ក្រសួងសុខាភិបាលក្រើនរំឭកដល់អាជ្ញាធររាជធានីខេត្តពង្រឹងការគ្រប់គ្រងលើសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងត្រូវលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ក្នុងដែនដីរបស់ខ្លួន។
ការក្រើនរំឭកនេះធ្វើឡើងបន្ទាប់ពីមានករណីមន្ទីរសម្រាកព្យាបាលឯកជនមួយនៅខេត្តតាកែវ បានចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺមានប្រតិកម្មរហូតដល់ស្លាប់ និងបានយកសាកសព រួមជាមួយនឹងក្មួយស្រីអ្នកជំងឺទៅបោះចោលនៅក្នុងព្រៃ កាលពីសប្ដាហ៍មុន។
នៅក្នុងលិខិតដែលផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានថ្លែងថា មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត តាំងពីខែធ្នូ ឆ្នាំ២០១៩ តាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។
ក្រសួងមក្រើនរំលឹកដល់ អភិបាលរាជធានី ខេត្តទាំងអស់ឲ្យធ្វើការត្រួតពិនិត្យឡើងវិញទៅលើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ឲ្យបានទៀងទាត់ ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការ អនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។
រាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់អនុញ្ញាត ត្រូវតែបញ្ឈប់ទាំងអស់។ អាជ្ញាធរក៏ត្រូវពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។
ក្រសួងបញ្ជាក់ថា៖ «អភិបាលរាជធានីខេត្តត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួងសុខាភិបាលឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស»។
ក្រសួងក៏ជំរុញឲ្យអាជ្ញាធរលើកទឹកចិត្តពលរដ្ឋឲ្យចូលរួមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអំពីមូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតី សង្ស័យថាគ្មានច្បាប់អនុញ្ញាត និងបញ្ជ្រាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីខែកញ្ញា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងបានរឹតបន្តឹងមូលដ្ឋានសុខាភិបាលឯកជន និងបានបិទទីតាំងជាច្រើនក្នុងរយៈពេលមួយឆ្នាំនៃការកាន់អំណាចរបស់រដ្ឋាភិបាលថ្មី។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា លោក កត់សម្គាល់ឃើញថា ក្រសួងសុខាភិបាលនៅក្នុងអាណត្តិនៃរដ្ឋាភិបាលថ្មីយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសុខាភិបាល។
លោកនិយាយថា៖ «ក្រសួងសុខាភិបាលបានចាត់មន្ត្រីជំនាញ ក៏ដូចជារដ្ឋលេខាធិការដើម្បីចុះពង្រឹងដល់ភូមិឃុំ មិនត្រឹមតែនៅកម្រិតស្រុកនោះទេ។ អីចឹង ខ្ញុំគិតថា ក្រសួងសុខាភិបាលចាត់វិធានការតឹងរ៉ឹង គ្រាន់តែថា នៅមានបញ្ហាចន្លោះប្រហោង ដែលធ្វើឲ្យមានគ្លីនិកបើកដំណើរការដោយគ្មានច្បាប់។ ករណីនេះខ្ញុំមិនយល់ដែរ ព្រោះថា មានច្រកចេញចូលតែមួយដែលស្ថិតក្រោមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ»។
ការិយាល័យច្រកចេញចូលតែមួយគឺជា កន្លែងផ្ដល់សេវាកម្មរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋ និងជាកន្លែងប្រមូលផ្តុំសេវាកម្ម និង នីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ៕