កំពង់ចាម៖ សត្វ​ផ្សោត​ញី​មួយ​ក្បាល ​ត្រូវបាន​ប្រទះ​ឃើញ​ស្លាប់ ​នៅក្នុង​ភូមិព្រែកបាក់២ ​ឃុំព្រែកបាក់​ ស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម ដោយសារ​វ័យចាស់ ដែល​ធ្វើ​ឱ្យ​ចំនួនផ្សោត​ទន្លេមេគង្គ​នៅសល់ ​១០៤​ក្បាលគិតត្រឹមដើមខែវិច្ឆិកានេះ។ នេះបើ​យោង​តាម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​នាថ្ងៃទី១៤​ខែវិច្ឆិកា។ 


ក្រោយ​ពីត្រូវ​បាន​ប្រទះ​ឃើញ នាថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមការងារ​រដ្ឋបាល​ជលផល នៃក្រសួង​កសិកម្ម និងអង្គការ WWF-កម្ពុជា​បានធ្វើការ​ពិនិត្យ​សាកសព។ លទ្ធផល​បានបង្ហាញថា ផ្សោតនេះមាន​លេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី​ខេត្តក្រចេះ​ដែលមានអាយុ​ប្រមាណ​២៨ឆ្នាំ​ប្រវែង២,៣៥ម៉ែត្រ​ទំងន់១១៥គីឡូក្រាម​គ្មានធ្មេញ​និងពុំមានស្លាកស្នាម​លើដងខ្លួន​នោះទេ។ 

ក្រសួង​បញ្ជាក់ថា៖«កម្ពុជា​បានបាត់បង់​សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់...ក្រុមការងារ​បានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា»។ 


ចាប់ពីខែមករា ដល់ ដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ ចំនួនកើតថ្មីរហុតដល់ទៅ៩ក្បាលនេះ ជាអត្រាកំណើតច្រើនបំផុតពុំធ្លាប់មានទេ បើគិតចាប់​តាំងពី​ឆ្នាំ ២០២១មក។ 

កូនផ្សោត ដែលកើតថ្មីចុងក្រោយ ត្រូវបានប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជល​ផល និង​អង្គការ​WWF-កម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា នៅអន្លង់កាំពី ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។


នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ប៉ុន្តែផ្សោតបានស្លាប់ចំនួន​៩​ក្បាល។ នៅ​ឆ្នាំ២០២២ ផ្សោតបានកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកនៅ​ឆ្នាំ២០២៣ មាន​ផ្សោត​កើត​ចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល។

ក្រសួងបានឱ្យដឹងថា តាមរយៈការធ្វើជំរឿនចុងក្រោយបង្អស់នាឆ្នាំ២០២៤នេះ កម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់ក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ 

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជារតនៈសម្បត្តិធម្មជាតិមានជីវិត។ ចំពោះមុខ រដ្ឋបាលជលផល សហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បន្តពង្រឹងកិច្ចការពារឱ្យបានម៉ឺងម៉ាត់ ដោយដាក់ឆ្មាំទន្លេយាមល្បាតជាប្រចាំ ដើម្បីទប់ស្កាត់​ឱ្យបាននូវការប្រើប្រាស់​ឧបករណ៍នេសាទ​ហាមឃាត់ក្នុងតំបន់គ្រប់គ្រង​សត្វផ្សោតទន្លេមេគង្គ។     

ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋ​នៅមូលដ្ឋាន ឱ្យសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោតនិងឧបករណ៍ឆក់ត្រី តាមរយៈលេខទូរស័ព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕