ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា លោកមិនអនុញ្ញាតឲ្យមានការចេញអាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងតំបន់ព្រៃឡង់ជាដាច់ខាត។
លោកបានថ្លែងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារ សូហ្វីតែល ភូកេតត្រា ភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកនាយករដ្ឋមន្ដ្រីបានលើកឡើងថា៖ «ក្រសួងរ៉ែ និងថាមពលត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាប័ណ្ណនៅក្នុងព្រៃឡង់ ដែលមិនមានសកម្មភាព ឬពុំមានសក្ដានុពលដើម្បីដកហូត ឬកាត់ឃ្លាលចេញពីដែនអាជ្ញាប័ណ្ណធនធានរ៉ែ និងហាមដាច់ការចេញអាជ្ញាប័ណ្ណធនធានរ៉ែថ្មីទេក្នុងតំបន់ព្រៃឡង់។ ដាក់មកខ្ញុំ ក៏ខ្ញុំអត់សញ្ញ៉េដែរ»។
លោកទទួលស្គាល់ថា ការយករ៉ែសម្រាប់បម្រើការប្រើប្រាស់ក្នុងស្រុកគឺជារឿងចាំបាច់ ពីព្រោះការនាំចូលអាចបង្កឱ្យមានការចំណាយថ្លៃដើមខ្ពស់។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រីស្នើឱ្យមានការសិក្សាច្បាស់លាស់ ដោយកំណត់តំបន់ដែលអាចយករ៉ែបាន និងកន្លែងណាមិនអាចប៉ះពាល់បាន។
ព្រៃឡង់ស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា គឺជាព្រៃបៃតងទំនាបចុងក្រោយមួយនៅអាស៊ីអាគ្នេយ៍ ដែលមានទំហំប្រមាណ ៣៦០០ គីឡូម៉ែត្រក្រឡា កាត់ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឡង់បានប្រឈមមុខនឹងការគំរាមកំហែងពីសកម្មភាពកាប់ឈើ និងជីករ៉ែខុសច្បាប់។
កាលពីខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់ការចេញអាជ្ញាប័ណ្ណរុករករ៉ែថ្មីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងហាមឃាត់ការពង្រីកប្រតិបត្តិការដែលមានស្រាប់។ ការសម្រេចចិត្តនេះមានគោលបំណងការពារបូរណភាពអេកូឡូស៊ី៕