ភ្នំពេញៈ សំណល់ថ្ម​ពិល​ជាង ៤​,១ ​តោន​ត្រូវ​បាន​ប្រមូល​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​ជួយ​កាត់​​បន្ថយ​ផល​ប៉ះ​ពាល់ ទាំង​ទៅ​លើ​បរិស្ថាន និង​សុខភាព​របស់​មនុស្ស ​ជាពិសេស បញ្ហា​ជំងឺ​តម្រងនោម ស្រ្តី​មាន​ផ្ទៃពោះ​ និង​ទារក​នៅ​ក្នុង​ផ្ទៃ។


លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹងថា ចាប់​តាំង​ពី​ឆ្នាំ ២០២១ រហូត​ដល់​បច្ចុប្ប​នេះ ក្រសួង​បរិស្ថាន​បាន​ធ្វើការ​ប្រមូល​សំណល់​ថ្ម​ពិល ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia)។

ការប្រមូល​នេះ​គឺ​ធ្វើឡើង​តាម​រយៈ​ការ​ដាក់​ពង្រាយ​ធុង​សំរាម​ប្រមាណជា​ ២០០​ ធុង នៅ​តាម​តំបន់​សំខាន់ៗ​មួយ​ចំនួន ជាពិសេស នៅ​តាម​ទីសាធារណៈ ស្ថាប័នរដ្ឋ សាលារៀន ផ្សារ​ទំនើប បុរី ភោជនីយដ្ឋាន សណ្ឋាគារ និង ស្ថានីយ៍​ប្រេងឥន្ធនៈ ជាដើម។


លោក​មាន​ប្រសាសន៍​ថា៖ «បើ​យើង​គិត​ពី​ចំនួន​ថ្មពិល ដែល​យើង​ប្រមូល​បាន​ក្នុង​រយៈពេល ៥​ឆ្នាំនេះ មាន​រហូត​ដល់​ទៅ ៤​តោនជាង។ យើង​កំពុងតែ​ពិនិត្យ​ទាញយក​ផល​ប្រយោជន៍​ពី​សំណល់​ទាំង​នោះ មុន​នឹង​យក​ទៅ​ដុត​កម្ទេចចោលនៅ​តាមឡ ដែល​មាន​ស្តង់ដារ»។

ថ្មពិល​មាន​ច្រើន​ប្រភេទ​ដូចជា ប្រភេទ អាកាល់លាញ់ (Alkaline) ដែល​ប្រើ​ច្រើន​ជាង​គេ​សម្រាប់​ឧបករណ៍​តូច និង​តម្រូវ​ការតិច។ ប្រភេទ លីចូមអ៊ីយ៉ុង (Lithium Ion) ដែលសម្រាប់​ឧបករណ៍​ដូចជា ទូរស័ព្ទចល័ត និង​កុំព្យូទ័រ និងប្រភេទ នីកែលម៉ែតាលហៃដ្រី (Nickel Metal Hydride) ប្រើសម្រាប់​ឧបករណ៍​ដែល​តម្រូវ​ថាមពល​ខ្ពស់​ដូចជា ម៉ាស៊ីថត ឧបករណ៍​កីឡា ឬ​រថយន្ត​អគ្គិសនី​ជាដើម។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន​អេកូបាត។


ក្រុមហ៊ុនលើកឡើងថា៖«ថ្មពិលចាស់ ឬសំណល់ថាមពល ជាប្រភេទសំណល់មានផ្ទុកទៅដោយ សារ​ធាតុ​គ្រោះថ្នាក់ មាន​កម្រិត​ពុល​ខ្លាំងដូចជា បារត (HG) នីកែល (Ni) និង​ សំណ (Na)ជាដើម។ ដូចនេះការទុក​ដាក់ ឬបោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវ នឹងបង្កឱ្យមានការសាយភាយ សារធាតុ​គ្រោះ​ថ្នាក់​ចូល​ទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស»។

ការបង្កផលប៉ះពាល់នោះ មានដូចជា វាបណ្តាលឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង និង បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនា សាចដុំ បាត់ការចងចាំ។

ក្រុមហ៊ុនបញ្ជាក់ថា៖«វាបង្កឱ្យកើតជម្ងឺមហារីក ខូចប្រព័ន្ធស៊ាំ បំផ្លាញកោសិកា បង្កការរលូតគត៌ ធ្វើ​ឱ្យទារក​កើតមក មិនមានភាពប្រក្រតី និងបង្កវិរូបកាយទារក ដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ»។

លោក ឆឺយ បូណា អ្នកគ្រប់គ្រងផ្នែកសំណល់ ថ្មពិល និងអេឡិចត្រូនិចរបស់ក្រុមហ៊ុន អេកូ​បាតបានឱ្យដឹងថា​បន្ទាប់ពីប្រមូលរួចមក ក្រុមហ៊ុនបានយកកាកសំណល់ទាំងនោះទៅ បែងចែកតាមផ្នែក (Alkaline battery & Lithium Battery ) និងបានរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពនៅក្នុងឃ្លាំង។

លោកថ្លែងថា៖«បានជាក្រុមហ៊ុនបង្កើតឱ្យមានការប្រមូលកាកសំណល់ថ្មពិលនេះឡើងដើម្បីជួយការការពារដល់បរិស្ថាន សំណល់ថ្មពិលមានផលប៉ះពាល់ដល់សុខភាពមនុស្សទាំងមនុស្សចាស់ កុមារ ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាដើម»។

លោក ខ្វៃ អាទិត្យា ក៏បានឱ្យដឹងផងដែរថា ក្រោយពីប្រមូល ថ្មពិលទាំងនោះ​ក៏ត្រូវបាន​យកទៅកែច្នៃ ដើម្បី​ផលិត​ជារបស់ប្រើប្រាស់ឡើងវិញផងដែរ។ ក្រសួង និងក្រុមហ៊ុនក៏កំពុងតែធ្វើការសិក្សាទៅលើការដក​យក​ជា​តិ​ពុ​លចេញពីថ្មពិល ហើយកំទេចដែលនៅសេសល់អាចយកទៅកែច្នៃធ្វើជាជីកសិកម្ម។

លោកបញ្ជាក់ថា៖«យើងឃើញថា នៅក្នុងថ្មពិលនេះ គឺមានកំទេច ដែលអាច​ទាញ​យក​មកធ្វើ​ជា​ជីក​សិកម្ម​ផងដែរ។ នៅក្នុងនោះគឺយើងដកជាតិពុលចេញ គឺយើង អាចមានផលិតភាព ដែលអាចធ្វើជីកសិកម្ម ស​ម្រាប់​ដាក់ដំណាំផ្សេងៗ។ អញ្ជឹងយើងកំពុងសិក្សាទៅលើការទាញយកការកែច្នៃ ថ្មពិល​ទៅ​ធ្វើជាជីក​សិកម្ម​នេះ​ជាមួយនឹងក្រុមហ៊ុន»។

លោកបានបន្តថា ក្រៅពីសំណល់ថ្មពិល ក៏មានការប្រមូលសំណល់អាគុយ និងសំណល់បរិក្ខាអគ្គិសនី ផង​ដែរ។ សំណល់ទាំងនោះ ត្រូវបាន​យកទៅ​ទុក​ដាក់​ត្រឹម​ត្រូវ​ដោយ​អនុលោម​ទៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​សុវ​ត្ថិភាពបរិស្ថាន នៅក្នងឃ្លាំងរបស់ក្រុមហ៊ុនអេកូបាត ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។

ចំពោះសំណល់អាគុយ និងសំណល់បរិក្ខាអគ្គិសនីមួយចំនួន ក្រុមហ៊ុនជួសជុលសម្រាប់ប្រើប្រាស់ឡើងវិញ និងដោះបំបែកទាញយកធនធានសម្រាប់នាំចេញទៅក្រៅប្រទេសសម្រាប់កែច្នៃ។ ចំណែក​សំណល់​ថ្មពិល​ក្រុមហ៊ុនក៏នឹងធ្វើការនាំចេញទៅក្រៅប្រទេស ដើម្បីធ្វើប្រព្រឹត្តកម្ម ដោយអនុលោម​ទៅតាមលិ​ខិតបទ​ដ្ឋាន​គតិ​យុត្តជាតិជាធរមាន និងអនុសញ្ញាបាស៊ែលស្តីពីការត្រួតពិនិត្យការចរាចណ៍សំណល់គ្រោះថ្នាក់ឆ្លងដែន និងការបោះបងចោល ដែលកម្ពុជាភាគី។ ប៉ុន្តែ ក្រុមហ៊ុន​ មាន​បំណង​បង្កើត​រោង​ច​ក្រ​កែ​ច្នៃ​សំណល់​ទាំង​នេះ​នៅ​ក្នុ​ងប្រទេស នាពេលអានាគត។

លោកអាទិត្យាបានអំពាវនាវដូច្នេះថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យពលរដ្ឋកុំបោះ សំណល់គ្រោះថ្នាក់​ដូចជាថ្មពិល អាគុយ ជាមួយនឹងសំណល់សំរាម សំណល់ប្លាស្ទិក ត្រូវចេះញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់​បន្ថយប្រើប្រាស់ប្លាស្ទិក ដើម្បីធ្វើឱ្យកម្ពូជាយើងស្អាត ផ្ទះយើងស្អាត ភូមិយើងស្អាត ហើយ​នឹង​ប្រ​ទេស​យើងស្អាតនាថ្ងៃអនាគត»។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ដែល ​នៅទូ​ទាំង​ប្រទេស​មា​ន​សំរាម ជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ។

ក្នុងនោះរាជធានីភ្នំពេញបាន​បង្កើត​សំរាម​រហូត​​ដល់ទៅ៥​ពាន់​តោន​ក្នុង​១ថ្ងៃ។ សំណល់​ត្រឹមតែ ៥០​ទៅ​៦០​ភាគរយ ដែល​ត្រូវបាន​ប្រមូល ហើយ​យក​ទៅ​ចាក់​ស្ទើរតែ​ទាំងអស់​នៅ​ទីលាន​ចាក់សំរាម។ នៅក្នុង​នោះ ការកែច្នៃ​នៅមានកម្រិត​នៅឡើយ ដែលមាន​ប្រមាណ​ជា ១០​ទៅ ១៥​ភាគរយប៉ុណ្ណោះ។ កត្តានេះ​ធ្វើឱ្យ​បរិមាណ​សំរាមមាន​ការកើនឡើង។ ​នៅក្នុង​សំ​ណល់ ១០០​ភាគរយ ដែល​បង្កើត​រាល់ថ្ងៃនេះ គឺមានពី៦០ ទៅ​៦៥ ភាគរយ ជា​សំណល់​សរីរាង្គ ២០ ភាគរយ​​ជា​សំណល់​ប្លា​ស្ទិ​ក និង​ជាង​១០​ភាគរយ​ជា​សំណល់​រឹង ដូចជា​សំណល់គ្រឿង​អេ​ឡិចត្រូនិក ជាដើម៕