លោក សុខ ស៊ុនណារ៉េត ​ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​ ស៊ន តារា ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពីបទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» តាម​មាត្រា ៤០​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។


អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក សុខ ស៊ុនណារ៉េត ​អាយុ ៦៦​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ហើយ​សំណុំ​រឿង​នេះ​បាន​មក​ដល់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

បើ​តាម​តុលាការ លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​រក​ឃើញ​ថា​មាន​គ្រឿង​ញៀន​ចំនួនពីរ​កញ្ចប់ ជា​ប្រភេទ​មេតំហ្វេតាមីន​ទម្ងន់ ១៥,៥២​ក្រាម និង​សារធាតុ​មិន​ច្បាស់​ចំនួន​មួយ​កញ្ចប់​ទម្ងន់ ១៣,៧៨​ក្រាម។


អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ថ្លែង​ថា៖ «បន្ទាប់​ពី​បាន​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ និង​ពិនិត្យ​ភស្តុតាង​នានា​ក្នុង​សំណុំ​រឿង​រួច​រាល់​ ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លើ​ជន​ត្រូវ​ចោទ​ខាង​លើ ដើម្បី​បន្ត​ការស៊ើប​សួរ​តាម​នីតិ​វិធី​ច្បាប់។

បន្ទាប់​ពី​មាន​ការ​ចាប់​និង​ឃុំ​ខ្លួន​នេះ​ លោក ស៊ន តារា ដែល​ជា​សកម្មជន​ប្រឆាំង​ល្បី​ម្នាក់ ​និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​ចេញ​ប្រតិកម្ម​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​លែង ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ការ​ «ខឹង​គោ វាយ​រទេះ»។


បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បំភ្លឹ​ថា កម្លាំង​កងរាជ​ អាវុធហត្ថ​ខេត្ត​កំពង់​ស្ពឺ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ សុខ ស៊ុនណារ៉េត​ ពាក់​ព័ន្ធ​នឹង​ករណី​បទល្មើស​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ថ្លែង​ដូច្នេះ​ថា៖ «ចំពោះ​ករណី​ខាង ​លើ​នេះ​ មិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​កិច្ចការ​កងទ័ព​ ឬ​កិច្ចការ​នយោបាយ​ឡើយ​ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ជាក់​ស្តែង​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ប៉ុណ្ណោះ។ ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​នឹង​បន្ត​តាម​ដាន​ករណី​ខាង​លើ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់»៕