ប្រទេស​កម្ពុជា​កំពុង​ដោះ​ស្រាយ​ភាព​រងគ្រោះនៃ​បទ​ល្មើស​ជួញដូរ​មនុស្ស​បង្ក​ដោយ​ជនបរទេស ដែល​មាន​លក្ខណៈ​សាំញ៉ាំ ​ច្រើន​ទម្រង់​និង​ប្រកប​ដោយ​ល្បិចកល។ នេះ​ជា​ការ​លើក​ឡើង​របស់​​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។


លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហៅ​កាត់​ថា គ.ជ.ប.ជ. បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ថា បច្ចុប្បន្ន​នេះ​អំពើ​ជួញ​ដូរ​មនុស្ស ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ជនបរទេសក្នុង​ទម្រង់​ជាច្រើន និង​ប្លែកៗ។

លោកស្រី​បន្ត​ថា ករណី​ខ្លះជនបរទេស​ជា​ជន​ល្មើស​ធ្វើ​ការ​បោក​ប្រាស់និង​ជួញ​ដូរ​ជន​រង​គ្រោះរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ករណី​ខ្លះ​ទៀត ជនល្មើស​សម្ងំ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ធ្វើ​ការ​បោក​ប្រាស់ ឬ​អូសទាញ​ជន​រង​គ្រោះ​នៅ​ប្រទេស​ផ្សេងៗ។


ក្រសួង​មហា​ផ្ទៃ​បាន​ស្រង់​សម្ដី​លោកស្រី ជូ ប៊ុនអេង ដែល​បាន​លើក​ឡើង​ថា៖ «បញ្ហា​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​នេះ ករណី​ខ្លះ​ជនបរទេស  ដែល​ជា​ជន​ល្មើស​បោក​ប្រាស់​ជន​ជាតិ​ផ្សេងឬ​ពលរដ្ឋ​ខ្មែរ ហើយ​ករណី​ខ្លះ​ពួក​គេ​បោក​ប្រាស់​ជន​ជាតិ​ដូច​គ្នា ដោយ​បញ្ហា​ជួញ​ដូរ  ស្ថិត​ក្រោម​រូបភាព​ច្រើនដូចជា​ការ​ពពោះ​ជំនួសការ​គំរាម​កំហែង និង​សកម្មភាព​ផ្សេងៗ​តាម​អនឡាញ ​តាម​ទូរស័ព្ទ ឬ​ជួប​ផ្ទាល់  ។

នៅ​ឆ្នាំ​២០២៣ កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ​សរុប ១៦៤​ករណី ឃាត់​ខ្លួន​មនុស្ស​ ១៩៤​នាក់។ ក្នុង​នោះ ២៤​ករណី​ជា​អំពើ​ជួញ​ដូរ​មនុស្ស និង​១៤០​ជា​ករណី​ជូញ​ដូរ​ផ្លូវ​ភេទ។ ក្នុង​ឆ្នាំ​ដដែល​នេះ ជនរងគ្រោះ​កម្ពុជា ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​មាន​ចំនួន ៣៤២នាក់ ក្នុង​នោះ​មក​ពី​ចិន​មាន​ចំនួន ៣២២នាក់។


សម្រាប់​ ៦ខែ ឆ្នាំ​២០២៤​នេះ​ សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ ១០៤ ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ១៣៤​នាក់ និង​សង្គ្រោះ​ជន​រងគ្រោះ ២៩០​នាក់។ 

ក្នុង​ឆ្នាំ​២០២៣ ដែរ​ កម្ពុជា​បាន​ឃាត់​ខ្លួន និង​បណ្ដេញ​ចេញ​ជនបរទេស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ចំនួន ២១៥៩​នាក់ ក្នុង​៥១២​ករណី ដែល​ក្នុង​នោះ​ជនជាតិ​ចិន​មាន​ ១០១១​នាក់។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ ​គ.ជ.ប.ជ.។​

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​លោកស្រី ជូ​ ប៊ុនអេង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ បាន​ទេ នៅ​ថ្ងៃ​នេះ។

កាល​ពី​ឆ្នាំ​២០២៣ របាយការណ៍​ស្តី​ពី​ការជួញដូរ​មនុស្ស​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ដាក់​ចំណាត់​ថ្នាក់​ទី៣ ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​ ស្មើ​នឹង​ប្រទេស​មីយ៉ាន់ម៉ា ទាប​ជាង​ឡាវ ថៃ និង​វៀតណាម​ដែល​នៅ​ជិត​ខាង។

លោកស្រី ជូ ប៊ុនអេង ​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា​ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ទប់​ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​ដែល​កំពុង​កើត​ឡើង និង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ទូទាំង​ពិភពលោកដែល​ករណី​ជាច្រើន​កើត​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ។ ​

លោក​ស្រី​ថ្លែង​ថា៖ «សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ត្រូវ​មាន​ភាព​ឈឺ​ចាប់នៅ​ពេល​ដែល​បរទេស​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជាក្នុង​បញ្ជី​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​ទាបពាក់ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​បទល្មើស​ជួញ​ដូរ​មនុស្ស​ដោយ​ត្រូវ​ចូល​រួម​ប្រឹង​ប្រែង​ដោះ​ស្រាយ កុំ​ឱ្យ​មាន​ការ​បណ្ដែត​បណ្ដោយ»៕​