ភ្នំពេញៈ ការវិភាគមុខងាររដ្ឋបាលសាធារណៈ ទ្រង់ទ្រាយធំ ដែលកំពុងតែដំណើរនេះ គឺមិនមែនជាការដាក់បន្ទុកបន្ថែម និងមិនមែនជាការវះកាត់ ទៅលើក្រសួង ស្ថាប័នរដ្ឋនោះទេ តែវាជាឱកាស ក្នុងការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេសចាំបាច់ ដើម្បីឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៦ ខែវិច្ឆិកានេះ។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង ពង្រីកវិសាលភាព នៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជន អំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» បន្ទាប់ពី ក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រសួង ស្ថាប័នចំនួន៩ រួចមក ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ។
ក្រសួង និងស្ថាប័នទាំងនោះរួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ, អប់រំ យុវជន និងកីឡា, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទា, យុត្តិធម៌, សុខាភិបាល, រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការបញ្ជាក់ប្រាប់ ពីការវិភាគមុខងាររដ្ឋបាលសាធារណៈនេះ គឺជាការពន្យល់បន្ថែម ចំពោះក្តីកង្វល់របស់មន្រ្តីមួយចំនួន ពីការបាត់បង់ផលប្រយោជន៍ បន្ទាប់ពី រដ្ឋាបាលកម្ពុជា ក៏ដូចជា ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីណែនាំ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នកាលពីខែឧសភាកន្លងមក។
លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី ដែល ជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)ផងនោះមានប្រសាសន៍ថា៖«ប្រាកដណាស់ ធ្វើយ៉ាងណា កុំឱ្យមានការយល់ឃើញថា ការវិភាគមុខងារខុសគ្នា។ ឧទាហរណ៍កន្លែងខ្លះយើងឮ ព័ត៌មានមកថា ការវិភាគមុខងារ គឺជាការរៀបចំវិធានការណ៍ វះកាត់ ដែលធ្វើឱ្យមន្រ្តីមួយចំនួនបាត់បង់អ្វី ដែលជាផលប្រយោជន៍ និងភារៈកិច្ចរបស់ខ្លួន»។
លោករដ្ឋមន្រ្តីបន្តថា៖«អញ្ជឹងគ្រាន់តែចាប់ផ្តើមពីដើមទីប៉ុណ្ណឹង កន្លែងខ្លះ គឺគាត់មានការព្រួយបារម្ភតែម្តង។ គោលបំណងធ្វើការវិភាគមុខងារ គឺការធ្វើឱ្យមានប្រសិទ្ធភាព របស់ក្រសួង ស្ថាប័ន បានប្រសើរជាងមុន។ តែប្រសិនបើមន្រ្តីរបស់យើងមានការភ័ន្តច្រលំគិតថា ការវិភាគមុខងារ គឺជាយន្តការឈានទៅដល់ ការវះកាត់ ឬក៏ធ្វើឱ្យបាត់ផលប្រយោជន៍ របស់មន្រ្តី អញ្ជឹងគឺវានឹងអាចបង្កើតបរិយាកាសមួយ ឱ្យមានការព្រួយបារម្ភ»។
លោកបន្ថែមថា នេះជាចំណុចមួយ ដែលត្រូវជំនះ ត្រូវការបកស្រាយ ហើយត្រូវការ ការធ្វើការចំណាយពេលវេលា ត្រូវការពន្យល់ពីក្រសួង ស្ថាប័ននីមួយៗ ដែលរៀបចំឱ្យមានការបញ្រ្ជាប ដើម្បីកុំឱ្យមានការព្រួយបារម្ភតទៅទៀត។
លោកថ្លែងដូច្នេះថា៖«វាជាឱកាស ដើម្បីយើងពិនិត្យទៅលើស្ថានភាពសុខភាព នៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើង ថាតើក្នុងពេលបច្ចុប្បន្ន គឺយើងស្ថិតក្នុងចំណុចណា។ ការវិភាគមុខងារនេះ ដើម្បីយើងអាចមើលឃើញនូវចំណុចខ្លាំង និងចំណុចណា ដែលមានភាពខ្វះខាត ដែលយើងត្រូវការកែសម្រួល។ សំខាន់ជាងគេបង្អស់គឺប្រមូលទិន្នន័យទាំងអស់នេះ ដើម្បីធ្វើយ៉ាងណា យើងមានមូលដ្ឋាន ដើម្បីឆ្ពោះទៅមុខបន្ថែមទៀត»។
លោកក៏បានឱ្យដឹងផងដែរថា ក្នុងដំណាក់កាលចាប់ផ្តើមដំណើរការដំបូងកាលពីខែឧសភាកន្លងមក គឺមិនសូវមានការយល់គ្នានោះទេ។
ប៉ុន្តែក្រោយពីមានការជួបគ្នា ទាំងកម្រិតបច្ចេកទេស កម្រិតនយោបាយបច្ចេកទេស និងកម្រិតស្ថាប័នរួចមក រហូតមកដល់ពេលនេះ គឺមានការយល់គ្នាកាន់តែច្រើនឡើងៗ។
លោកបញ្ជាក់ថា ការកែទម្រង់ ដែលបានធ្វើតាំងពីអាណត្តិមុនៗ រហូមកដល់ពេលបច្ចុប្បន្ននេះ គឺមិនដែលមានការកែទម្រង់មួយណា ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ របស់មន្រ្តីរាជការស៊ីវិល ដែលជាសិទ្ធិទទួលបាន មានចែងនៅក្នុងក្របខណ្ឌច្បាប់នោះទេ។
ដូចគ្នានេះដែរ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាល ក៏មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍ របស់មន្រ្តីរាជការដែរ។ ជាពិសេស គឺសិទ្ធិ ដែលពួកគាត់ទទួលបានទៅតាមច្បាប់ ដែលមានចែង។
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននេះគឺធ្វើឡើងដោយក្រសួងសាម៉ីផ្ទាល់ទៅតាមទម្រង់ឯកសារមូលដ្ឋាន ដែលក្រសួងមុខងារសាធារណៈបានចែកជូនយកទៅបំពេញ ហើយត្រូវបញ្ជូនរបាយការណ៍នោះទៅក្រសួងវិញ ដើម្បីប្រមូលទិន្នន័យ ឬព័ត៌មានរួមមួយ ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ លើស្ថានភាពជាក់ស្តែង។
ក្រសួងមុខងារសាធារណៈ នឹងដាក់របាយការណ៍នោះ ជូនប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដែលជាប្រធានគ.វ.រ ដើម្បីការពិនិត្យ ហើយក្រសួងមុខងារសាធារណៈនឹងរងចាំការពិគ្រោះយោបល់ និងការតម្រង់ទិសពីប្រមុខរដ្ឋាភិបាល ។
លោកឧបនាយករដ្ឋមន្រ្តីបានជឿជាក់ថា ក្រសួង ស្ថាប័ន មានវិជ្ជាជីវៈ និងការបំពេញការងារច្បាស់លាស់ ដែលមិនអាចធ្វើឱ្យមានការសង្ស័យ ទៅលើទិន្នន័យ ដែលត្រូវដាក់ទៅក្រសួងវិញនោះទេ។
លើសពីនោះ ការធ្វើការជាមួយគ្នា ពិគ្រោះយោបល់ និងការត្រួតពិនិត្យជាមួយគ្នាទៅមក នឹងកាន់តែធ្វើឱ្យទិន្នន័យនោះ មានភាពច្បាស់លាស់ និងមានសុក្រឹតថែមទៀត ដែលអាចទទួលយកបានទាំងសងខាង។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះថា«ពីមុនក្រសួងខ្លះស្នើសុំបង្កើនរចនាសម្ព័ន្ធ ឬក៏ស្នើសុំឱ្យមានការជ្រើសរើសមន្រ្តីបន្ថែម ដើម្បីបំពេញតួនាទី តែចំពោះអាណត្តិទី៧ ហើយនិងការវិភាគមុខងារ ក្រសួងសាម៉ីត្រូវការវិភាគមុខងារទៅលើអ្វីដែលជាសុខភាពរបស់ខ្លួន ដោយមិនឱ្យពង្រីករចនាសម្ព័ន្ធ។ បើមិនមានការធ្វើវិភាគមុខងារច្បាស់លាស់ ចប់សព្វគ្រប់ ក៏មិនមានឱកាសក្នុងការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីៗផងដែរ»។
លោកបញ្ជាក់ថា ការប្រលងជ្រើសរើសមន្រ្តីថ្មី នាពេលថ្មីៗនេះ គឺសុទ្ធតែក្របខណ្ឌ ដែលត្រូវបានអនុញ្ញតតាំងពីឆ្នាំ២០២៣មក ប៉ុន្តែ ចំពោះការអនុញ្ញាតឱ្យជ្រើសរើសក្របខណ្ឌមន្រ្តីថ្មីសម្រាប់ឆ្នាំ២០២៤ ២០២៥ គឺមិនទាន់មាននោះទេ។
ក្រោយពីមានការណែនាំពីរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈក៏បាន បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីធ្វើការជាមួយក្រសួង ស្ថាប័នតាមវិស័យ ដែលត្រូវបានបែងចែកជាបួន។
ក្នុងនោះរួមមាន វិស័យរដ្ឋបាលទូទៅ ដែលមានក្រសួង និងស្ថាប័នចំនួន១០ វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលមានក្រសួងចំនួន២ វិស័យសង្គមកិច្ច ដែលមានក្រសួងចំនួន៩ និងវិស័យសេដ្ឋកិច្ច ដែលមានក្រសួង ស្ថាប័នចំនួន១០។
ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងធ្វើសិក្ខាសាលាផ្សព្វផ្សាយ កម្រិតបច្ចេកទេស សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលទទួលបន្ទុកលើការវិភាគមុខងារសាធារណៈនេះ។
បន្ថែមពីនោះ ក៏មានការរៀបចំសិក្ខាសាលាចំនួន៣ដង ដើម្បីទទួលបទពិសោធន៍ ពីប្រទេសដទៃ លើការងារវិភាគមុខងារសាធារណៈនេះ។ ក្នុងនោះមានប្រទេសអូស្រ្តាលី សិង្ហបុរី និងឥណ្ឌូនេស៊ី។
ប្រមុខរដ្ឋាភិបាលបានណែនាំឱ្យក្រសួង ស្ថាប័ន ធ្វើការការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណាបានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំគណៈកម្មាការត្រួតពិនិត្យ វាយតម្លៃ ដើម្បីពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ហើយលោករដ្ឋមន្រ្តីឆាយ ឫទ្ធិសែនបានដឹកនាំប្រជុំ ដើម្បី ពិនិត្យទៅលើការងារនេះរួចរាល់ហើយផងដែរ។
លោកបញ្ជាក់ថា៖«យើងផ្តោតសំខាន់ទៅលើការត្រួតពិនិត្យឡើងវិញ នូវតួនាទី ភារៈកិច្ចរបស់ក្រសួង ដែលមានភាពជាន់គ្នា ឬមានតួនាទីក្នុងអង្គភាព ដែលមិនដំណើរការ។ អញ្ជឹងក្រសួងបានសម្រេចដកនូវមុខងារណា ដែលមានភាពជាន់គ្នា និងសម្រួលការងារណា ដែលមិនដំណើរការ»។
លោកបន្ថែមថា ក្រសួងបានបញ្ចប់ការ រៀបចំការវិភាគមុខងារនេះ ហើយក៏បានបញ្ជូនទៅក្រសួងមុខងារសាធារណៈរួចរាល់ហើយផងដែរ។
លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា ក្រសួងកំពុងធ្វើការងារនេះជាមួយក្រសួងមុខងារសាធារណៈជាបន្តបន្ទាប់ និងបំពេញគ្រប់តម្រូវការលើការវិភាគមុខងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លើសពីនេះ គ្រប់បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ បានផ្សព្វផ្សាយជាហូរហែលើយន្តការ និងសកម្មភាពការងារវិភាគមុខងារនេះផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការបង្ហាញពីសមិទ្ធផលជាជំហ៊ានៗ លើការអនុវត្តវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ និងបង្ហាញភាពវិជ្ជមាន នៃការចូលរួមសហការពីក្រសួង ស្ថាប័នទាំង៩ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នទាំង៩ ផងដែរ។
ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងខេត្តព្រះសីហនុ លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានអំពាវនាវផងដែរថា៖«សូមយើងទាំងអស់គ្នា ចាត់ទុកថា ការងារកែទម្រង់ គឺជាឱកាសកែលម្អខ្លួនឯង និងឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង»៕