ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុ​ជា​ឥឡូវនេះ​បាន​គ្របដណ្តប់​ប្រជាពលរដ្ឋ​ជាង ៧ លាន​នាក់ ដែល​កើនឡើង​ទ្វេដង​ចាប់តាំងពី​ឆ្នាំ ២០១៧។ បើ​យោងតាម​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម (NSPC) បាន​ឱ្យ​ដឹងថា ចំនួន​នេះ​នឹង​កើន​ឡើងដល់ ៩ លាន​នាក់​នាពេល​ខាងមុខ។


ការ​លើកឡើង​នេះ​ត្រូវបានបង្ហាញ​​នៅក្នុង​សន្និសីទ​ជាតិ​ស្តីពី​សមិទ្ធផល​គាំពារ​សង្គម​កម្ពុជា កាល​ពី​​ថ្ងៃទី១៩ ខែវិច្ឆិកា ដែល​បង្ហាញ​ពី​សមិទ្ធិផល​នៃ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥»។​

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន NSPC បាន​ថ្លែង​ក្នុង​សន្និសីទ​ថា៖ «​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១៧,៥ ពាន់​ពាន់​លាន​រៀល (​ប្រហែល ៤,៣ ពាន់​លាន​ដុល្លារ​) លើ​គំនិត​ផ្តួចផ្តើម​ការពារ​សង្គម ដែល​បង្ហាញ​ពី​ការកើនឡើង​បី​ដង​នៃ​មូលនិធិ​ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​ចុងក្រោយ​នេះ​»។​


លោក​បានបន្ដ​ថា អ្នកទទួលផល​ម្នាក់ៗ​ទទួលបាន​ថវិកា​ជា​មធ្យម​ចំនួន ៤,៧ លាន​រៀល (​ប្រមាណ ១,១៨៥ ដុល្លារ​) ក្រោម​កម្មវិធី​ជំនួយ​សាច់ប្រាក់ក្នុង​ពេល​មានវិបត្ដិ​កូវីដ​ ១៩​ រយៈពេល ៤៦ ខែ​។​

​រដ្ឋាភិបាល​បាន​បែងចែក​ថវិកា​សរុប​ចំនួន ៥,៤ ពាន់​ពាន់​លាន​រៀល (​ប្រហែល ១,៣៦ ពាន់​លាន​ដុល្លារ​) ដើម្បី​ជួយ​ដល់​គ្រួសារ​ទទួល​បាន​ប័ណ្ណ​សមធម៌​​ជាង ៧០​ម៉ឺន​ ដោយ​គ្រួសារ​នីមួយៗ​ទទួល​បានជា​មធ្យម ១៩៤៩​ដុល្លារ​ ស្មើនឹង ៤២​ដុល្លារ​ ក្នុង​មួយខែ ឬ ៥០៤​ដុល្លារ​ក្នុង​មួយឆ្នាំ​។​


កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​​​បានផ្តល់​​ដល់ប្រជាពលរដ្ឋ​ក្នុង​​ការកែលម្អ​ជីវភាព​រស់នៅ​ ដែល​ពួកគេ​​ងាយ​រងគ្រោះ និង​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច​រយៈពេល​វែង​។​

លោក​ ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «ប្រព័ន្ធគាំពារ​សង្គម​នឹងត្រូវអភិវឌ្ឍ​ទៅជា​ប្រព័ន្ធ​គាំពារ​សង្គម​គ្រប់​ជ្រង់ជ្រោយ​ សមាហរណ មានភាពធន់ និង​ជា​ប្រព័ន្ធ​បែប​ស្វ័យ​ប្រវត្ដិកម្ម​ក្នុង​ការ​ទ្រទ្រង់​សុខុមាលភាព និងផ្ដល់​ការ​គាំពារ​ដល់​ពលរដ្ឋ​គ្រប់​រូប»។

លោកបាន​បន្ដថា​៖ «កិច្ចការពារ​នោះ​មាន​ចាប់​ពីអសន្ដិសុខ​ប្រាក់​ចំណូល ទប់​ទល់នឹង​ហានិភ័យ​ក្នុង​វដ្ដ​នៃ​ជីវិត​ ដែល​ពលរដ្ឋ​គោលដៅ​អាច​ជួប​ប្រទះ​ ចាប់តាំងពីថ្ងៃ​ចាប់​កំណើត​ក្នុង​ផ្ទៃ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ ក៏ដូចជា​ការ​ត្រៀម​គាំពារ​បន្ថែម​ដើម្បី​ឆ្លើប​តប​ទៅនឹង​វិបត្ដិគ្រោះ​អាសន្ន និងការ​ប្រែប្រួល​អាកាស​ធាតុ»​។

ប្រព័ន្ធគាំពារសង្គមនឹងត្រូវបានធ្វើឡើងចាប់ពីអសន្ដិសុខប្រាក់ចំណូល ទប់ទល់នឹងហានិភ័យក្នុងវដ្ដនៃជីវិតតាំងពីចាប់កំណើតរហូតដល់អស់ជីវិត។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ថ្វីដ្បិតតែ​ពលរដ្ឋ​មាន​កាតព្វកិច្ច​បង់​វិភាគទាន​ដើម្បី​ទទួល​ការគាំពារ​សង្គមយ៉ាង​ណាក៏ដោយ ក៏លោក​រដ្ឋមន្ដ្រី​បានថ្លែងថា រាជរដ្ឋាភិបាល​នឹងរ៉ាប់​រង​សម្រាប់​ការគាំទ្រ​ពលរដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ និង​ងាយ​រង​ហានិភ័យ ដែល​មិន​មាន​លទ្ធភាព ឬ​មាន​លទ្ធភាព​តិច​តួច​បំផុត​។

សមិទ្ធផលដ៏សំខាន់បំផុតមួយគឺការរួមបញ្ចូលកម្មវិធីជំនួយសង្គមជាតិផ្សេងៗ គឺកម្មវិធីជាតិ​ជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ ដែលបានដាក់​ឱ្យ​ដំណើរ​ការ​នៅក្នុងខែមេសា ឆ្នាំ២០២៤​។

កម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលកំពុងជះ​ឥទ្ធិព​ល​វិជ្ជមាន​យ៉ាងខ្លាំង ដោយជួយដល់គ្រួសារក្រីក្រប្រមាណ ៦១០​១៨៧​គ្រួសារ​ តាមរយៈគំនិតផ្តួចផ្តើមគោលដៅ។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ បច្ចុប្បន្ន​មាន​អ្នក ទទួលផល​សរុប​ចំនួន​ប្រមាណ ៣៧ ម៉ឺន​នាក់ កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា មាន​សិស្ស​ក្រីក្រ ទទួលផល​សរុប​ចំនួន​ជាង ២៦ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៤ និង​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​កើន ដល់​ចំនួន​ប្រមាណ ៤៥ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៥​។​

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ដល់​ជន​មាន​ពី​ការ​ភាព បច្ចុប្បន្ន មាន​អ្នកទទួលផល​ចំនួន​ជាង ២ ម៉ឺន​នាក់​ ហើយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ជន​ចាស់ជរា (​អាយុ ៦០​ឆ្នាំ​ឡើង​) បច្ចុប្បន្ន មាន​អ្នកទទួលផល​ចំនួន​ប្រមាណ ៣​ម៉ឺន​នាក់​។​

លោក​ ព័ន្ធមុនីរ័ត្ន បាន​ឱ្យដឹងថា៖ «កម្មវិធីទាំងនេះធានាថា គ្មានគ្រួសារណាមួយត្រូវបានទុក​ចោល​ដោយ​មិន​ត្រូវបាន​យក​ចិត្ដ​ទុក​ដាក់​ឡើយ។ ពួកគេ​ទទួល​បាន​ការ​គាំពារ​ ជាពិសេស​​អ្នកដែលត្រូវការជំនួយចាំបាច់​ ដូចជា​ស្ត្រី កុមារ និងមនុស្សចាស់»។

មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបាន​ណែនាំ​យកចិត្តទុកដាក់​ផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ពិសេសអ្នកដែលប្រើប្រាស់ប័ណ្ណ​សមធម៌ ប័ណ្ណងាយរងគ្រោះ និងប័ណ្ណ (ប.ស.ស) ក្នុង​ការ​ទទួល​បា​ន​សេវាស្មើៗគ្នា ដើម្បីជៀសវាងការរិះគន់។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍​

លោកថា មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ពិសេសអ្នកដែលប្រើប្រាស់ប័ណ្ណ​សមធម៌ ប័ណ្ណងាយរងគ្រោះ និងប័ណ្ណ (ប.ស.ស) ក្នុង​ការ​ទទួល​បា​ន​សេវាស្មើៗគ្នា ដើម្បីជៀសវាងការរិះគន់។
លើសពីនេះ កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ មាន​សាលារៀន​អនុវត្ត​​សរុប​ចំនួន ១ ១១៤ សាលា និង​សិស្ស​ទទួលផល​ប្រមាណ ៣០​ម៉ឺន​នាក់​។

របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ផ្ដល់​ដល់​​​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ បាន​គ្របដណ្តប់​កម្មករនិយោជិត​ចំនួន ១,៦៨ លាន​នាក់​។​

របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព មាន​សមាជិក​សកម្ម​ស​រុ​ប​ចំនួន ២,៥៣ លាន​នាក់ ដែល ក្នុងនោះ មាន​កម្មករនិយោជិត ១,៦៨ លាន​នាក់​ បុគ្គល​នៃ​វិស័យ​សាធារណៈ ៤៨ ម៉ឺន​នាក់ និង​បុគ្គ​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​របស់​សមាជិក (ប​.​ស​.​ស​.) ជាង ៣៦ ម៉ឺន​នាក់​។​

របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ មាន​សមាជិក​សកម្ម​ចំនួន ១,៩៦ លាន​នាក់ ក្នុងនោះ​កម្មករនិយោជិត​ចំនួន ១,៦៨ លាន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន ២៨ ម៉ឺន​នាក់ ខណៈមូលនិធិ​សមធម៌​សុខាភិបាល មាន​ពលរដ្ឋ​ចំនួន​ប្រមាណ ៤,៨ លាន​នាក់ ទទួលបាន​ការថែទាំ សុខភាព ដោយ​រដ្ឋ​ជា​អ្នក​បង់ថ្លៃ​ជំនួស​។​

របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​មន្ត្រីរាជកា​រ​ស៊ីវិល និង​អតីតយុទ្ធជន បាន​គ្របដណ្តប់ និវត្តជន​ចំនួន ១២៩ ៩១៣ នាក់ ដោយ​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ចំនួន ៣៨៥ លាន​ដុល្លារ​អាម៉េរិក សម្រាប់​បើកប្រាក់​សោធន​ជូន​អតីតមន្ត្រី រាជការ​ស៊ីវិល និង​អតីតយុទ្ធជន ក្នុង​ឆ្នាំ​២០២៤ នេះ​។​

លោក ចន ណារិទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​ឱ្យដឹង​ថា​៖ «ប្រព័ន្ធជំនួយ​សង្គម​ត្រូវបាន​ពង្រីក​វិសាលភាពកម្មវិធី​ជំនួយ​សង្គម​ត្រឹមតែ ២ ដល់ ៨ កម្មវិធី ដោយ​បង្កើន​ចំនួន​ប្រជា​ពលរដ្ឋពី​​ ២លាន​នាក់ ក្នុង​ឆ្នាំ​២០១៧ មកដល់​ ៤,៨​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤ ពីទឹកប្រាក់​ ៩៣​ប៊ីលាន​រៀល (២៣,៤​លាន​ដុល្លារ​) កើន​ដល់ ១១៣៩.៧​ប៊ីលានរៀល​ (២៨៥លានដុល្លារ)»៕