អយ្យការអមសាលាដំបូងខេត្តខេត្តតាកែវ បានចោទប្រកាន់ប្ដីប្រពន្ធម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភពសុងហាក់ម៉ារីណា ដែលបានចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺស្លាប់ រួចយកសាកសពនិងក្មេងស្រីអាយុ ៣ ឆ្នាំទៅបោះចោល នៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ស្ត្រីឈ្មោះ ស៊ុន ម៉ារីណា អាយុ ៣៩ឆ្នាំ និង ប្ដីឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត អាយុ ៣៧ឆ្នាំ បានបើកមន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ដោយគ្មានលិខិតអនុញ្ញាត ដែលមានទីតាំងនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី។
នៅថ្ងៃកើតហេតុ ឈ្មោះ ស៊ុន ម៉ារីណា បានទទួលព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ ដោយប្រើថ្នាំចាក់។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីអ្នកជំងឺបានស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា និងប្តីឈ្មោះ ហៀង សុងហាក់ បានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ ស្ថិតនៅភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ដែលមានចម្ងាយ ៣,៩០០ម៉ែត្រពីទីតាំងសម្រាកព្យាបាល ដើម្បី«លាក់បំបាំងសាកសព»។
នៅថ្ងៃទី២១ ខែវិច្ឆិកា អធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតុលាការ។ ក្រោយពីបានសាកសួរជនសង្ស័យ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ចំនួន ៤ បទ ល្មើស រួមមាន «មនុស្សឃាតដោយអចេតនា» តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ, បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល, បទ លាក់បំបាំងសាកសព និងបទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ។
ចំណែកឈ្មោះ ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណ, បទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និង បទ សមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ។
មន្ទីរសម្រាកព្យាបាល និង សម្ភពសុងហាក់ម៉ារីណា ត្រូវបានអាជ្ញាធរខេត្តបិទកាលពីថ្ងៃទី១៩ ខែវិច្ឆិកា។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងនៅក្នុងសេចក្ដីកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា៖ «ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖ «ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាលចំពោះអំពើដ៏អមនុស្សធម៌នេះ ដើម្បីពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ»៕