ខណៈដែលបញ្ញាសិប្បនិម្មិត AI ជ្រាបចូលបន្តិចៗទៅក្នុងកន្លែងការងារ និងជីវិតឯកជនរបស់មនុស្សដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃ អ្នកជំនាញលើកឡើងពីផលប៉ះពាល់អវិជ្ជមាន ជាពិសេសក្រមសីលធម៌នៃអ្នកប្រើប្រាស់ និងសន្តិសុខទិន្នន័យ។
ផលប្រយោជន៍ និងផលវិបាកនៃការប្រើប្រាស់បច្ចេកវិទ្យា AI ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចសន្ទនាប្រជាធិបតេយ្យស្តីពីប្រជាធិបតេយ្យឌីជីថល និងបញ្ញាសប្បនិមិត្ត សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ និងអភិបាលកិច្ចល្អនៅកម្ពុជា រៀបចំដោយវិទ្យសា្ថនប្រជាធិបតេយ្យកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅថ្ងៃទី២១ ខែវិច្ឆិកា។
លោក Thomas White នាយកផ្នែកប្រជាធិបតេយ្យ និងអភិបាលកិច្ចនៃទីភ្នាក់ងារផ្ដល់ជំនួយសហរដ្ឋអាមេរិកប្រចាំកម្ពុជា (USAID Cambodia) បានថ្លែងថា កម្ពុជាមានឱកាសក្នុងការការចាប់យកបច្ចេកវិទ្យាដើម្បីអនុវត្តរដ្ឋាភិបាលឌីជីថល ដូចដែលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ប៉ុន្តែ ការរីកចម្រើននៃបច្ចេកវិទ្យាក៏ត្រូវតែមានការទទួលខុសត្រូវខ្ពស់ផងដែរ។
លោកថ្លែងថា៖ «យើងនៅសហរដ្ឋអាមេរិកបានរកឃើញថា ការរីកចម្រើននៃវេទិកាឌីជីថល និងបច្ចេកវិទ្យា AI វាមិនមែននាំមកនៅតែកំណើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានបញ្ហាប្រឈមដែលតម្រូវឲ្យមានការកាច់ចង្កូតដោយការយកចិត្តទុកដាក់។ ឧបករណ៍ឌីជីថល និងការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតមានសក្ដានុពលធ្វើឲ្យអភិបាលកិច្ចកាន់តែមានការចូលរួម (បរិយាប័ន្ន) ជួយឲ្យពលរដ្ឋចូលរួមក្នុងដំណើរការនយោបាយ និងលើកកម្ពស់តម្លាភាព ដែលជួយដល់រដ្ឋាភិបាលក្នុងការធ្វើការសម្រេចចិត្ត»។
លោក សេក សុជាតិ អ្នកស្រាវជ្រាវឯករាជ្យ ដែលជាវាគ្មិនមួយរូបនៅក្នុងកម្មវិធីនេះបានថ្លែងថា ប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីបញ្ចេញសំឡេង និងតស៊ូមតិទៅលើទិដ្ឋភាពនានាដែលពួកគេយល់ថាមិនត្រឹមត្រូវ ដែលបានធ្វើឲ្យរដ្ឋាភិបាលបានសម្រេចចិត្តឡើងវិញលើបញ្ហាមួយចំនួន ដូចជាករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាដើម ដែលកម្ពុជាបានដកខ្លួនចេញ។
លោកក៏លើកឡើងពីការប្រើប្រាស់ AI លើសដែនកំណត់ដែលធ្វើឲ្យអ្នកប្រើប្រាស់ត្រូវប្រឈមមុខផ្លូវច្បាប់ ឬ ការប្រើប្រាស់មិនប្រុងប្រយ័ត្ន ធ្វើឲ្យបាត់ឯកជនភាពរបស់ខ្លួន។
លោកថា៖ «ប្រើវាបានល្អ វាជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋ ប៉ុន្តែប្រើប្រាស់មិនបានល្អ វាក្លាយទៅជាគ្រោះទៅតាមផ្លូវច្បាប់»។
លោក សេក សុជាតិ លើកទឹកចិត្តឲ្យរដ្ឋាភិបាលពង្រឹងទៅលើសន្តិសុខអ៊ីនធឺណិត ពីព្រោះវាប៉ះពាល់ដល់សុវត្ថិភាព និងទិន្នន័យរបស់អ្នកប្រើប្រាស់។ ភាពទន់ជ្រាយផ្នែកនេះអាចបណ្ដាលឲ្យមានបញ្ហាជាច្រើន ដូចជាការចាប់ជំរិតតាមអនឡាយ និងការក្លែងបន្លំនានា ដែលទាំងអស់នេះបង្កបញ្ហាប្រឈមដល់សង្គមទាំងមូល។
លោក Marc Pinol Rovira ប្រធានគ្រប់គ្រងការស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាគឺជាអ្នកគាំទ្របច្ចេកវិទ្យាដ៏សម្បើមមួយ ដែលនៅឆ្នាំ២០២៤នេះ អត្រាប្រើប្រាស់អ៊ីនធឺណិតមានប្រហែល ៦០ភាគរយ។ កាលពី១៥ឆ្នាំមុន អត្រានៃការប្រើប្រាស់អ៊ីនធឺណិតនៅក្រោម ៥ភាគរយ។
ប៉ុន្តែ លោកថា សំណួរសំខាន់នោះគឺថាតើ ការប្រើប្រាស់បានត្រឹមត្រូវ និងមានការទទួលខុសត្រូវឬអត់ ដែលនេះជាបញ្ហាប្រឈម និងជាការគំរាមកំហែង។
លោកថា៖ «អ្នកខ្លះបានដឹងខ្លួនឯងថា ពួកគេប្រើប្រាស់ AI ដើម្បីរំលោភច្បាប់ ដែលនេះមិនមែនជាអ្វីដែលយើងត្រូវធ្វើទេ។ ប៉ុន្តែ ក៏មានមនុស្សដែលប្រើប្រាស់ AI ដោយមិនដឹងខ្លួនហើយវាបង្កបញ្ហាដល់ពួកគ ដូចជាការប្រើប្រាស់ AI ដើម្បីវិភាគទិន្នន័យ ដែលគេមិនដឹងថា តើព័ត៌មានដែលដាក់បញ្ចូលក្នុងប្រព័ន្ធនោះត្រូវបានយកទៅរក្សាទុកនៅកន្លែងណា»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដែលមានវត្តមានជាវាគ្មិន បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ នេះចាត់ទុកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតជាគោលដៅងាទិភាព ដូចមានចែងនៅក្នុងមុំទី៥ យុទ្ធសាស្ត្របញ្ចកោណ។
លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកវិត្យាប្រកបដោយការទំនួលខុសត្រូវ ជាពិសេសការប្រើប្រាស់សិទ្ធិឲ្យស្ថិតនៅក្នុងរង្វង់ច្បាប់។
លោកថ្លែងថា៖ «មានជនមួយចំនួនប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅទុច្ចរិត ដែលធ្វើឲ្យទីលានបច្ចេកវិទ្យាពោរពេញទៅដោយព័ត៌មានក្លែងក្លាយ ប្រឌិតបំភ្លើសបំភ្លៃ ការកាត់តរូបភាពមិនពិតយកមកផ្សព្វផ្សាយ និងការបោកប្រាស់នៅលើប្រព័ន្ធអនឡាញ ដែលជាបញ្ហាមួយធំកំពុងកើតឡើងនាពេលបច្ចុប្បន្ន»។
លោកលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់គ្រប់ប្រភេទ ប្រើប្រាស់បច្ចេកវិទ្យាប្រកបក្រមសីលធម៌ គោរពគ្នាទៅវិញទៅមក និងមិនហួសបន្ទាត់ក្រហមផ្លូវច្បាប់ដែលអាចនាំដល់ការអនុវត្តវិធានការច្បាប់។
វាគ្មិនមកពីអង្គការយូណេស្កូ អង្គការតំណាងប្រព័ន្ធផ្សព្វផ្សាយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ប្រចាំកម្ពុជា អ្នកជំនាញសន្តិសុខឌីជីថល សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកបញ្ហាសិប្បនិម្មិត ដើម្បីពង្រឹកការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការប្រជាធិប្បតេយ្យ។
ភាគច្រើននៃវាគ្មិនបានលើកឡើងពីដែនកំណត់ និងការទទួលខុសត្រូវនៃការប្រើប្រាស់ AI ក្នុងចំណោមប្រជាពលរដ្ឋ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនបង្កើតកម្មវិធី AI នានាពាក់ព័ន្ធនឹងសុវត្ថិភាពនិងឯកជនភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការគោរពសិទ្ធិអ្នកប្រើប្រាស់៕