ភ្នំពេញៈ​​ រាជរដ្ឋាភិបាល​កម្ពុជា នឹងរៀបចំ​កិច្ច​ប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិករ​កម្មវិធី​ផ្តល់អាហារ​នៅសាលារៀន​តំបន់អាស៊ីអាគ្នេយ៍​ចាប់ពីថ្ងៃទី ១៨ ​ដល់​ទី ២០​ខែវិច្ឆិកានេះ នៅក្នុងក្រុងសៀមរាប​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​មូលធនមនុស្ស​និង​កែទម្រង់ប្រព័ន្ធ​ស្បៀង​អាហារ​ឱ្យកាន់តែ​ប្រសើរឡើង។


កិច្ចប្រជុំកំពូល ដែលធ្វើឡើងដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង ​នឹង​ត្រូវ​រៀប​ចំ​ក្រោមក្របខណ្ឌនៃសម្ព័ន្ធ ប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល។

វាជា ព្រឹត្តិ​ការ​ណ៍ដ៏​សំខាន់មួយ ដែលបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញា​ចិត្ត​ពីបណ្តា​ប្រតិបត្តិករ​នៃ​កម្មវិ​ធីផ្តល់​អាហារ​នៅ​សាលារៀននៅក្នុង តំបន់ ក្នុងការ​ជំរុញ​ការ​អភិ​វឌ្ឍ​មូល​ធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។​នេះ​បើ​យោង​តាម​​សេ​ច​ក្តីប្រកាសព័ត៌មានរួមមួយ នាថ្ងៃ ១២ ខែវិច្ឆិកានេះ។


សេចក្តីប្រកាសសរសេរថា៖«កិច្ចប្រជុំនេះ មានគោលបំណងធានាឱ្យបានកាន់ច្បាស់លាស់ថា កុមារនៅ បណ្តា​ប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍និងតំបន់ផ្សេងៗទៀត នឹងទទួលបានអាហារនៅសាលារៀនប្រកប ដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពប្រសើរ នៅត្រឹមបំណាច់ឆ្នាំ ២០៣០»។

នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាបានកំពុងតែអនុវត្ត កម្មវិធី​ផ្តល់​អា​ហារ​នៅសាលារៀន ដោយប្រើកសិផល​សហគមន៍ ដែលមានវិសាលភាពលើសាលាបឋម សិក្សា​គោលដៅ ប្រមាណ ២ ភាគ ៣។ 


កម្ពុជាប្តេជ្ញាចិត្ត ក្នុងការសម្រេចបាន នូវការគ្របដណ្តប់ផ្នែក ថវិកាអនុវត្ត​កម្ម​វិធី​ឱ្យបានដល់សាលាបឋមសិក្សាចំនួន ១១១៤ និងផ្តល់អាហារជូនដល់កុមារឱ្យបាន ៣០ម៉ឺននាក់ នៅ​ត្រឹម​ឆ្នាំ ២០២៨។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ។

ក្រុមប្រឹក្សាជាតិគាំពាសង្គមបានឱ្យដឹងថា សាលារៀនគោលដៅទាំង ១១១៤ ក្នុងតំបន់ ដែលជីវភាពពលរដ្ឋ​នៅ​មានកម្រិតនោះ គឺស្ថិត ក្នុងខេត្តចំនួន ១០ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ។ 

កម្មវិធី​ ដែលអនុវត្តរួមគ្នា​ដោយរាជ​រដ្ឋា​ភិបាលកម្ពុជា និង​កម្មវិធី​ស្បៀង​អា​ហារ​​ពិភពលោកនេះ បានរួមចំ​ណែកដ៏សំខាន់​ក្នុងការកសាង​មូល​ធន​មនុ​ស្ស តាមរយៈ​ការផ្ដល់​អាហារ​ពេល​ព្រឹកដល់កុមារ ដែលជាសិស្ស។

ក្រសួងអប់រំក៏បានរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសា​លា​រៀន​ឆ្នាំ ២០២៤-២០៣៥ ដែលជាឯកសារកម្រិតគោលនយោបាយដើម្បីសម្រេចបានចក្ខុវិស័យ របស់រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងការអប់រំកុមារ ព្រមទាំងរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូលដ្ឋាន។

ការផ្ដល់អាហារពេលព្រឹកដល់សិស្សានុសិស្ស នៅតាមសាលារៀនគោលដៅ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ រូបថតៈ ក្រុមប្រឹក្សាជាតិគាំពាសង្គម

សេចក្តីប្រកាសរួមក៏បានលើកឡើងផងដែរថា លើសពីនេះទៀត រដ្ឋាភិបាលក​ម្ពុជាក៏ប្តេជ្ញា​បង្កើន​ចំនួន​អា​ហា​រូបករណ៍ដល់សិស្ស ដែលងាយរងគ្រោះ ពី​២៥​ម៉ឺន​នាក់ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ឱ្យដល់​ប្រ​ហែល​ជា ៦៥ម៉ឺននាក់ នៅដើមឆ្នាំ ២០២៥ខាងមុខ។ 

ប្រ​ការ​នេះ ជាការធានាបាននូវ​ការគាំពារផ្នែក​អាហារូបត្ថម្ភ​សម​រម្យ និងបរិស្ថានស្បៀងអាហារសមប្រកប ដែល​អាចរក្សាប្រសិទ្ធភាពនៃដំណើរការលទ្ធកម្ម និងការចែក ចាយ​ស្បៀងអាហារ ការកសាងសមត្ថភាពស្ថាប័ន និងការធានានិរន្តរភាពនៃហិរញ្ញប្បទាន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានលើកឡើង​ក្នុង​សេចក្តី​ប្រកាសថា កិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏ពិសេសមួយ ដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ អាច​ប្រមូល​ផ្តុំគ្នា​ផ្តោះប្តូរ បទពិសោធល្អៗ និងបញ្ជាក់​សារជាថ្មីនូវ​ការប្តេជ្ញាចិត្តក្នុង​ការផ្តល់អាហារ​ដែលប្រកប​ដោយ​អាហា​រូបត្ថ​ម្ភដល់កុមារ ដែលជាការតម្កល់ភាពចាំបាច់ នៃកម្មវិធីផ្តល់អាហារនៅសាលារៀន ជាឧបករណ៍​មួយ​នៃ​កម្មវិធីជាតិ គាំពារសង្គម។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«កិច្ចប្រជុំនេះ នឹងគូសបញ្ជាក់ពីបំណងប្រាថ្នានៃកម្ពុជា ចំពោះ​ការបណ្តុះ​មូល​ធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខមាលភាពនៃកុមារ»។

កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួម ពីតំណាងនៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់ ដែល​អញ្ជើញ​មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ក៏ដូចជាតំណាងមកពីប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង។ 

កិច្ច​ប្រជុំនេះ ជាសក្ខីកម្ម នៃកាលានុវត្តភាពដ៏ចាំបាច់បំផុត ដែលស្ថាប័នពាក់ព័ន្ធទាំងអស់ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអគ្នេយ៍ នឹងត្រូវរួមសហការលើគោលនយោបាយ ដែលមានគោលដៅ លើកកម្ពស់សុខភាព ការ​អប់រំ និងសក្តានុពលនាថ្ងៃអនាគតសម្រាប់កុមារ តាមរយៈនិរន្តរភាពនៃកម្មវិធី ផ្តល់អាហារនៅសាលារៀន។

របៀបវារៈនៃកិច្ចប្រជុំកំពូលនេះនឹងរួមបញ្ចូលការពិភាក្សា លើការពង្រឹងគុណភាពនិងប្រសិទ្ធភាព ការ​កែ​លម្អ​ក្របខណ្ឌគោលនយោបាយ ការធ្វើឱ្យប្រសើរឡើងនូវយន្តការហិរញ្ញប្បទាន និងការបំផុស កិច្ច​សម្រប​សម្រួលអន្តរវិស័យ នៃការអនុវត្តកម្មវិធីផ្តល់អាហារ និងការគាំទ្រផ្នែកអាហារូបត្ថម្ភនៅសាលា រៀន៕