ស្រោមអនាម័យចំ​នួន ១១៥,២០០ស្រោម​ និង​ទឹក​រំអិល​ចំនួន ​៤ពាន់​កញ្ចប់​ នឹង​ត្រូវ​ចែក​ជូន​សាធារជន​ក្នុង​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល ៣ ថ្ងៃ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ។​


ការ​ចែក​ជូន​នេះ​នឹង​អម​ទៅ​ដោយ​​ប័ណ្ណព័ត៌មាន​អប់រំសុខភាព​ពីមេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ចំនួន ៤៥,៥០០ប័ណ្ណ, ថ្នាំបង្ការ​មុន និង​ក្រោយ​ពេល​ប្រឈម ​ចំនួន ៣,០០០ឈុត, ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ផ្តល់​ប្រឹក្សា ​និង​ព្យាបាល​ជំងឺ​អេដស៍​និង​កាមរោគ, កម្មវិធី​សំណួរ​និង​ចម្លើយ​ផ្តល់​វត្ថុ​អនុស្សាវីយ៍​អាវយឺត​ចំនួន​ ៨០០​អាវ ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្រុង​រណបជ្រោយចង្វារ (OCIC)។ នេះ​បើ​តាម​លោក ស៊ឹម ស៊ូយេង អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ដែល​ត្រូវ​បាន​សម្ភាស​ដោយ​សារព័ត៌មាន​ហ្វ្រេសញូវ។

ការចែក​ជូន​នេះ​ដើម្បី​បន្ត​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ ខណៈដែល​ចំនួន​អ្នក​ឆ្លង​មេរោគអេដស៍​នៅ​កម្ពុជា​មាន​និន្នាការ​ថយ​ចុះ។


ការ​សិក្សា​របស់​ UNAID  ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​កក្កដា ​បញ្ចាក់​ថា នៅ​ឆ្នាំ​២០២៣ ករណី​ឆ្លង​ថ្មីមាន​ ១២០០​ករណី ធ្លាក់​ចុះ​ពី ១,៣០០​ករណី​នៅ​ឆ្នាំ​២០២២។

នៅ​ឆ្នាំ​២០២៣ កម្ពុជា​មាន​​អ្នកផ្ទុក​និង​អ្នក​ជំងឺ​អេដស៍​មាន​ចំនួន​ប្រមាណ ៧៦,០០០​នាក់។


សម្រាប់​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ដែរ ក្រសួ​សុខាភិបាល​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​បម្រើការ ចំនួន​៦០៧នាក់​ក្នុង​មួយ​ថ្ងៃ និង​រថយន្ត​គិលានុសង្រ្គោះ​ប្រចាំការ​តាម​គោល​ដៅ​ចំនួន​ ៦០​គ្រឿង រថយន្តគ្លីនិក​ចល័ត​ចំនួន ២គ្រឿង និង​ជម្រក​តង់​ពិនិត្យ​សុខភាព​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ចំនួន ១៥​កន្លែង ដែល​ផ្តល់​សេវា ២៤​ម៉ោងក្​នុង​រយៈ​ពេល​៣​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល៕