រាជរដ្ឋាភិបាល​បាន​បង្កើត​ «គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​អនុវត្ត​កម្មវិធី​ផ្តល់​ដី ​ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»​ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ និង​មាន​សមាជិក​ជា​រដ្ឋមន្ត្រី​មក​ពី​គ្រប់​ក្រសួង​ ស្ថាប័ន​ អភិបាល​ខេត្ត​ទាំង​អស់ បូក​រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ និង​នគរបាលជាតិ។


យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​នេះ បាន​ចែង​ថា គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោលដៅ​«ផ្តល់​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន​និង​ខ្វះ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ និង ​គាំទ្រ​គម្រោង​អភិវឌ្ឍ​សហគមន៍​ ព្រម​ទាំង​ការពារ​ព្រៃ​នៅ​ជិត​ទី​តាំង​ផ្តល់​ដី​ប្រកប​ដោយ​ចីរភាព»។

គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​កំណត់​និង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ចំពោះ​កម្មវិធី​ផ្តល់​ដី ​កំណត់​ទីតាំង​ដី​ដែល​ត្រូវ​ជ្រើសរើស​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ផ្តល់​ដី​នេះ, ពិនិត្យ​និង​សម្រេច​លើ​បុគ្គល​មាន​សិទ្ធិ​ទទួល​បាន​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច។


គណៈកម្មាធិការ​នេះ​ក៏​នឹង​ត្រូវ​ពិនិត្យ​និង​សម្រេច​លើ​ផែនការ​អភិវឌ្ឍ​នៅ​ទីតាំង​និង​នៅ​ជិត​ទីតាំង​ដីសម្បទាន​នេះ និង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំ​បាច់​នានា ទាំង​នៅ​ទីតាំង​កម្មវិធី​ផ្តល់​ដី​និង​តំបន់​តភ្ជាប់។

ព្រះរាជក្រឹត្យ​ដដែល​ចែង​ថា គណៈកម្មាធិការ​នេះ​មាន​ភារកិច្ចៈ «ពិនិត្យ​និង​សម្រេច​លើ​សំណើ​លុបចោល​ការ​សម្រេច​ឬ​កែ​សម្រួល​ផែនការ​ប្រើ​ប្រាស់​និង​បែង​ចែក​ដី ​ព្រម​ទាំង​ដក​ហូត​ដី​ពី​បុគ្គល​មាន​សិទ្ធិ​ទទួល​ដី ដែល​ខក​ខាន​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​កាន់​កាប់​និង​ប្រើ​ប្រាស់​ដី»។ 


គណៈកម្មាធិការ​នេះ​នឹង​ពិនិត្យ​និង​សម្រេច​គម្រោងថវិកា​ក្នុង​ការ​អនុវត្ត​កម្មវិធី​ និង​​សម្រេច​លើ​បណ្តឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពាក់​ព័ន្ធ​កម្មវិធី​នេះ និង​សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ដែល​ចង់​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា រដ្ឋាភិបាល​នឹង​ចែកដី​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិត​ប្រាដក ជាពិសេស​ដី​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ក្លាយ​ជារបង​ការពារ​ទឺកដី​ដ៏​រឹងមាំ។ លោក​ក៏​ធ្លាប់​បាន​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ទៅ​​មេខ្យល់​ដែល​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ដី​សង្គមកិច្ច ដែល​លោក​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​ការ​ឆបោក។

លោក យ៉ង់ គឹមអេង ប្រធាម​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​ បាន​ថ្លែង​ថា កន្លង​ទៅ ការ​ផ្ដល់​ដី​សង្គ​​មកិច្ច​ដល់​ប្រជាពលរដ្ឋ​ដែល​អត់​ដី​បាន​ជួប​បញ្ហា​មួយចំនួន ដូចជា ដី​ដែល​ពលរដ្ឋ​ទទួល​បាន​ត្រូវ​បាន​អ្នក​ផ្សេង​រំលោភ​យក ឬ​ពេល​ខ្លះ​ត្រូវ​បាន​លក់​ពី​ម្នាក់​ទៅម្នាក់។ 

ពេល​ខ្លះ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​មាន​ការ​យឺតយ៉ាវ ហើយ​អ្នក​កាន់​កាប់​មិន​បាន​ប្លង់​តែ​ម្ដង​ ហើយ​ពេល​ខ្លះ​អ្នក​មិន​សម​នឹង​ទទួល​បាន​ដី​បែរ​ជា​បាន​ដី​ទៅ​វិញ។លោក​ថា ការ​ពិនិត្យ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​គឺ​ជា​រឿង​សំខាន់ ហើយ​រឿង​ចាំ​បាច់​មួយ​ទៀត​នោះ​គឺ​ការ​ចូលរួម​ពី​ភាគី​ទី៣ ដែល​ជា​សង្គម​ស៊ីវិល​។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដើម្បី​ឲ្យ​ការ​គ្រប់​គ្រ​ង និង​ប្រើ​ប្រាស់​ដី​សង្គមកិច្ច​មាន​ប្រសិទ្ធភាព​ ត្រូវ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​តាមដាន​ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។ បើ​មិន​អីចឹង​ទេ នឹង​នៅ​តែ​មាន​បញ្ហា​ដដែល។ បើ​ការ​អនុវត្ត​នៅ​តែ​តាម​ខ្សែ​បណ្ដោយ​របស់​រដ្ឋ ពេល​ខ្លះ​មិន​សូវ​មាន​ប្រសិទ្ធភាព ដោយសារ​គ្មាន​អ្នក​ណា​ផ្សេង​មក​ពិនិត្យ​មើល​ និង​គ្មាន​តុល្យភាព»។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ភាព​ម៉ឺងម៉ាត់​ ចៀសវាង​ការ​ផ្ដល់​ដី​នេះ​ប្រែក្លាយ​ជា​ការ​លក់ដី ឬ​ការ​កាប់​ព្រៃ​ឈើ​បន្ថែម​ដើម្បី​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច។ 

លោក​ថា កន្លង​ទៅ​ព្រៃ​ឈើ​នៅ​កន្លែង​ខ្លះ​ត្រូវ​បាន​កាប់​ក្នុង​រូបភាព​យក​ដី។លោក​សង្ឃឹម​ថា គណៈកម្មាធិការ​នេះ​នឹង​គ្រប់គ្រង​ការ​បែង​ចែក​ដី​នេះ​ប្រកប​ដោយ​សមធម៌ និង​គ្មាន​លម្អៀង តាម​រយៈ​ការ​ពិនិត្យ​តាម​ដាន​ថា​តើ​អ្នក​ដែល​បាន​ដី​ពិត​ជា​ក្រ​មែន ហើយ​ដី​នោះ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​អត់។

លោក អំ សំអាត នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កាដូ លើក​ឡើង​ថា កន្លង​ទៅ​ការ​ទន្ទ្រាន​ដី​ព្រៃ​ទ្រង់ទ្រាយ​ធំ​ភាគច្រើន​ដោយ​មនុស្ស​មាន​អំណាច ឬ មាន​លុយ​ ចំណែក​ការ​ទន្ទ្រាន​ដោយ​ប្រជាពលរដ្ឋ​គឺ​ដើម្បី​តែ​ធ្វើ​ចម្ការ​ខ្នាត​តូច​ប៉ុណ្ណោះ។ លោក​ថា ការ​ទន្ទ្រា​ដោយ​អ្នក​មាន​ឥទ្ធិពល​អាច​តាម​រយៈ​ការ​ប្រើប្រាស់​ប្រជាពលរដ្ឋ ហើយ​កន្លែង​ខ្លះ​គឺ​អាជ្ញាធរ​ខ្លះ​ជាប់​ពាក់​ព័ន្ធ។

លោក​ថា កន្លង​ទៅ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ក៏​មាន​បញ្ហា​ខ្លះ​ដែរ ព្រោះ​ដី​ខ្លះ​ប៉ះ​ពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ ដី​សម្បទាន​សង្គមកិច្ច​ត្រូវ​ការ​រយៈ​ពេល ៥ ឆ្នាំ​ដើម្បី​បាន​ប័ណ្ណ​កម្មសិទ្ធិ ប៉ុន្តែ​ពេល​ខ្លះ​ពលរដ្ឋ​​សម្រេច​លក់​ដី​នោះ​ចេញ​ដោយសារ​តែ​កង្វះ​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​លោក​ចាត់​ទុក​ថា​ជា​កត្តា​សំខាន់​ដើម្បី​ឲ្យ​ការ​ផ្ដល់​ដី​នេះ​មាន​ប្រសិទ្ធភាព និង​ចិរភាព៕