ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​សម្រេច​គោល​ដៅ​ទប់ស្កាត់ ​និង​កាត់​បន្ថយ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង​ឲ្យ​បាន​ ៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ។


សេចក្ដី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​អន័ត​ដោយ​គណៈរដ្ឋមន្ត្រី ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ ក្រោយ​ពេល​ក្រសួង​សាធារណការ​បាន​រៀចំ​ឡើង​ជាង​១០​ឆ្នាំ​​មុន និង​បន្ត​ប្រជុំ​ពិគ្រោះ​យោបល់​ចំនួន​១១៦​លើក។ សេចក្តី​ព្រាង​ច្បាប់​​ដែល​មាន ១៦​ជំពូក និង​១១៣​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិការ​នេះ ​ថ្លែង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​គ្រប់​គ្រង​ការ​អភិវឌ្ឍ ​ការ​សាង​សង់ ការ​ជួស​ជុល ការ​ថែទាំ ការ​ធ្វើ​ប្រតិបត្តិការ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​ធានា​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់​និង​ការ​ការពារ​បរិស្ថាន រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខមាលភាព​សាធារណៈ​នៅ​កម្ពុជា។


បញ្ហា​ទឹក​ស្អាត និង​អនាម័យ ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​បញ្ហា​អទិភាព ​និង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​ជាតិ និង​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទទួល​បាន​ទឹក​ស្អាត​និង​អនាម័យ ដោយ​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ការ​កែច្នៃ​ឡើង​វិញ ការពង្រឹង​យន្តការ​តាម​ដាន និង​ការ​កាត់​បន្ថយការ​បំពុល​ទឹក ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ និង​ប្តេជ្ញា​ដាក់​ចេញ​នូវ​វិធានការ​ទប់​ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់ ដែល​មិន​ទាន់​ធ្វើ​ប្រព្រឹត្តកម្ម ឬ​បាន​ធ្វើ​ប្រព្រឹត្តកម្ម​មិន​ទាន់​បាន​ត្រឹម​ត្រូវ​ល្អ ហើយ​បង្ហូរ​ចូល​ក្នុង​តំបន់​ទឹកសាធារណៈ ដូចជា​ សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យ​បាន ៥០​ភាគរយ នៅ​ឆ្នាំ​២០៣០ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ។


អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាល​ពី​ខែ​សីហា​ ថា កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ទឹក​កខ្វក់​ស្រាប់ ​និង​កំពុង​សាង​សង់​ថ្មី​ជាច្រើន​នៅ​ ប៉ុន្តែ កម្ពុជា​ពុំ​ទាន់​មាន​លិខិតបទដ្ឋាន​គតិយុត្ត ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​គ្រប់​គ្រាន់​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ទឹក​ខ្វក់ មាន​ភាព​ចាំបាច់។

សេចក្ដី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ផ្តួច​ផ្តើម​រៀប​ចំ​ចាប់​តាំង​ពី​ឆ្នាំ២០១៣ ដោយ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន (JICA) ក្នុង​ឆ្នាំ​២០០០។

កាល​ពី​ខែ​សីហា​កន្លង​ទៅ ក្រសួង​បរិស្ថាន​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​ដូង​ប្រេង​របស់​លោក ម៉ុង ឫទ្ធី ក្នុង​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ (៤០​លាន​រៀល) ដោយសារ​តែ​បាន​បញ្ចេញ​កាក់​សំណល់​រាវ​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម ចូល​ទៅ​ក្នុង​ស្ទឹង​ព្រែក​កំពង់​សីលា ​ស្ថិត​នៅ​ភូមិ​អន្លង់​ក្រពើ ឃុំតានៃ ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បង្កការ​បំពុល​ទឹក និង​ត្រីងាប់។ ការផាក​ពិន័យ​នេះ​យោង​ទៅ​លើ​អនុក្រឹត្យ​លេខ ២៧ ស្តីពី​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​ទឹក។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​ ក្រសួងបរិស្ថាន​ក៏​បាន​ពិន័យ​ក្រុមហ៊ុន ​Phoenix Industrial​ ក្នុង​ទឹក​ប្រាក់​​ជាង ៥០​ ម៉ឺន​ដុល្លារ​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​​បាន​ធ្វើ​ឱ្យ​លេច​ធ្លាយ​ទឹក​ខ្មៅ​កខ្វក់​ដែល​មាន​ជាតិពុល​ចូល​ស្ទឹង​សង្កែ ក្នុង​ខេត្ត​បាត់​ដំបង។ ក្រសួង​ក៏​បាន​ម្រូវ​ឱ្យ​ក្រុមហ៊ុន​នេះ​ប្តូរ​ទីតាំង​រោង​ចក្រ​ចេញ​ឆ្ងាយ​ពី​ស្ទឹង​សង្កែ​យ៉ាងតិច​ ១០​ គីឡូម៉ែត្រ​ផង​ដែរ៕