លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​បញ្ជាក់​ពី​កត្តា​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា ​ដល់​សភាពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក ក្នុង​​«មហា​សន្និបាត​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភព​លោក» ​នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។


លោក ហ៊ុន ម៉ាណែត ថ្លែង​ប្រាប់​ស្ថាបនិក​សភាពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក​​ថា កម្ពុជា​មាន​សន្តិភាព ​ស្ថិរភាព និង​ សុវត្ថិភាព សម្រាប់​ការ​វិនិយោគិន។

លោក​ថា សមាជិក​សភាពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក និង​ ពាណិជ្ជកម្ម​ត្រកូល​លីន​នៅ​កម្ពុជា ប្រហែល​ជា​បាន​ឮ​អំពី​បញ្ហា​សន្តិសុខ​នៅ​កម្ពុជា​តាម​ការ​ផ្សព្វផ្សាយ ប៉ុន្តែ​ ស្ថានភាព​ជាក់ស្ដែង​មាន​សុវត្ថិភាព​ល្អ​ណាស់ សម្រាប់​ការ​វិនិយោគ និង​សម្រាប់​ទេសចរណ៍។


លោក​ក៏​បាន​លើក​ឡើង​ទៀត៖ «កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ហើយ​បើ​យោង​តាម​ស្ថាប័ន​ fDi Intelligence ​កម្ពុជា​​ឈរ​លំដាប់​ថ្នាក់​កំពូល​នៃ​ទីផ្សារ​ថ្មី​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​សម្រាប់​ឆ្នាំ​២០២៤»។

លោក​ថា ច្បាប់​វិនិយោគ​នៅ​កម្ពុជា​មាន​លក្ខណៈ​សេរី និង​មាន​ការ​លើក​ទឹកចិត្ត​ច្រើន​សម្រាប់​វិនិយោគិន​ ដូចជា​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​អាជីវកម្ម​ ១០០​ភាគរយ​ ដែល​ប្រទេស​ជិត​ខាង​មិន​អនុញ្ញាត។ កម្ពុជា​ក៏​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​សម្រាប់​វិនិយោគិន​ជ្រើស​រើស​ផង​ដែរ។


លើស​ពី​នេះ​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ល្អ​សម្រាប់​ការ​វិនិយោគ និង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ទាំង​កម្រិត​តំបន់ និង​ទ្វេភាគី​ជាមួយ​ប្រទេស​ជា​ច្រើន ក៏​ដូចជា​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវគោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​ជាមួយពាណិជ្ជករត្រកូលលីនពិភពលោក។ ក្រសួង​ទេសចរណ៍

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា អ្នក​ចូល​រួម​ក្នុង​មហា​សន្និបាត​នេះ​នឹង​ចូល​រួម​ផ្សព្វ​ផ្សាយ​កាន់​តែ​ទូលំទូលាយ​នូវ​វប្បធម៌​ ប្រពៃណី​ ឱកាស​នៃ​ការ​វិនិយោគ​ដើម្បី​ជំរុញ​ការ​ផលិត​ក្នុង​ស្រុក សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ជួយ​ផ្សព្វផ្សាយ​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​ល្អ តាម​គ្រប់​មធ្យោបាយ​ទៅ​ដល់​សហគមន៍​ចិន​នៅ​ប្រទេស​នានា​នៅ​លើ​ពិភពលោក។

លោក​បាន​អំពាវនាវ​ដល់ ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ចូលរួម​ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុង​យុទ្ធនាការ «ម្នាក់ៗ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់!» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​ទេសចរណ៍!»៕