ក្រសួង​ទេសចរណ៍​កំពុង​បន្ត​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​សម្រាប់​ជនរងគ្រោះ​ជាង ៨០ គ្រួសារ​ដែល​បាត់​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទៅ​លើ​ក្រុមហ៊ុន​ទេសចរណ៍ ​សកុណា ត្រាវែល ពាក់​ព័ន្ធ​នឹង​ការ​ទិញ​សំបុត្រ​យន្ត​ហោះ​ដែល​គ្មាន​សុពលភាព​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស។


ការ​សម្រប​សម្រួល​ចុង​ក្រោយ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ដឹកនាំ​ដោយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​មាន​ការ​ចូលរួម​ពី​មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និង​តំណាង​អតិថិជន​ដែល​ជា​ជន​រង​គ្រោះ​ ចំនួន​៨២​គ្រួសារ។

ក្រសួង​ទេសចរណ៍​បាន​ជូនដំណឹង​ស្ដីពី​ការ​លុប​អាជ្ញាបណ្ណ​ភ្នាក់ងារ​ទេសចរណ៍ សកុណា ត្រាវែល កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​ ដោយសារ​ភ្នាក់ងារ​ទេសចរណ៍​នេះ​ «បាន​ខក​ខាន​បំពេញ​កាតព្វកិច្ច​ជូន​អតិថិជន​តាម​កិច្ច​សន្យា និង​បាន​ប្រព្រឹត្ត​ខុស​នឹង​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍»។


ជនរងគ្រោះ​ជា​ច្រើន​បាន​បង្ហោះ​ពី​ករណី​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​ថា ពួក​គេ​បាន​ទិញ​កញ្ចប់​ទេសចរណ៍​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ ដល់​ថ្ងៃ​កំណត់​ហោះ​ហើរ សំបុត្រ​ទាំង​នោះ​មិន​មាន​សុពលភាព។

បើ​តាម​អាខោន​ហ្វេសប៊ុក​ជន​រងគ្រោះ​ឈ្មោះ Sokhim Chhum ក្រុមហ៊ុន​បាន​យក​ប្រាក់​ពី​ជនរងគ្រោះ​ ៧២​គ្រួសារ មាន​សមាជិក​គ្រួសារ ៣៤៤​នាក់ ដែល​មាន​ទឹកប្រាក់​សរុប​ ២៣ ៨៧១២​ដុល្លារ។


ចំណែក​អាខោន​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ​ថា Pich Amily  បាន​សរសេរ​ថា ជនរងគ្រោះ​ម្នាក់ៗ​បាត់​បង់​ប្រាក់​ខ្ទង់​ពាក់​ដុល្លារ ដោយ​បាន​ទិញ​កញ្ចប់​ទេសចរណ៍​និង​សំបុត្រ​យន្ត​ហោះ តែ​មិន​បាន​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​ក្រុមហ៊ុន​មិន​ប្រគល់​ប្រាក់​ឲ្យ​វិញ។

សម្រាប់​ករណី​ទាំង​នេះ ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា នឹង​អនុវត្ត​ទៅ​តាម​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​និង​យន្តការ​ឈ្នះ-ឈ្នះ ពោល​គឺ​ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ​ដែល​មាន​សមាស​ភាព​ត្រី​ភាគី៖ តំណាង​ក្រសួង​ទេសចរណ៍ តំណាង​ភ្នាក់ងារ​ទេសចរណ៍ សកុណា ត្រាវែល និង​តំណាង​ប្រជា​ពលរដ្ឋ​រងគ្រោះ។

ក្រសួង​បន្ត​ថា ក្រសួង​នឹង​​រៀបចំ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង​សះ​ជា ដាក់​ជូន​គូភាគី​ពិនិត្យ និង​ផ្តល់​យោបល់ មុន​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សះជា៕