ស្ទឹងត្រែងៈ ជនជាតិឡាវ អាយុ ៣១​ឆ្នាំ​ម្នាក់ ត្រូវ​បានបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែងនាថ្ងៃអង្គារ ទី១២ ខែ​វិច្ឆិកានេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង១​លាន​គ្រាប់ ​នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិត្រពាំងក្រៀល។


លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងថា បុរសជនជាតិឡាវ​នេះ​កំពុង​តែ​ត្រូវបានសាកសួរ នៅក្នុងដំណាក់ការ​អយ្យការនៅឡើយ​រហូតមកដល់រសៀលថ្ងៃអង្គារនេះ។

កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបាន​ត្រួត​ពិនិត្យ​ឆែក​ឆេរ​រថយ​ន្តចំនួន ១គ្រឿង ម៉ាក FORTUNER ពណ៌ស ស្លាកលេខឡាវ 1115 នៅពេលដែលជនជាតិឡាវម្នាក់​នេះ​ប៉ុ​ន​ប៉ងឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកនេះកាលពីព្រឹកថ្ងៃទី៩​ ខែវិច្ឆិកា។


កម្លាំងនគរបាលបានបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់រូបនេះ ក្រោយពីបានរកឃើញ វត្ថុ​តាង​ជាគ្រឿ​ង​ញៀន​ចំ​នួន ១៦៧ ដុំនៅក្នុងរថយន្ត។

នៅថ្ងៃដដែលនោះ កម្លាំងជំនាញ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិត្រពាំងក្រៀល ក៏បានប្រគល់រថយន្ត និងវត្ថុតាងជូន កម្លាំង​ជំនា​ញការិយា​ល័យ​នគ​រ​បាល​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ក្រោមការ​ដឹក​នាំ​សម្រ​ប​សម្រួ​ល​ពី​លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត។​នេះបើយោង​តាម​ លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត។


លោកបាន ឱ្យដឹងថា៖«វត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង ០៩៧,២៥ក្រាម  គិតជាគ្រាប់ប្រហែលចំនួន ១ ០៣៤ ៤១៣ គ្រាប់»។

ជនសង្ស័យរូបនេះមានឈ្មោះ VUE YENG មានទីកន្លែងបច្ចុប្បន្នប្រទេសឡាវ និងប្រើលិខិតឆ្លងដែនលេខ P 1859439។ក្រៅពីគ្រឿងញៀន សម្ភារៈដែលត្រូវបានចាប់យកផ្សេងទៀតរួមមាន៖ ឡាន ១គ្រឿង ម៉ាក FORTUNER ទូរស័ព្ទដៃចំនួន៣គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន។

កម្លាំងដែលបានចូលរួមនៅក្នុងការប​ង្រ្កាបនេះមានដូចជា កម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និង​កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ។

កម្លាំងចម្រុះក៏បានបង្រ្កាបគ្រឿងញៀនជាង៣០០គីឡូក្រាមផងដែរ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ នេះ​នៅ​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនជាតិឡាវ អាយុ២៧ឆ្នាំ​ម្នាក់ក៏​ត្រូវ​បានឃាត់ខ្លួនផងដែរ។

លោក​ ឈុំ ស៊ាងហាក់ បានបញ្ជាក់ថា ជនជាតិឡាវ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៣០០គីឡូក្រាម​នេះត្រូ​វ​បានតុលាការសម្រេចឃុំខ្លួនហើយផងដែរ។

សមត្ថកិច្ច​ កំពុងតែធ្វើការត្រួតពិនិត្យសារធាតុញៀនជាង១លានគ្រាប់ ដែលត្រូវបានរឹបអូសពីជនសង្ស័យជនជាតិឡាវ។ នគរបាលខេត្តស្ទឹងត្រែង

អាជ្ញាធរមាន​សមត្ថ​កិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០០០៨​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ២៧៨១៧នាក់ រឹបអូសគ្រឿងញៀនជាង៧តោន ក្នុង​រយៈ​ពេល១ឆ្នាំ ​នៃរាជ​រ​ដ្ឋាភិ​បាល ​អាណត្តិទី​៧​នេះ។

លោក​នាយ​ឧត្តមសេនីយ៍​ មាស ​វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​(អ. ជ. ប. គ. ញ)​បានលើកឡើងនៅក្នុង​របាយការណ៍​សង្ខេបជូន ​ថ្នាក់​ដឹក​នាំ ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផលការ​ងាររបស់ អ. ជ. ប. គ. ញ​រយៈ​ពេល១ឆ្នាំ កាលពីខែ​តុលាកន្លងមកថា នៅតំបន់អាមេរិកកណ្តាល អឌ្ឍចន្ទមាស ត្រីកោណមាស កាន់​តែ​មានកំណើន នូវការដាំដុះ ការផលិតគ្រឿងញៀន ទាំងធម្មជាតិ និងសំយោគ។ 

ជាមួយគ្នានោះ ក្រុមឧ​ក្រិដ្ឋ​ជនគ្រឿងញៀនដែលមានអង្គការ ចាត់តាំងនិងរចនាសម្ព័ន្ធច្បាស់លាស់ ក៏បង្កើន​សម្មភាព​ដឹកជញ្ជូន​គ្រឿង​ញៀន ដែលផលិតរួចទៅរកទីផ្សារប្រើប្រាស់។ ក្នុងនោះ រួមទាំងការដឹកជញ្ជូនសារធាតុគីមីផ្សំគ្រប់ប្រភេទ ដោយលួចលាក់ចូលទៅកាន់កន្លែងផលិតគ្រឿងញៀន និងមាន បណ្តាញធ្វើ​សកម្មភាព​សម្អាតប្រាក់​ដែល​បានមកពីជំនួញគ្រឿងញៀន។

ដោយឡែកនៅប្រទេសកម្ពុជាវិញ គ្រឿងញៀនគ្រប់ប្រភេទដែលបានចាប់យកដោយសមត្ថកិច្ច ភាគ​ច្រើន​ចេញពីតំបន់ត្រី កោណមាស ឆ្លងកាត់ព្រំដែនតាមទិសឦសាន និងពាយព្យចូលមកក្នុងកម្ពុជា។ 

គ្រឿង​ញៀន​ទាំងនោះ មានដូចជា មេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងសារធាតុញៀនថ្មីផ្សេងៗទៀត។ (អ. ជ. ប. គ. ញ)​​ ក៏បានរកឃើញសារធាតុគីមីផ្សំអាស៊ីត ស៊ុលហ្វូរិកខាប់ ត្រូវគេទុកចោលនៅស្រុកសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែងផងដែរ។

លោក ក៏បានស្នើសុំឱ្យមានការ បន្តពង្រឹងនិងបង្កើនសកម្មភាពល្បាត​ត្រួតពិនិត្យ​បទ​ល្មើស​គ្រឿង​ញៀន​តា​មខ្សែ​បន្ទាត់​ព្រំ​ដែន និងលើក កម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ដើម្បីបង្ការទប់ស្កាត់​កុំឱ្យក្រុម​ឧក្រិដ្ឋជន​មាន​ឱកាសលួចលាក់​កែ​ច្នៃ​ផលិតគ្រឿងញៀននៅក្នុងប្រទេស៕