ភ្នំពេញ៖ លោក ហួត ហាក់​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បានថ្លែង​កាលពីព្រឹក​ថ្ងៃទី ១៦ ខែ​វិច្ឆិកា​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​បាន​ធ្វើដំណើរ​កម្សាន្ដ​ទូទាំង​ប្រទេស​ប្រមាណ ៤​,៣​លាននាក់​។


លោក ហាក់ បានថ្លែង​ប្រាប់​ទូរទស្សន៍ជាតិ​កម្ពុជា (ទ.ទ.ក)​ ថា​៖ «ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មាន​រហូតដល់ ៦​ម៉ឺន​នាក់​។ សម្រាប់តែ​រាជធានីភ្នំពេញ​មួយ​ យើង​មាន​ដល់ទៅ ៣,៣​លាន​នាក់​»។

លោកបាន​លើកឡើងពីសារៈ​សំខាន់​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក​ថា ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នេះ គឺជា​ឱកាស​មួយ​ដែល​ធ្វើ​ឱ្យ​ចរន្ដ​សេដ្ឋកិច្ច​ដើរ​ ដោយ​លោក​បាន​លើកឡើងថា ពីសម្ដី​របស់​លោកនាយករដ្ឋមន្ដ្រី​អះអាងថា ទេសចរណ៍គឺជា​មាស​បៃតង​ និង​ជន្ទល់​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ដល់​ប្រទេស​ជាតិ៕