គិត​ត្រឹម​ថ្ងៃ​ទី១២ ខែវិច្ឆិកា​នេះ មនុស្ស​៦​នាក់​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​ដោយ​សមត្ថកិច្ច និង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​ករណី​ឆបោក និង ពុក​រលួយ ​ជាប់​ពាក់​ព័ន្ធ​នឹង​លោក លី សាម៉េត។


ការ​ឃាត់​ខ្លួន​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅ​លើ​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ​ក្រោយ​ពេល​បែក​ធ្លាយ​ថា​ លោក​បាន​ចាញ់​បោក​អស់​ប្រាក់​ ៣០​ម៉ឺន​ដុល្លារ​ទៅ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​អភិបាល​ក្រុង​អរិយក្សត្រ។​

មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​រួម​មាន លោក លី សាម៉េត លោក ដួង តារា ដែល​ធ្លាប់​ជា​ជំនួយ​ការ​លោក ហ៊ុន សែន បច្ចុប្បន្ន​ប្រធាន​ព្រឹទ្ធសភា លោក លោក មួង ឃីម ជា​អតីត​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣, ឧកញ៉ា អ៊ុត ធី ដែល​រក​ស៊ី​វាយ​ថ្ម និង​ធ្វើ​ផ្លូវ និង​លោក ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្ត​ពោធិ៍​សាត់។


លោក ឡាយ វិសិដ្ឋ ត្រូវ​បាន​រាយការណ៍​ថា បាន​ចំណាយ​ប្រាក់​ ៥៧​ម៉ឺន​ដុល្លារ​រត់​ការ​ជាមួយ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​អ្វី​មួយ។

លោក ហ៊ុន សែន កាល​ពី​កន្លង​ទៅ​បាន​បក​អាក្រាត​​រឿង​លោក លី សាម៉េត ប្រើ​ឈ្មោះ​លោក ដើម្បី​បោក​ប្រាស់​អ្នក​ដទៃ។ លោក​ប្រាប់​ឲ្យ​ជនរងគ្រោះ​ដែល​ពាក់​ព័ន្ធ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក គី តិច ដែល​​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​​របស់​លោក។


លោក ប៉ែន បូណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​ស្នើ​ឲ្យ​សួរ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​រឿង​នេះ​ផ្ទាល់​ ខណៈ​ដែល​លោក គី តិច មិន​បាន​​ឆ្លើយ​តប​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​សំណុំ​រឿង​ទាំង​នេះ​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ។ លោក សយ ចន្ទវិចិត្រ អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​មិន​អាច​ទាក់​ទង​បាន។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ថា ការ​ចាប់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ពាក់​ព័ន្ធ​នឹង​លោក លី សាម៉េត និង​លោក ដួង តារា គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​​ចាប់​ផ្ដើម​ចាត់​វិធានការ​លើ​មន្ត្រី​នៅ​ជុំវិញ​ថ្នាក់​ដឹកនាំ​កំពូល​ ដែល​ប្រើ​ប្រាស់​អំណាច​បោក​បញ្ឆោត ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការ​ចាត់​វិធានការ​នេះ​ជា​ការ​ព្រមាន​កុំ​ឲ្យ​មាន​ការ​សូក​ប៉ាន់​ដើម្បី​បាន​តំណែង​ផ្សេងៗ។

លោក​ថ្លែង​ថា៖ «សម្រាប់​អង្គការ​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​មាន​ការ​រៀបចំ​រដ្ឋបាល​មួយ​ដែល​ស្អាត​ស្អំ។ ដើម្បី​កាត់​បន្ថយ​ទំនាស់​ផល​ប្រយោជន៍​បាន ទាល់​តែ​យើង​ធានា​ថា ការ​ទទួល​បាន​តំណែង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​​គោលការណ៍​សុចរិត​ និង​សមត្ថភាព​របស់​មន្ត្រី​សាធារណៈ​ ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​ដើម្បី​បម្រើ​ជាតិ ជាជាង​បណ្ដោយ​ឲ្យ​មន្ត្រី​ខិល​ខូច​ ដែល​អ្នកខ្លះ​មិន​ចេះ​អក្សរ​តែ​ប្រើ​វិធី​សូក​បាន់​ដើម្បី​បាន​តំណែង»៕