ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​និង​បណ្តា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ឱ្យ​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញ​វត្ថុ និង​កំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆិតា​ក្នុង​ការ​ចូលរួម​ថវិកា​ឱ្យ​បាន​លើស​ពី ១០០​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។


ការ​ជំរុញ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក អ៊ាង សុផល្លែត​ ដែល​តំណាង​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន ម៉ាណែត ចូលរួម​ថ្លែង​ការណ៍​ក្នុង​សន្និសីទ​លើក​ទី៩ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ COP29 នៅទីក្រុង​បាគូ ប្រទេស​អាស៊ែបៃហ្សង់ នា​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​នេះ។

លោក​រដ្ឋមន្រ្តី​ សុផល្លែត បាន​ថ្លែង​ថា៖ «ដើម្បី​ដោះស្រាយ​នូវ​តម្រូវ​ការ​បន្ទាន់​សម្រាប់​សកម្មភាព​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ទាំងអស់​គ្នា គឺ​ត្រូវ​តែ​ធានា​បាន​នូវ​ហិរញ្ញ​វត្ថុ​អាកាសធាតុ​ដើម្បី​អនុវត្ត​ផែនការ​ជាតិ NDC និង​យុទ្ធសាស្ត្រ​រយៈពេលវែង​សម្រាប់​ភាគី​ដែល​ស្ថិត​ក្រោម​ប្រភេទ LDC និង SIDS ដោយសម្តៅ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច រដ្ឋ​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​ដែន​កោះតូចៗ»។ 


លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​បាន​លើក​ឡើង​ថា៖ «ទោះបីជា​ប្រទេស​កម្ពុជា​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាប​ក៏​ដោយ ក៏​កម្ពុជា បាន​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ពី​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ ដូចជា ទឹកជំនន់ រលក​កម្ដៅ ការ​រិចរិលដី និង​ភាព​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង​ចំពោះ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ប្រែប្រួល​អាកាសធាតុ»។


លោក សុផល្លែត ក៏​បាន​គូស​បញ្ជាក់​ពី​គោលដៅ​ប្រកប​ដោយ​មហិច្ឆិតា​របស់​កម្ពុជា រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ឆ្នាំ២០២០ របស់​ខ្លួន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​រួម​ចំណែក​ផែនការ​ជាតិ (NDC) និង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​នៅ​ឆ្នាំ ២០៥០។ 

បន្ថែម​ពី​នោះ លោក​រដ្ឋមន្រ្តី​ក៏​បាន​ចែក​រំលែក​នូវ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ដែល​កំពុង​បន្ត​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ រួម​ទាំង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ទូទាំង​ប្រទេស។ យុទ្ធនាការ​នេះ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង ៩,៧ លាន​នាក់​ដែល​ជា​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។ ក្រៅ​ពី​នេះ ក្រសួង​បរិស្ថាន​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធនាការ «កម្ពុជា​បៃតង» ដោយ​ចាប់​ផ្តើម​ជាមួយ​នឹង ការ​ដាំ​ដើមឈើ​ជាង​មួយ​លាន​ដើម​ក្នុង​ឆ្នាំ ២០២៤ នេះ​និង​ពង្រីក​ជា​រៀងរាល់​ឆ្នាំ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ ២០៥០។

លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ពី​ការ​អនុម័ត​របស់​កម្ពុជា​នូវ​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​មាត្រា​៦​ថ្មី ដើម្បី​ពង្រីក​ឱកាស​ទីផ្សារ​កាបូន​ក្នុង​វិស័យ​ចំនួន​៦ គឺ ថាមពល ឧស្សាហកម្ម សារធាតុរំលាយ កសិកម្ម ព្រៃឈើ និងសំណល់ សំរាម។ 

សន្និសីទ COP29 នេះ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី ២២ ខែ​វិច្ឆិកា​នេះ។ សន្និសីទ​នេះ​បាន​ប្រមូល​ផ្តុំ​មេដឹកនាំ​ក្នុង​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​អាកាស​ធាតុ រួម​ទាំង​ការ​កំណត់​ការ​កើនឡើង​សីតុណ្ហភាព​ពិភព​លោក​ដល់ ១,៥ អង្សាសេ គាំទ្រ​សហគមន៍​ដែល​ងាយ​រងគ្រោះ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​អាកាសធាតុ និង​ការ​សម្រេច​បាន​នូវ​ការ​បំភាយ​ឧស្ម័ន​សុទ្ធ​ត្រឹម​ឆ្នាំ​២០៥០។

នា​ថ្ងៃ​ដដែល​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយលោក Benedict Augustine Vickers ដែលជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ការ​ប្រើប្រាស់​ដី​និង​ព្រៃឈើ​របស់មូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund-GCF)។

យោង​តាម​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា លោក Vickers បាន​ជំរុញ​ឱ្យ​កម្ពុជា​រៀបចំ​ឯកសារ​និង​និតិវិធី​ដើម្បីក្លាយ​ជា​ស្ថាប័ន​មាន​សម្បទា (Accredited Entity) ក្នុង​ការ​ទទួល​បាន​មូលនិធិ​ផ្ទាល់​សម្រាប់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ៕