ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសាទរចំពោះការរស់ឡើងវិញនៃវិស័យថ្មអាររបស់កម្ពុជាថា ជាសមិទ្ធផលធំដំបូងក្រោយពេលលោកឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីជិតមួយខែដំបូង។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារ សូហ្វីតែល ភូកេតត្រា ភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់របស់វិស័យនេះ។
លោកបានថ្លែងថា៖ «វិស័យថ្មអារនេះ គឺជាដំណោះស្រាយទីមួយក្នុងអាណត្ដិកាន់ជានាយករដ្ឋមន្ដ្រី ដែលទទួលផ្លែផ្កា។ សន្ទុះនៃការរីកចម្រើនវិស័យថ្មអារ បានប្រែពីជិតរលំទៅជាកំណើនក្នុងមួយឆ្នាំនេះ កើនដល់៤ដង ដោយកំណើននេះ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤»។
កាលពីលោកចូលរួមពិព័រណ៍នៅណាន់នីង ខែកញ្ញា ឆ្នាំ២០២៣ ដែលមានស្ដង់បង្ហាញថ្មអារកម្ពុជា លោកត្រូវបានជម្រាបប្រាប់ថា វិស័យថ្មអារនេះជិតដួលរលំហើយ ដោយរោងចក្រជាច្រើនបាននិងកំពុងតែបិទទ្វារបន្ដបន្ទាប់។
លោកបានចាត់ទុកភាពជោគជ័យនេះថាជាយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមជារួម។លោកនាយករដ្ឋមន្ដ្រី បានថ្លែងថា៖ «អ្វីដែលឱ្យខ្ញុំចាប់អារម្មណ៍លើរឿងថ្មអារ គឺភាពជាគំរូនៃការដោះស្រាយ ហើយខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចដោះស្រាយនៅលើវិស័យផ្សេងទៀត»។
លោកបានលើកឡើងពីកត្តាសំខាន់ៗចំនួនបីដែលជំរុញឱ្យជោគជ័យនៃការរស់ឡើងវិញនៃវិស័យថ្មអារ។ ទី១ រដ្ឋាភិបាលអនុវត្តយន្តការច្បាស់លាស់ និងរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលវិស័យឯកជនជួបប្រទះជាប្រចាំ។
ទី២ មន្ត្រីធានាថា ពួកគេត្រូវអនុវត្តដោយភាពស្មោះត្រង់ កុំបង្កើតបន្ទុកទៅលើវិស័យនេះ។ជាចុងក្រោយ វិស័យឯកជនបានសហការគ្នាដោយគោរពតាមបទប្បញ្ញត្តិពន្ធដារ និងរក្សាបាននូវសាមគ្គីភាពជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «បើយើងដោះស្រាយតែអត្រាគយ តែបើមន្ត្រីពាក់ព័ន្ធផ្សេងៗបង្កើតបន្ទុក ក៏ធ្វើឱ្យវិស័យនេះមិនដួលក៏ត្រូវដួលដែរ។ ត្រូវកាត់អាក្រៅ ដោះអាក្នុង! ទាំងពីរនេះ ធ្វើឱ្យ[អស់បញ្ហា] អ៊ីចឹង ការចូលរួមដោយស្មោះត្រង់ពីមន្ត្រីរបស់យើង អនុវត្តភារកិច្ចបានត្រឹមត្រូវ ជួយដល់វិស័យឯកជនដោយមិនបង្កើតបន្ទុកចំបាច់បន្ថែមទៀតទៅលើវិស័យថ្មអារនេះ»។
ដោយឆ្លុះបញ្ចាំងពីសមិទ្ធផលនេះ លោកបានបង្ហាញនូវមោទនភាពផ្ទាល់ខ្លួនចំពោះការរីកចម្រើននៃវិស័យថ្មអារនេះ ហើយលោកមានបំណងសរសេរសៀវភៅអំពីបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោកចូលនិវត្តន៍។
លោក កែវ រនតៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការគាំទ្រវិស័យឯកជន និងការផ្តល់សេវាសាធារណៈទូទៅ ក៏បានបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាពដោយយកច្បាប់ និងគោលការណ៍ជាគោល។
លោកបានថ្លែងថា៖ «នេះបាននាំឱ្យចំណូលមិនមែនសារពើពន្ធវិស័យរ៉ែកំពុងកើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០ ភាគរយធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០ភាគរយនៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤»។
លោក រតនៈ បានបញ្ជាក់ថា ការកែទម្រង់វិស័យថ្មអារ និងខ្សាច់នាំចេញរបស់លោកនាយករដ្ឋមន្ដ្រី ជាចលករមួយដ៏សំខាន់សម្រាប់ជោគជ័យខាងលើនេះផងដែរ។
ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក ថ្មបន្ទះ ឬថ្ម សន្លឹក ឬថ្មដុំ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ ជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។