ភ្នំពេញ: កម្លាំង​ចម្រុះ​ជាង១​ម៉ឺន៦​ពាន់នាក់ នឹងត្រូវ​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយអ្នក​ចូលរួម​ត្រូវបាន​ណែនាំ ​កុំ​ឱ្យ​មាន​ការ​ច្រាន ឬប្រជ្រៀត​គ្នា ដើម្បី​ទប់ស្កាត់​នូវ​ការ​ដួល​សន្លប់។


លោក​នាយ​ឧត្តម​សេនីយ៍​ស​ថេត​អគ្គស្នងការ​នគរបាលជាតិ​បាន​លើក​ឡើង ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១២ ខែវិច្ឆិកាថា ផែន​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុងព្រះរាជ​ពិធីនេះ​ត្រូវបានរៀបចំ​យ៉ាងម៉ត់ចត់។ 

ក្នុងនោះ​មាន​ការ​ចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះ​រាជពិ​ធី​បុ​ណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។ នេះបើយោងតាមនគរបាលជាតិ។


លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖«ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ»។

ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ចំណុះ​ទូក​ជាង​២​ម៉ឺន​នាក់ ប្រ​ទីប​​ចំនួន៣៦ប្រទីប ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗចំនួន១០កន្លែង។


លោកបានណែនាំថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ​ត្រូវធា​នា​ដល់​ព្រះ​រាជ​សុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និង​មហាជន​ដែល​អញ្ជើញមក​​ពីបណ្តាខេ​ត្តទូ​ទាំងប្រទេស ចូលរួមអបអរសាទរកម្សាន្ដសប្បាយក្នុងពិធីនេះ។

លើសពីនេះ កម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និង​អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឱ្យ​បានសម្រេចតាមផែនការដែលបានដាក់ចេញ។

កម្លាំងចម្រុះទាំងជាង១ម៉ឺន៦នាក់នោះ រួមមានមកពី១៦ស្ថាប័ន/អង្គភាព។ ក្នុង​នោះ​មាន​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាកា​រដ្ឋា​នជា​តិ​កម្លាំងពិ​សេស​ប្រឆាំ​ង​ភេរ​វកម្ម បញ្ជាការដ្ឋានកងទ័ពជើងទឹក យោធភូមិភាគពិសេស ព្រមទាំងស្ថាប័ន និង​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។​

ក្នុងព្រះរាជពិធី ដែលនឹងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលបានណែនាំ​ដល់​អ្ន​ក​ចូ​លរួម«កុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រ​សិន​បើ លោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ»។ 

ក្រសួងក៏បានរៀបចំទីតាំងជម្រកតង់ចំនួន១៥កន្លែង និងក្រុមគ្រូពេទ្យប្រចាំការ នៅ​តាម​​គោលដៅនីមួយៗ​ផងដែរ ដើម្បីផ្តល់សេវាសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពបន្ទាន់។ 

ក្នុងអំឡុង​ចូល​រួម​ក្នុង​ពិធី​បុណ្យនេះ អ្នកមានបញ្ហាសុខភាពបន្ទាន់អាចទៅពិគ្រោះជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬម​ន្ទីរ​ពេទ្យរដ្ឋ ដែលនៅជិតបំផុត។ ក្រៅពីនោះ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមាន​បញ្ហា​សុខភាព ក៏ត្រូវចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអុំទូកផងដែរ។  

ក្រសួងក៏បានណែនាំផងដែរថា៖«សូមប្រុងប្រយ័ត្នក្នុងការទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ដើម្បីចៀស​វាងការ​ពុលសារធាតុមេតាណុល ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។​ សូម​កុំប្រើ​ប្រាស់​មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ»៕