២-២០២៣​។​

​លោក ជួន ណា​រ៉ុ​ន បាន​បន្ថែម​ថា ៖ «​ចក្ខុវិស័យ​របស់​យើង​គឺ​នាំមក​នូវ​ការសិក្សា​ដល់​កុមារ​កម្ពុជា​គ្រប់រូប​។​ ​ក្រសួង​បាន​បង្រួម​ខ្លឹមសារ​​គោលនយោបាយ​តែមួយ ផ្តោតលើ​ការធានា​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បរិយាប័ន្ន ពោរពេញ​ដោយ​​ចំណេះដឹង បំណិន​ វិន័យ ក្រមសីលធម៌ ​ឥរិយាបថ​​ល្អ សុខភាព កាយសម្បទារឹងមាំ​ និងការ​សិក្សា​​ពេញ​មួយជីវិត»។

ការប្តេជ្ញាចិត្ត​នេះ​មាន​សារៈសំខាន់​​នៅពេល​​កម្ពុជា​មាន​កំណើន​​ចំនួន​ប្រជាជន​ទីក្រុង​យ៉ាង​ឆាប់រហ័ស ខណៈ​​តំបន់​ជនបទ​នៅតែមាន​ប្រជាជន​ជាង ៦០ ភាគរយ​នៅ​ទូទាំង​ប្រទេស។​​

យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា ការផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នៃ​គ្រួសារ​ទៅកាន់​​ទីក្រុង បាន​បង្កើត​អតុល្យភាព​នៃ​ធនធាន​សាលារៀន ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ការ​ចង្អៀត​ថ្នាក់រៀន​បាន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ផែនការ​យុទ្ធសាស្ដ្រ​នេះ​ សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​មាន​គោលបំណង​បង្កើន​ចំនួន​សាលារៀន​ដែលមាន​បរិក្ខារ​ល្អ​នៅក្នុង​តំបន់​ដែល​កំពុង​រីកចម្រើន​ក្នុង​ទីក្រុង និង​ជាយក្រុង​។​

ផែនការ​យុទ្ធសាស្ដ្រ​ក៏​ពង្រីក​វិសាលភាព​របស់ខ្លួន​ទៅកាន់​ក្រុម​ងាយ​រងគ្រោះ រួមទាំង​កុមារ​ជនជាតិដើម​ភាគតិច និង​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​អាកាសធាតុ​។​

យោងតាម​ផែន​ការ​យុទ្ធសាស្ដ្រ​ បាន​បង្ហាញថា​៖ «ក្រសួង​​ខិតខំ​​ពង្រីក​ការអប់រំ​ពហុ​ភាសា​សម្រាប់​សិស្ស​ជនជាតិដើម​ភាគតិច​នៅ​តំបន់​ភាគ​ឦសាន ទីក្រុង និង​ស្រុក​ចំនួន ១០ ដែល​សា​លាម​ត្តេ​យ្យ​ជាង ១៣០​ បច្ចុប្បន្ន​ផ្តល់ជូន​កម្មវិធី​ទាំងនេះ»​។​

​អត្រា​គង់វង្ស​ចំពោះ​​​សិស្ស​ប្រុស​បាន​កើនឡើង​ពី ៧៦,៥​ភាគរយ​ ទៅ ៨០,៣​ភាគរយ​ក្នុង​រយៈពេល​នេះក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣។ រូបថត ភ្នំពេញប៉ុស្ដិ៍​

ការលើកកម្ពស់​គុណភាព​អប់រំ និង​ការបណ្តុះបណ្តាល​គ្រូ​

ផែន​ការ​យុទ្ធសាស្ដ្រអប់រំ គូសបញ្ជាក់​គុណភាព​អប់​រំជា​មូលដ្ឋានគ្រឹះ​សម្រាប់​អនាគត​របស់​កម្ពុជា​។ នៅក្នុង​ការអប់រំ​បឋម អត្រា​ចុះឈ្មោះ​ចូលរៀន​សុទ្ធ​បាន​ស្ទុះ​ងើប​ឡើងវិញ​ចាប់តាំងពី​ជំងឺ​រាតត្បាត​រាតត្បាត​ដោយ​ឈានដល់ ៩៥,៨​ ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​​។​​យ៉ាងណាក៏ដោយ ក្រសួង​ទទួលស្គាល់ថា ការចុះឈ្មោះ​ចូលរៀន​តែមួយ​មុខ​​មិនបាន​ប្រែ​ទៅលើ​លទ្ធផល​អប់រំ​នោះទេ​។​

​អត្រា​គង់វង្ស​​របស់​សិស្សានុសិស្ស​តាម​សាលាបឋមសិក្សា​បាន​ធ្លាក់ចុះ​ពី ៧៩,៩ ភាគរយ​ ក្នុង​ឆ្នាំ ២០១៧-២០១៨ មក​នៅត្រឹម ៦៩,៥​ ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​ ជាពិសេស​ក្នុងចំណោម​សិស្សស្រី ​ជា​និន្នាការ​ដែល​រដ្ឋាភិបាល​មាន​គោលបំណង​ផ្លាស់ប្តូរ​​។​

ផែនការ​នេះ​បានបង្ហាញ​ថា៖ «​អត្រា​គង់វង្ស​សម្រាប់​សិស្សស្រី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៨៣,៥​ ភាគរយ​ ក្នុង​ឆ្នាំ ២០១៧-២០១៨​ មក ៦០,៤ ភាគរយក្នុង​ឆ្នាំ ២០២២-២០២៣​ ខណៈ​អត្រា​គង់វង្ស​ចំពោះ​​​សិស្ស​ប្រុស​បាន​កើនឡើង​ពី ៧៦,៥​ ភាគរយ​ ទៅ ៨០,៣​ ភាគរយ​ក្នុង​រយៈពេល​នេះ»។​

ការបណ្តុះបណ្តាល​គ្រូ​គឺជា​ចំណុច​សំខាន់​នៃ​កំណែទម្រង់​នេះ​។ ចាប់តាំងពី​ឆ្នាំ ២០១៤ មក ក្រសួង​អប់រំ យុវជន និង​កីឡា​បានធ្វើការ​កែទម្រង់​វិទ្យា​ស្ថាន​បណ្តុះបណ្តាល​គ្រូ ដោយ​លើក​កម្ពស់​​ស្តង់ដារ​គុណវុឌ្ឍិ​ទៅជា​ទម្រង់ «១២+៤» ដែល​អនាគត​គ្រូបង្រៀន​បញ្ចប់​ថ្នាក់​ទី ១២ និង​កម្មវិធី​បរិញ្ញាបត្រ​រយៈពេល​បួន​ឆ្នាំ​។​

យោងតាម​ផែនការ ​​​ឆ្នាំ ២០២២-២០២៣ ជិត ៨៥ ភាគរយ​ នៃ​គ្រូ​បឋមសិក្សា​បានទទួល​បាន​គុណវុឌ្ឍិ​ថ្មី​នេះ​បើ​ប្រៀបធៀប​ទៅនឹង ៧៣​ភាគរយ​កាលពី​ប្រាំ​ឆ្នាំមុន​។​

ក្រសួង​បាន​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ចំនួន​សិស្ស​ខ្ពស់​នៅក្នុង​ថ្នាក់រៀន ជាពិសេស​នៅក្នុង​តំបន់​ទីក្រុង​។​

ផែនការយុទ្ធសាស្ដ្រ​ក៏​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្តបញ្ចូល​​​ជំនាញ​ឌីជីថល​ចូលទៅក្នុង​ការបង្រៀន និង​ការរៀន ដោយមាន​គោលបំណងចង់​ឱ្យ​សិស្ស​​ចេះ​​ឌីជីថល​​ដើម្បីងាយ​ស្រួល​សមាហរណកម្ម​ក្នុង​សេដ្ឋកិច្ច​​ពោរ​ពេញ​​ដោយ​បច្ចេកវិទ្យា​។​

ក្រសួង​មាន​គោលបំណង​ជំរុញ​អត្រា​ចុះឈ្មោះ​ចូលរៀន​សម្រាប់​កុមារ​អាយុ​ពី ៣-៥ ឆ្នាំ ​ជា​ក្រុម​ដែលមាន​ការចុះឈ្មោះ​ចូលរៀន​បាន​កើនឡើង​ពី ៣៣,៤​ភាគរយ​ ក្នុង​ឆ្នាំ ២០១៣-២០១៤ ដល់ ៣៧,១​ភាគរយ​នៅ​ឆ្នាំ ២០២២-២០២៣​។ រូបថត ភ្នំពេញប៉ុស្ដិ៍​

លើក​កម្ពស់ STEM និង​ឧ​ត្ត​មសិ​ក្សា​

សម្រាប់​ការអប់រំ​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា គឺ​ផ្តោតទៅលើ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) និង​ជំនាញ​បច្ចេកទេស​។​

ផែនការយុទ្ធសាស្ដ្រ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​វិស័យ​ទាំងនេះ​នៅក្នុង​សេដ្ឋកិច្ច​សកល​ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ហើយ​សន្យាថា​នឹង​បង្កើន​ការចុះឈ្មោះ​ក្នុង​កម្មវិធី STEM ។​

ផែនការ​នេះ​បាន​បង្ហាញថា៖ «​ខណៈ​​ជំនាញ​ STEM នៅ​កម្រិត​សាកលវិទ្យាល័យ​បាន​កើនឡើង​ពី ១៩,៦​ ភាគរយ​​ក្នុង​ឆ្នាំ ២០១៣-២០១៤​ ដល់ ៣១,២ ​ភាគរយ​ ក្នុង​ឆ្នាំ ២០២២-២០២៣​ ​​ស្ត្រី​ក្នុង​វិស័យ​នេះ​នៅតែមាន​កម្រិត​ទាប»។​

គម្លាត​យេនឌ័រ​បាន​ពង្រីក​ដោយ​បុរស​ទំនងជា​ចុះឈ្មោះ​ក្នុង​កម្មវិធី STEM ជាង ២,៥​ ដង​ជាង​ស្ត្រី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រសួង​ផ្តល់​អាហារូបករណ៍​ក្នុងស្រុក និង​អន្តរជាតិ ដោយមាន​និស្សិត​អាហារូបករណ៍​ក្នុងស្រុក​ចំនួន ៧៥៣៣នាក់​ និង​អ្នកទទួល​អាហារូបករណ៍​អន្តរជាតិ​ចំនួន ៣៨៧ នាក់​ក្នុង​កម្រិត​ឧ​ត្ត​ម​សិក្សា​គិត​ត្រឹម​ឆ្នាំ ២០២៣​​។​

ក្រសួង​ក៏បាន​ក្លាយជា​សមាជិក​នៃ​កម្មវិធី Asian International Mobility for Students (AIMS) ដែល​ជួយ​សម្រួល​ដល់​ឱកាស​ផ្លាស់ប្តូរការ​សិក្សា​​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​៕