លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​«សិក្សា​ឡើង​វិញ» និង ​«កំណត់​លក្ខខណ្ឌ» នៃ​ការ​ប្រើ​ប្រាស់​ដី កំណត់​ទីតាំង​ភូមិសាស្ត្រ​ និង​ទួល​បុរាណ​នានា ដើម្បី​ធានា​តុល្យភាព​រវាង​ការ​ថែ​រក្សា​សម្បត្តិ​វប្បធម៌ និង​ជីវភាព​ប្រជាពលរដ្ឋ​ទាំង ១១៤​ភូមិ​ក្នុង​តំបន់​នេះ។


លោក ហ៊ុន ម៉ាណែត ថ្លែង​អំពី​ស្ថានភាព​នៃ​តំបន់​អង្គរ​​ដែល​អ្នក​នៅ​រស់​នៅ​តំបន់​នេះ​នៃ​ខេត្ត​សៀមរាប ហៅ​ថា តំបន់​អប្សរា នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​បន្ត របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កន្លែង​ណា​ដែល​ប្រជា​ពលរដ្ឋ​អាច​រស់​នៅ​បាន ហើយ​កន្លែង​ណា​ដែល​យើង​ត្រូវ​ដាច់​ខាត​ការពារ។ ថ្ងៃ​មុន កិច្ច​ប្រជុំ​ហ្នឹង​បាន​កែ​សម្រួល​ឲ្យ​ចេញ​ពី​បារាយណ៍ ត្រូវ​ចេញ​ឲ្យ​អស់។ [យើង​ត្រូវ​កំណត់] ​កន្លែង​ណា​ដែល​ប្រជាជន​អាច​រស់​នៅ​បាន ហើយ​លក្ខខណ្ឌ​យើង​គ្រប់គ្រង​តាម​គោលការណ៍​នគរូបនីយកម្ម និង សំណង់»។


លោក​បន្ត​ថា បើ​មិន​មាន​ការ​កំណត់​កច្ខុវិស័យ​ឲ្យ​បាន​ច្បាស់​ទេ ទិដ្ឋភាព​នៅ​តំបន់​នេះ​ដែល​មាន​ទំហំ ​៤០០​គីឡូម៉ែត្រការ៉េ អាច​មាន​ទម្រង់​ផ្សេង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ទៀត។

លោក​ថា៖ «សម្រាប់​ប្រជាពលរដ្ឋ យើង​មិន​កំណត់​ថា​គាត់​មិន​អាច​រស់​នៅ​ក្នុង​តំបន់ ៤០០​គីឡូម៉ែត្រ​កេរ៉េ​នោះ​ទេ។ គាត់​នៅ​ច្បាស់​ជា​បង្កើត​កូន​ហើយ តែ​យើង​មិន​ហាម​មិន​ឲ្យ​អ្នក​រស់​នៅ​តំបន់​នេះ​មិន​ឲ្យ​មាន​កូន​ទេ...។ ប្រជុំ​គ្នា​ថ្ងៃ​មុន យើង​បាន​ឯកភាព​ថា យើង​ត្រូវ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​ដី​ក្នុង​អា ៤០០​គីឡូម៉ែត្រ​ការ៉េ​ហ្នឹង កន្លែង​ណា​ត្រូវ​បន្ធូរ​បន្ថយ​យ៉ាង​ម៉េច ប៉ុន្តែ កុំ​ឲ្យ​ទៅ​ដល់​បាត់​ម្ចាស់​ការ ព្រោះ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ជាមួយ​ជំនាន់​ក្រោយ​របស់​យើង»។


ក្រៅ​ពី​ការ​ពិនិត្យ​ទៅ​លើ​ការ​អនុញ្ញាត​សាងសង់ លោក ហ៊ុន ម៉ាណែត ក៏​បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​រចនាបទ​នៃ​សំណង់​ក្នុង​តំបន់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​សាង​សង់​មាន​លក្ខណៈ​ជា​ខ្មែរ យ៉ាង​ហោច​ណាស់​លក្ខខណៈ​ពី​ខាង​ក្រៅ។

លោក​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​នេះ​សហការ​ជាមួយ​ក្រសួង​ដែនដី ដើម្បី​អនុវត្ត​គោល​ការណ៍​ថ្មី​ឲ្យ​មាន​ប្រសិទ្ធិភាព។

រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​រស់​នៅ​ក្នុង​តំបន់​អប្សារ​ត្រូវ​បាន​ចែក​ដី​ឲ្យ​ទៅ​រស់​នៅ​តំបន់​រុន​តាឯក ក្នុង​ស្រុក​បន្ទាយ​ស្រី និង តំបន់​ពាក់​ស្នែង​ក្នុង​ស្រុក​នគរធំ។

ប៉ុន្តែ សម្រាប់​ប្រជាពល​រដ្ឋ​ដែល​មិន​ប្រឈម​នឹង​ការ​ប្ដូរ​ទីតាំង​ចេញ ពួក​គេ​ក៏​តែង​ជួប​បញ្ហា​ជួល​ជុល​ផ្ទះ ឬ​សាងសង់​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា៕