សាលា​ដំបូង​ខេត្ត​កំពត​បាន​បង្កក​គណនី​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ ១០៦ និង​បង្កក​ដី​ជាង​ ២​លាន​ម៉ែត្រ​ការ៉េ ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​របស់​អតីត​ឧកញ៉ា​ ជា សារ៉ន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ជាង ៥​ពាន់​នាក់ ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ។


នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា​នេះ ​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ តុលាការ​បាន​សម្រេច​បង្កក​អចលនវត្ថុ​ (ដី) ចំនួន ​២០១២ ក្បាល​ដី ស្មើ​នឹង​ទំហំ​ជាង ២,២៨​លាន​ម៉ែត្រការ៉េ ឬ​ប្រមាណ​ជាង ២២៨​ហិតា មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​កំពត, រាជធានី​ភ្នំពេញ, ខេត្ត​កណ្តាល និង​ខេត្ត​កែប ។

តុលាការ​កំពុង​ស្រាវជ្រាវ​ស្វែងរក​នូវ​អចលនវត្ថុ និង​ចលនវត្ថុ របស់​ជន​ត្រូវ​ចោទ​ដែល​ពាក់ព័ន្ធ​បន្ត​ទៀត​និង​កំពុង​ពិនិត្យ និង​សិក្សា​លើ​អចលនវត្ថុ ដែល​ត្រូវ​បាន​បង្កក ដើម្បី​ជា មូលដ្ឋាន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ជូន​ជន​រង​គ្រោះ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី


សាលាដំបូង​ក៏​កំពុង​ពិនិត្យ ស្រាវជ្រាវ​នូវ​កម្ចី (បំណុល) របស់​ជនរង​គ្រោះ​ និង ដើម​បណ្តឹង​រដ្ឋប្បវេណី នៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ប្រទេស ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។

អតីត​ឧកញ៉ា ជា សារ៉ន និង​បក្ស​ពួក​ចំនួន ៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣  ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​ទៅ​លើ​ការ​ទិញ​អចលនទ្រព្យ ដែល​ជន​រងគ្រោះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ទិញ​ដី​ឡូតិ៍​របស់​លោក​ និង​ការ​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់។


អ្នកនាំពាក្យ​តុលាការ​ខេត្ត​កំពត​អះអាង​ដូច្នេះ​ថា៖ «សាលា​ដំបូង​ខេត្ត​កំពត កំពុង​បន្ត​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន និង បក្ខពួក​ ហើយ​នឹង​បន្ត​ចាត់​ការ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ​ជា សារ៉ន​ ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ដោយ​ភាព​ត្រឹម​ត្រូវ ​ច្បាស់​លាស់ តម្លាភាព និង​យុត្តិធម៌​ដោយ​អនុវត្ត​តាម​ច្បាប់ និង​នីតិវិធី​ជាធរមាន»៕