មន្ទីរពេទ្យ​កុមារ​អង្គរ​បើក​យុទ្ធនាការ​រៃអង្គាស​ថវិកា «រួម​គ្នា​ដើម្បី​ព្យាបាល​កុមារ​រង​របួស​ធ្ងន់ធ្ងរ» ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សេវាកម្ម​របស់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​និង​របួស​ប៉ះ​ទង្គិច​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​និង​ដើម្បី​រៃ​អង្គាស​ថវិកា ​ចំនួន​១៥០ ០០០​ដុល្លារ​ ដើម្បី​ដំណើរការ​មជ្ឈមណ្ឌល​ទាំង​មូល។


ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី១៩ ខែ​ធ្នូ ​ឆ្នាំ ២០២៤។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​មន្ទីរ​ពេទ្យ។

លោក​វេជ្ជបណ្ឌិត ឡេង ណារ៉ា ជំនាញ​ផ្នែក​វះ​កាត់​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ពន្យល់​ថា ណៈភាព និង​ពិការភាព​ជាច្រើន​អាច​ត្រូវ​បាន​ចៀស​វាង​បាន ​ប្រសិន​បើ​កុមារ​ទទួល​បាន​ការថែទាំ​ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលា។


លោក​បន្ត​ថា៖ «កុមារ​ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ភាគ​ច្រើន​គ្មាន​កន្លែង​ណា​ទៀត​ត្រូវ​ទៅ​នោះ​ទេ។ យើង​មិន​អាច​ទុក​ពួក​គេ​ចោល​បាន​នោះ​ទេ។ យើង​ចាត់​ទុក​កុមារ​គ្រប់​រូប​ដូច​កូនៗ​របស់​យើង»។

មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​កសាង​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ធ្ងន់ ​និង​របួស​ប៉ះ​ទង្គិច​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ឆ្នាំ​២០២៣ ដែល​ជា​មជ្ឈមណ្ឌល​ឯកទេស​​ផ្តល់​ការ​ថែទាំ និង​វះកាត់​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​របួស​ប៉ះ​ទង្គិច​នានា។


មជ្ឈមណ្ឌល​ផ្តល់​ជូន​នូវ​សេវា​ជាច្រើន​ដូចជា ការ​សង្គ្រោះ​បន្ទាន់ ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ការ​វះ​កាត់ ការ​ព្យាបាល​ដោយ​ចលនា អាហារូបត្ថម្ភ និង​សេវា​សង្គម​កិច្ច​វេជ្ជសាស្ត្រ។

លោក ងួន ច័ន្ទភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​យុទ្ធនាការ​រៃ​អង្គាស នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា។ AHC

លោក​វេជ្ជបណ្ឌិត សរ វុទ្ធី ​ប្រធាន​ផ្នែក​វះ​កាត់​របស់​​មន្ទីរពេទ្យ​កុមារ​អង្គរ ថ្លែង​ថា មជ្ឈមណ្ឌល​នេះ​ព្យាបាល​របួស​ប៉ះ​ទង្គិច ឬ​ជំងឺ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​កុមារ​ រួម​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ការ​ដួល​ ធ្លាក់​ពី​ទី​ខ្ពស់ គ្រោះ​ថ្នាក់​ចរាចរណ៍ និង​រលាក​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា នៅ​ឆ្នាំ ២០២៤​នេះ មជ្ឈមណ្ឌល​នេះ​រំពឹង​ថា​នឹង​ផ្តល់​សេវា​ព្យាបាល និង​វះ​កាត់​កុមារ​បាន​ប្រហែល ១ ០៦៨នាក់ ​សង្គ្រោះ​ជីវិត​ដល់​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ចំនួន ​១ ៤៧៨នាក់ និង​សង្គ្រោះ​បន្ទាន់​ដល់​កុមារ​ចំនួន ​១ ៧២២​នាក់”។

មន្ទីរពេទ្យ​កុមារ​អង្គរ​ផ្ដោត​សេវា​ឯកទេស​វះ​កាត់​ផ្ដោត​ជាពិសេស​លើ​កុមារ​និង​វ័យ​ជំទង់​រហូត​ដល់​អាយុ​១៨ឆ្នាំ។  

លោក​វេជ្ជបណ្ឌិត​ ងួន ច័ន្ទភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែង​ថា៖ «មន្ទីរពេទ្យ​កុមារ​អង្គរ​គឺជា​មន្ទីរពេទ្យ​សម្រាប់​កុមារ​គ្រប់ៗ​រូប និង​ជា​អនាគត​របស់​យើង​ទាំង​អស់​គ្នា។ យើង​នឹង​បន្ត​រួម​ចំណែក ដើម្បី​អភិវឌ្ឍន៍ ​សេវា​ថែទាំ​សុខភាព​ដ៏​មាន​សារៈ​សំខាន់ ជាមួយ​នឹង​ឧបករណ៍​វេជ្ជសាស្ត្រ​ត្រឹម​ត្រូវ ដើម្បី​ឱ្យ​កុមារ​គ្រប់​រូប ​អាច​ទទួល​បាន​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព»៕