ជប៉ុន បានសន្យានឹងបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈចំនួនវិនិយោគិនជប៉ុនដែលមកបណ្តាក់ទុននៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលជោគជ័យដែលកម្ពុជាសម្រេចបានលើគ្រប់វិស័យនាពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ពីការបន្តរក្សានូវចំណងមិត្តភាពដ៏ល្អជាមួយកម្ពុជា បើទោះបីប្រទេសជប៉ុនទើបមានរាជរដ្ឋាភិបាលថ្មីក៏ដោយ។
លោកស្រី ERI Arfiya បានថ្លែងថា៖«ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្ដែងការអបអរសាទរចំពោះលោកស្រី ERI Arfiya ដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជប៉ុន គឺជាភាគីដ៏សំខាន់ដែលចូលរួមចំណែកក្នុងដំណើរការនៃការស្វែងរកសន្តិភាពនៅកម្ពុជា និងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដូចសព្វថ្ងៃ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយគ្នាជាយូរមកហើយ ដោយទឹកប្រាក់នៃការនាំទំនិញ នាំចូលទំនិញនៃប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ចាប់ពីខែមករា-ខែតុលា ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានទឹកប្រាក់សរុប ១ ៧៦១,៨ លានដុល្លារ កើនឡើង ១៧,១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅជប៉ុន ១ ១៥០,៦៧ លានដុល្លារ កើនឡើង ១៨ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជា ៦១១,១៣ លានដុល្លារ កើនឡើង ១៥,៥ ភាគរយ។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជប៉ុនគឺជាទីផ្សារនាំចេញទំនិញសំខាន់មួយរបស់កម្ពុជា ដោយទំនិញកម្ពុជានាំទៅជប៉ុនភាគច្រើនជាផលិតផលវាយនភណ្ឌ និងគ្រឿងបង្គុំ(ផលិតផលអេឡិចត្រូនិក/អគ្គិសនី)សម្រាប់រោងចក្រក្នុងប្រទេសជប៉ុន។ ក្រៅពីការនាំទំនិញទៅជប៉ុន បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនជាច្រើនកំពុងវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា ការប្តេជ្ញារបស់រដ្ឋាភិបាលប្រទេសទាំង ២ គឺជាផ្នែកដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តជប៉ុនឱ្យចូលមកបណ្តាក់ទុននោះកម្ពុជាកាន់តែច្រើន ខណៈកម្ពុជា និងជប៉ុន គឺសុទ្ធតែជាប្រទេសសមាជិកក្នុងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ តាមរយៈកិច្ចព្រមព្រៀងនេះបានជួយឱ្យកម្ពុជាអាចនាំចេញទំនិញទៅប្រទេសជាសមាជិកចំនួន ១៤ ក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយ។
លោកបានថ្លែងថា៖«ការកើនឡើងនៃសមត្ថភាពនៃផលិតកម្មកម្ពុជា ព្រមទាំងភាពអំណោយផលដែលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នឹងជួយឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែកើនឡើងបន្ថែមទៀត ពិសេសការនាំចេញពីកម្ពុជាទៅជប៉ុន»។
ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បាននិយាយថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០២៣ លោកសង្កេតឃើញមានវិនិយោគិនជប៉ុនកាន់តែច្រើនបង្ហាញការចាប់អារម្មណ៍ក្នុងការមកវិនិយោគផ្ទាល់នៅកម្ពុជា។ ជាមួយគ្នានេះភាគីទាំង ២ ក៏មានបំណងចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ផងដែរ។
លោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿថា នៅពេលខាងមុខឆាប់ៗនេះ ប្រទេសកម្ពុជានឹងមានតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរួមទាំងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន លេចឡើងច្រើន។ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងជួយទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែសកម្ម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា សមាគមឧកញ៉ាកម្ពុជា សហការជាមួយសមាគមជប៉ុន-កម្ពុជា បានរៀបចំ«ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ដោយមានចូលរួមពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(អតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា) ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុន-កម្ពុជា សរុបប្រមាណ ១២០ រូប៕