លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត លើក​មូលហេតុ​ដែល​លោក ​ឬ​រដ្ឋាភិបាល​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​អធិបតេយ្យភាព​ទៅ​លើ​កោះ​គុត ដោយ​បញ្ជាក់​ថា កម្ពុជា​និង​ថៃ​នៅ​បន្ត​ចរចា​ព្រំដែន​ទឹក ហើយ​មិន​ដែល​បាន​ឯកភាព​គ្នា​នោះ​ទេ។ ដូច្នេះ​ភាគី​ទាំង​សងខាង​នៅ​ទាមទារ​កោះ​នេះ​រៀងៗ​ខ្លួន។


ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​អ្នក​ប្រឆាំង​ និង​មតិ​សាធារណជន​ខ្លះ​ដែល​ថា រដ្ឋាភិបាល​មាន​ភាព​ស្ងប់​ស្ងាត់​ទៅ​នឹង​ការ​អះអាង​របស់​ថៃ​ដែល​ថា កោះគុត ជា​របស់​ថៃ។ លោក​ថា ការ​លើក​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​​​អំពី​កម្មសិទ្ធិ​លើ​កោះ​គុត គឺ​ធ្វើ​ឡើង​ដោយ​បក្ស​ប្រឆាំង​ថៃ។ 

ថ្លែង​នៅ​ក្នុង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បញ្ហា​នេះ​ជា​​រឿង​ប្រទេស​ជាតិ និង​បូរណភាព​ទឹកដី ដែល​មិន​អាច​ចេះ​តែ​និយាយ​បាន​ទេ។ 


លោក​ថា៖ «គេ​ថា​រដ្ឋាភិបាល​នៅ​ស្ងាត់​ច្រៀប​ដូច​ចោរ​លួច​សេះ អត់​ហ៊ាន​តតាំង​ជាមួយ​ថៃ​ពេល​ដែល​គេ​និយាយ​ថា ស្អីៗ​ចឹង​ទៅ។ គេ​ថា​រដ្ឋាភិបាល​ជំនាន់​ខ្ញុំ​នេះ​ធ្វើ​ឲ្យ​បាត់​កោះ​គុត ធ្វើ​ឲ្យ​បាត់​ដែន​សមុទ្រ​ខ្មែរ។ គេ​ចោទ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ប្ដឹង​ទៅ​ICJ ត្រូវ​តែ​ពន្យល់»។ 

លោក​បន្ត​ថា៖ «ចម្លើយ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​នៅ​ស្ងៀម​មិន​និយាយ​ស្ដី។ ចម្លើយ​ផ្អែក​លើ​មូលដ្ឋាន​ពីរ។ ទីមួយ​គឺ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និង​ទីពីរ​គឺ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ។ មូលដ្ឋាន​ពីរ​នេះ​ដែល​រដ្ឋាភិបាល​មិន​និយាយ​ស្ដី​ពី​រឿង​នេះ ព្រោះ​វា​មិន​មែន​ជា​ភាព​ចាស់​ទុំ»។


ចំពោះ​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ លោក​សំដៅ​ទៅ​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ ដោយ​ផ្អែក​លើ​ការ​ចរចា​តាម​យន្តការ​ផ្លូវការ មិន​មែន​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​នៅ​លើ​បណ្ដាញ​សង្គម ឬ​សារព័ត៌មាន។

លោក​លើក​ឡើង​ថា៖ «រដ្ឋាភិបាល​មិន​មែន​ចេះ​តែ​និយាយ​ដូច​អ្នក​វិភាគ​ទេ​ណា។ អ្វី​ដែល​យើង​និយាយ​ទៅ​គឺ​មាន​ទម្ងន់។ សួរ​ថា​តើ​យើង​ត្រូវ​លូកដៃ​ចូល​ប្រទេស​គេ​ទេ? គេ​ការពារ​ជា​រឿង​របស់​គេ។ មួយ​ថា​បាត់​ទឹកដី គេ​ថា​ខ្មែរ​យក មួយ​ទៀត​ថា​អត់​បាត់។ អីចឹង​យើង​ចាំបាច់​យក​ភ្លើង​មក​ចូល​ផ្ទះ​ធ្វើ​អី។ នេះ​ជា​ភាព​ចាស់​ទុំ​នៃ​ការ​សម្រេច​ចិត្ត។ បើ​យើង​ក្មេង លោត​លិច​លោត​កើត លោត​មិន​ស្រួល​នាំ​ភ្លើង​ចូល​ផ្ទះ»។

លោក​ ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។ AKP

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា​និង​ថៃ មាន​គណៈកម្មការ​ពីរ​​សម្រាប់​ដោះ​ស្រាយ​ជាមួយ​ថៃ គឺ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​គោក​ចម្រុះ JBC និង​ គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ JTC ដែល​ធ្វើ​ការ​ចរចា​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​ និង​កំណត់​ព្រំដែន​សមុទ្រ។

លោក​ថា៖ «ទាំង​នេះ​ជា​យន្តការ​ផ្លូវការ។ រដ្ឋាភិបាល​ធ្វើ​ការ គឺ​អីចឹង។ រឿង​អ្នក​ឯង​ (ថៃ) ជា​រឿង​របស់​អ្នក​ឯង ខ្ញុំ​មិន​ដឹង។ បើ​អ្នក​ឯង​តវ៉ា ត្រូវ​និយាយ​ទល់​មុខ​ជាមួយ​គ្នា​ ទើប​អាច​យក​ជា​ផ្លូវ​ការ​បាន»។ 

បើ​តាម​លោក ហ៊ុន ម៉ាណែត រហូត​មក​ទល់​ពេល​នេះ ការចរចា​កំណត់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ធ្វើ​ឡើង​សម្រាប់​តែ​ព្រំដែន​គោក​ប៉ុណ្ណោះ ដោយ​ភាគី​បាន​ឯកភាព​គ្នា​លើ​ចម្ងាយ​ ៨០៥​គីឡូម៉ែត្រ ដែល​មាន​បង្គោល​៧៣​បង្គោល។ 

លោក​ថ្លែង​ថា៖ «យើង​រក​ឃើញ​ហើយ សន្ធិសញ្ញា​បារាំង-សៀម ១៩០៧ កំណត់​ព្រំដែន​គោក ដែល​មាន​ប្រវែង​ ៨០៥ គីឡូម៉ែត្រ​នេះ និង​បង្គោល​ ៧៣ យើង​រក​ឃើញ​អស់​ហើយ ដែល​យើង​បាន​ចរចា​គ្នា។ ឥឡូវ​បាន​ឯកភាព​គ្នា​បាន​ ៤២ បង្គោល នៅ​ខ្វះ​៣១​បង្គោល​ទៀត។ មិន​មែន​ឃើញ​ហើយ​ឯកភាព​នោះ​ទេ គឺ​មួយ​មិល្លីម៉ែត្រ [ទៅ] មួយ​មិល្លីម៉ែត្រ យើង​ធ្វើការ​ច្បាស់​លាស់​ណាស់ អស់​រយៈ​ពេល ១៨​ឆ្នាំ​ហើយ»។

លោក​បន្ត​ថា៖ «ដោយ​ឡែក​ព្រំដែន​សមុទ្រ យើង​មាន​ដែល​ធ្លាប់​ឯកភាព​គ្នា​ពី​អង្កាល់?​ បាន​ចរចា​គ្នា​ច្រើន​ដង​ហើយ នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព។ បើ​មិន​ទាន់​មាន​ការ​ឯកភាព តើ​យើង​បាត់​ស្អី? ខ្ញុំ​សួរ! ចេះ​តែ​ថា ក្បត់​ជាតិ បាត់​កោះ បាត់​អី គឺ​ចេះ​តែ​ថា ព្រោះ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ផង​ហ្នឹង។ ប្ដឹង​ទៅ ICJ យ៉ាង​ម៉េច​បើ​យើង​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា»។

រដ្ឋាភិបាល​ប្ដេជ្ញា​ការ​ពារ​បូរណភាព​ទឹក​ដី និង​ប្រើ​យន្តការ​សន្តិវិធី ផ្អែក​លើ​បច្ចេកទេស។ រាជរដ្ឋាភិបាល តាម​រយៈ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​ថ្ងៃ​លើ​បញ្ហា​ព្រំដែន​តទៅ​ទៀត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។

លោក​ថែម​ទាំង​បាន​លើក​ឡើង​ថា ផ្ទៃដី​កម្ពុជា​អាច​មាន​ទំហំ​ធំជាង​ផ្ទៃ​ដី​ផ្លូវការ​ ១៨១០៣៥ គីឡូម៉ែត្រ​ការ៉េ រហូត​ដល់​ទៅ​ជាង ៤០០​គីឡូម៉ែត្រ ពោល​គឺ​មាន​ផ្ទៃក្រឡា ១៨១៤៣៦ គីឡូម៉ែត្រ​ការ៉េ ដោយ​ផ្អែក​លើ​ការ​វាស់​សាក​ល្បង​ប្រើ​បច្ចេកវិទ្យា GPS នៅ​ឆ្នាំ​២០១២៕