ភ្នំពេញ៖ កម្ពុជា​បានកំណត់​គោលដៅ​​ក្នុងការ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​អនាម័យ ១០០ភាគរយ​ នៅ​ទូទាំង​តំបន់​ជនបទ​នៅ​ឆ្នាំ ២០៣០។ នេះ​បើ​យោងតាម​សារ​លិខិត​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​​ថ្ងៃទី​ ១២ ខែវិច្ឆិកា​។​


ក្នុងឱកាស​​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទលើកទី ១៥ លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​សុខ​ភាព​សាធារណៈ និង​កម្រិតជីវភាពរ​ស់​នៅ​របស់​សហគមន៍​ជនបទ​។​

​យោងតាម​សារ​លិខិត​របស់លោក​បាន​ឱ្យដឹងថា​៖ «កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រាប់​ការកសាង និង​ការការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨ បានដាក់​ចេញ​នូវ​គោលដៅ ក្នុង​ការបន្ត​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឱ្យសម្រេចបាន​អត្រា​គ្របដណ្តប់ ១០០% នៅ​ឆ្នាំ ​២០៣០»​។​


លោក​បាន​បន្ដថា រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ដើម្បី ផ្សព្វផ្សាយ ក្រើនរំឭកអំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​អនាម័យ​ជនបទ និង​រួមគ្នា​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ស្ថានភាព​អនាម័យ​ជនបទ​នៅ​កម្ពុជា​។

លោក​នាយករដ្ឋមន្ដ្រី​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​អនាម័យ​ជនបទ តាមរយៈ​ការបន្ត​កែលម្អ​លក្ខ​ខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ ដោយ​ផ្តោតលើ​ការពង្រីក​វិសាលភាព​នៃ​ការផ្តល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​។


លោក​ទទួល​ស្គាល់ថា អត្រាកំណើន​នៃ​ការទទួលបាន​សេវា​អនាម័យ​ជនបទនៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ និង​ប្រកបដោយ​មោទនភាព​។

លោក​បាន​ថ្លែងថា​៖ «​នាពេល​បច្ចុប្បន្ន អត្រា​គ្របដណ្តប់​អនាម័យ​របស់​សហគម​ន៍ ជនបទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើន​ឡើងដល់​ប្រមាណ​ជាង ៩០%»។

សិស្សានុសិស្ស​នាំគ្នា​លាងដៃ​ជាមួយ​សាប៊ូ ជា​គោលនយោបាយ​អនាម័យ​ស្អាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​។ រូបថត សហការី​

នៅ​ក្នុងនោះ​មាន​ភូមិ​ចំនួន ៩៦៧៥ ឃុំ​ចំនួន ​៧៩៥ ស្រុក​ចំនួន​៧៩ ក្រុង​ចំនួន​ ១៥ ខណ្ឌ​ចំនួន​ ១៤ និង​ខេត្ត​ចំនួន​ ១០ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប ដែល​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។

ទន្ទឹមនេះ ក្នុងចំណោម​ខេត្ត​ខាងលើ មាន​ខេត្ត​មួយចំនួន​បាននិងកំពុង​វាយតម្លៃ ដើម្បី​ឈានទៅ​សម្រេច​បានជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​។​

លោក​បាន​បន្ថែមថា​៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ និង​យកចិត្តទុកដាក់​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​នៅ​កម្ពុជា បាន​កាន់តែ​ប្រសើរឡើង និង​ឈានទៅ សម្រេច​តាម​គោលដៅ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល»​។​

លោក​នាយករដ្ឋមន្ដ្រី​បានដាក់​ចេញ​នូវ​អនុសាសន៍​ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ ៩ ចំណុច​ក្នុង​ការ​ឈាន​សម្រេច​គោលដៅ​អនាម័យ​ពេញ​លេញ​ក្នុង​ឆ្នាំ​២០៣០​។

បុគ្គលិក​អង្គការ​ Eco-Soap Bank (ESB) ផលិត​សាប៊ូ​លាងដៃ​ ដែល​ប្រមូលពី​ការប្រើ​ប្រាស់​រួច​នៅ​តាម​សណ្ឋាគារ និងផ្ទះ​សំណាក់​នៅសៀមរាប និង​បាត់ដំបង។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍​​

រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​​លើ​តម្រូវការ​សម្រាប់​ការគាំទ្រ​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​គោលដៅ​អនាម័យ​របស់​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​ដែល​មិនទាន់​ទទួលបាន​សេវា​។​

ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​យន្តការ​ចងក្រង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អត្រា គ្របដណ្តប់​អនាម័យ​ជនបទ ឱ្យបាន​កាន់តែ​ច្បាស់លាស់ និង​ប្រកបដោយ​ទំនុកចិត្ត ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវខិតខំ​ស្វែងរក​បច្ចេកវិទ្យា​ថ្មីៗ ទាក់ទង​នឹង​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ដែល​សមស្រប​និង មាន​ភាព​ធន់ ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​ការគ្រប់គ្រង​កាកសំណល់​លាមក​»។​

ស្ត្រីម្នាក់​កំពុង​សប់ទឹក​អណ្តូង​ឱ្យ​កុមារ​ងូត​។ រូបថត Plan Cambodia

ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ និង​អង្គការ​មិនមែន រដ្ឋាភិបាល រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ក៏ដូចជា​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ជំហាន​ទី​ ៣ សម្រាប់​ប្រើប្រាស់​ជា​ផែនទី​បង្ហាញផ្លូវ ក្នុងការ​ជំរុញ​ការលើកកម្ពស់​អនាម័យ​ជន​បទ​។

នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់​លើ​ប្រជាជន​ដែល​ងាយ​រងគ្រោះ ដោយ​ជំរុញឱ្យមាន​សិទ្ធិ​ទទួលបាន​អាទិភាព​ក្នុងការ​លើកកម្ពស់​អនាម័យ​សម្រាប់​ជនក្រីក្រ ក្រុម​ជនជាតិដើម​ភាគតិច និង​ជនពិការ​។

លើសពីនេះ រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​អនាម័យ ដូច​ជាការ​លាងដៃ​ជាមួយ​សាប៊ូ​នៅតាម​សហគមន៍​ជនបទ និង​ស្ថាប័ន​សាធារណៈ​ជាដើម​៕