ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា បឹង​ទន្លេ​សាប​នឹង​មិន​ត្រូវ​កែ​សម្រួល​ព្រំប្រទល់ ឬ​កាត់​ឆ្វៀល​​ទៀត​នោះ​ទេ ដើម្បី​ថែ​រក្សាទុក​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ទាំង​ពេល​បច្ចុប្បន្ន​និង​អនាគត បន្ទាប់ពី​ផ្ទៃដី​ប្រមាណ​ជា ​៨​ម៉ឺន​ហិកតា ត្រូវ​បាន​កាត់​រួច​ហើយ​នា​ពេល​ថ្មី​នេះៗ។ 


ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​ពិធី​«បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង ទិសដៅ​ការងារ​ឆ្នាំ​បន្ត​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់» នា​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ​ថា ក្រោយ​ពី​បឹង​ទន្លេសាប​ត្រូវ​បាន​បោះ​បង្គោល​កំណត់​ព្រំ​រួច​រាល់ លោក​បាន​ប្រាប់​ទៅ​មន្រ្តី​ពាក់ព័ន្ធ​ថា រាជ​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កែ​សម្រួល​ព្រំ​ដី​ទៀត​នោះ​ទេ។ ដោយ​ហេតុ​ថា បឹង​ទន្លេសាប​ធ្លាប់​ត្រូវ​បាន​កែ​ពី​ព្រំ​តំបន់ ៣ មក​តំបន់​១ ហើយ​ពី​តំបន់ ៣ មក​តំបន់ ២ ដែល​មាន ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​នា​ពេល​ថ្មីៗ​នេះ​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​ប្រជាជន។ 

លោក​ប្រសាសន៍​ថា៖ «យើង​កែ​សឹង​តែ​អស់​ទៅ​ហើយ។ អញ្ជឹង នៅ​មាន​ការ​ស្នើសុំ​ចង់​កែ​អា​តំបន់៣ តំបន់២ធ្វើ​អី​ទៀត? អត់ទេ។ ត្រូវ​ការពារ​សម្រាប់​ពលរដ្ឋ ១៧​លាន​នាក់ គឺ​មិនមាន​ការ​កែប្រែ​តំបន់ ៣ មក​តំបន់២ ទៀត​ទេ គឺ​ត្រូវ​ថែរក្សា​ឱ្យ​បាន។ យើង​គ្រាន់​តែ​កែ​ពី​តំបន់​៣ មក​តំបន់​២ និង​តំបន់១​ អស់ ៨​ម៉ឺនហិកតា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​កម្មសិទ្ធិ ឬ​មួយ​មាន​សិទ្ធិ​ប្រើប្រាស់។ ឥឡូវ បើ​យើង​សុំ​កាត់​រាប់សែន​ហិកតា​ទៀត កាត់​អត់​ឈប់​ទេ»។ 


លោក​នាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើងថា រាជ រដ្ឋាភិបាល មាន ភារៈកិច្ច និង​កាតព្វកិច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជាក់​ស្តែង​ក្នុង​តំបន់​នោះ។ ជាពិសេស អ្នក​ដែល​មាន​ភូមិករ​នៅ​ទីនោះ ជាយូរយារ​មកហើយ ដែល​រាជរដ្ឋាភិបាល​កាល​ពី​អាណត្តិមុន​បាន​កាត់​តំបន់​មួយ​ឱ្យ​រួច​ទៅ​ហើយ។ កន្លែង​ខ្លះទៀ​ត រដ្ឋាភិបាល​អាច​ផ្តល់​សិទ្ធិ​ជូន​ពលរដ្ឋ មាន​សិទ្ធិ​នៅ​ក្នុង​ការ​អាស្រ័យ​ផល​ ដើម្បី​គាត់​បាន​ផលចំណូល​មួយ​ចំនួន។ ប៉ុន្តែ វាមិន​បង្កការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ប្រព័ន្ធ​ជីវៈចម្រុះ សម្រាប់​ប្រជាពលរដ្ឋ រាប់​លាន​នាក់​ផ្សេង​ទៀត។

លោក​បញ្ជាក់​ថា៖ «តំបន់ ៣ ជា​តំបន់​ដាច់ខាត ដែល​ត្រូវ​ការពារ​ដាច់​ខាត។ ពិត​ណាស់​តំបន់​នេះ បើ​ឱ្យ​ប្រជាពលរដ្ឋ​ ១០០​នាក់ ១​ពាន់​ធ្វើ​ [កសិកម្ម] អ្នកនោះ​បាន​ចំណូល តែ​យើង​អាច​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប។ តើ​ស្រុក​ខ្មែរ​យើង ថ្ងៃ​ក្រោយ​ទៅ​ជា​យ៉ាងម៉េច? យើងត្រូវ​តែ​ទទួល​ខុសត្រូវ​អាហ្នឹង»។ 


លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​បន្ត​ថា៖ «បើឱ្យ​គ្រប់​កន្លែង​ទាំងអស់ អ្នកណា​ក៏​ធ្វើ​ដែរ​ តែ​យើង​មិន​អាច​ឱ្យ​ធ្វើ។ បើ​ធ្វើ​កសិកម្ម​ប្រើជី ប្រើអី វា​ប៉ះពាល់ ឈូសឆាយ ព្រៃ​លិចទឹក​ចោល​ទាំងអស់។ អញ្ជឹង​ត្រីពង​ក៏​លែង​រួច ខ្ទិច​អស់​នូវ​ធនធាន​ធម្មជាតិ។ អញ្ជឹង​រាជរដ្ឋាភិបាល​ដៃម្ខាង​គិត​ផល​ប្រយោជន៍​ប្រជាជន​រាប់​រយ​គ្រួសារ ដែល​នៅ​ក្នុង​នោះ។ ដៃម្ខាង​គឺ​ ១៧​លាន​នាក់។ ផល​ប្រយោជន៍​ទាំងអស់គ្នា»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ថ្លែង​ក្នុង​ពិធី​«បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង ទិសដៅ​ការងារ​ឆ្នាំ​បន្ត​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់» នា​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​។ រូបថត STPM

ការការពារបឹងទន្លេសាបនេះ មិនមែនថែសម្រាប់តែពលរដ្ឋ១៧លាននាក់នាពេល​បច្ចុប្បន្ននេះទេ តែ២០ឆ្នាំក្រោយ​ទៀត ប្រជាជនខ្មែរអាចកើនឡើង ២០លាននាក់ ឬ៣០លាននាក់។ ចំពោះ ការដោះ​ស្រាយបញ្ហាដីធ្លីនៅបឹងទន្លេសាប គឺមិនខុសគ្នា ពីករណីផ្សេងនោះ​ទេ​។ ពោល គឺត្រូវកំណត់និយាមការណ៍ កំណត់ព្រំ ហើយបោះបង្គោលឱ្យ​ច្បាស់​លាស់​។

លោកមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំសុំបញ្ជាក់ថា តំបន់៣ មិនមែនសម្រាប់ ឯកឧត្តមសាយ សំអាល់ ឬសម្រាប់ខ្ញុំទេ។ ខ្ញុំ​អត់មានគោលដៅទៅធ្វើផ្ទះនៅហ្នុងទេ។ អត់មានសម្រាប់មន្រ្តី អាជ្ញាធរទន្លេសាប ឬមួយអីទៅធ្វើកម្មសិទ្ធិទេ គឺ​សម្រាប់​ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធជីវៈចម្រុះ ប្រព័ន្ធត្រី​របស់យើង​នៅមាន​អនាគត​វែងឆ្ងាយត​ទៅទៀត»។  

លោកក៏បានថ្លែងផងដែរថា នៅតំបន់២ គឺបានកំណត់ព្រំ និងកំណត់គោលការណ៍នៅក្នុងការប្រើប្រាស់​ច្បាស់​លាស់ គឺ គ្មានការផ្តល់កម្មសិទ្ធិ និងគ្មានការលក់ដូរនោះទេ។ ប៉ុន្តែពលរដ្ឋមានសិទ្ធិប្រើប្រាស់ ឬអាចជួលពីរដ្ឋបាន ព្រោះ ដី​នៅតំ​ប​ន់នោះ ​​ត្រូវបានប្រគល់ឱ្យខេត្តទាំង៦ ធ្វើជាម្ចាស់ ប្រើបាស់ និងគ្រប់គ្រង ឬក៏ប្រគល់សិទ្ធិឱ្យប្រជាជន អាស្រ័យផល​ប៉ុ​ណ្ណោះ​។​ 

រាជរដ្ឋាភិបាលគិតគូទាំងការការពារបឹងទន្លេសាប និងជីវភាពរស់នៅរបស់ពលរដ្ឋ ដោយរកវិធីសាស្រ្តជួយ កុំឱ្យ​មាន​ការ​​ពឹងផ្អែកទាំងស្រុងទៅលើបឹងទន្លេសាប។ ប៉ុន្តែត្រូវ ពឹងលើចំណូល​ផ្សេង​ៗ ដូ​ច​ពល​រ​ដ្ឋខ្លះនៅកន្លែងផ្សេងដែរ ដូចជា​ពឹងទៅលើវិស័យឧស្សាហកម្ម ដែលប្រើប្រាស់ដីតូច ​តែបង្កើតចំណូលច្រើន ហើយធ្វើការ ដោយមិនចាំរដូវទឹកឡើង ឬ ទឹកស្រកទៀតនោះទេ។ 

លោកគូសបញ្ជាក់ថា៖«ឥលូវបង្វិលមកជាតំបន់ឧស្សាហកម្ម ដែលមិនប៉ះពាល់តំបន់ការពារ។ បង្កើតការងារជូនពលរដ្ឋ ។ នេះជាយុទ្ធសាស្រ្តរបស់យើង។ យើងត្រូវប្រែក្លាយប្រភព នៃចំណូលរបស់ពលរដ្ឋ ដើម្បីការពារបរិស្ថាន ទាល់តែ រក​ចំណូលឱ្យពលរដ្ឋ។ ដូចនៅអាម៉ាហ្សូន បើមិនឱ្យប្រជាជនកាប់ព្រៃ ត្រូវរកប្រភពចំណូលមួយទៀតឱ្យគាត់​។ បើចង់​ឱ្យ​គាត់មិនពឹងលើកសិកម្ម យើងបង្កើតតំបន់ឧស្សាហកម្មនៅជិតនោះឱ្យគាត់»។ 

លោកនាយករដ្ឋមន្រ្តីក៏បានឱ្យដឹងផងដែរថា ក្រោយពីកំណត់ព្រំបឹងទន្លេសាបរួច រាជរដ្ឋាភិបាលនឹងចេញគោលការណ៍ ក្នុងការកំណត់លក្ខខណ្ឌ នៃការប្រើប្រាស់ដី។ ដូចជាការកំណត់ក្នុងការប្រើប្រាស់ប្រភេទជី ដើម្បី​ការពារ​កុំឱ្យ​បំផ្លាញ​ជីវៈ​ចម្រុះ ឬគុណភាពដី។

លោកមានប្រសាសន៍ថា៖«ពេលទឹកឡើងមកគឺសម្លាប់ជីវៈចម្រុះហ្នឹងទាំងអស់ ត្រីក៏នៅមិនបាន។ យើង​នឹងចេញ​គោល​ការណ៍នេះ ហើយនឹងអនុវត្តឱ្យបានម៉ឺងម៉ាត់។ យើងមិនខ្លាចអនុវត្តច្បាប់ក្នុងកិច្ចការងារនេះទេ។ កន្លងទៅ​ACUចាប់​ដាក់​គុកប៉ុន្មាននាក់»។ លោកក៏បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ធ្វើការចុះផ្សព្វផ្សាយ​បន្ថែមដល់ពលរដ្ឋ​ពីការ​ប្រើ​ប្រាស់​ដីនៅតំបន់នីមួយៗឱ្យបានច្បាស់លាស់ ឱ្យស្របទៅនឹងទិដ្ឋភាពជាក់ស្តែង បន្ទាប់ពីការបោះបង្គោលព្រំ។

មន្ត្រី​ចុះពិនិត្យ និងវាយតម្លៃការងារបោះបង្គោលព្រំតំបន់៣ ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប កាល​ពី​ខែ​តុលា។ រូបថត អាជ្ញាធរទន្លេសាប

អាជ្ញាធរ​ទន្លេ​សាប​បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំ​តំប​ន់៣ ​​ចំនួន​១ ២២៤​បង្គោល​នៅ​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេ​សាប​កាលពីខែតុលាកន្លងមក។ ក្រុម​ការ​ងា​រក៏​បានត្រៀមអ​នុវត្ត​ការ​ងារ​បន្ត ​សម្រាប់​ការ​ងារ​បោះ​បង្គោល​ជំហ៊ាន​២ ​តំបន់​កាត់​​ឆ្វៀល ​តំបន់១​ និង​តំបន់២​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​៣ ​(បង្គោលឃ្លុំ) ​ក្នុង​ឆ្នាំ ​២០២៥​ខាង​មុ​ខនេះ​ផង​ដែរ។

ចំពោះការងារគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់បឹងទន្លេសាប ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានឱ្យដឹងថា ក្រសួង​បានសហការ ជាមួយ​អាជ្ញាធរ​ទន្លេ​សាប និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបន្តអនុវត្តគោលការណ៍ បែងចែកតំបន់ ស្រប​តាមការ​សម្រេច​កន្លងមកដែលនៅជាធរមាន។

លើសពីនោះ ក្រសួងបានជំរុញការរៀបចំគោលការណ៍ គ្រប់គ្រងប្រកបដោយសមធម៌ ដើម្បីប្រើប្រាស់ធនធានដីតំបន់២ ប្រកបដោយប្រសិទ្ធភាព និងអភិរក្ស ឱ្យបានដាច់ខាតនូវផ្ទៃដីតំបន់៣ ដើម្បីឈាន​ទៅ​​រក្សាបាននូវសន្តិសុខស្បៀង ធានាគុណតម្លៃសេដ្ឋកិច្ចសង្គម (ប្រប្រមាណ ២ ០០០លានដុល្លារក្នុងមួយឆ្នាំ)។

ក្រៅពីនោះ ក៏ដើម្បី ធានាសុវត្ថិភាព អត្តសញ្ញាណ សក្តានុពលជីវៈចម្រុះ អាយុជីវិត និងប្រព័ន្ធអេកូឡូស៊ីនៃ​បឹងទន្លេ​សាប សម្រាប់ឧត្តមប្រយោជន៍ប្រជាជនគ្រប់រូប និងតជំនាន់។ 

លោកឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖«ក្រសួងបានបដិសេធរាល់សំណើសុំកាត់ឆ្កៀលដីក្នុងតំបន់៣ មក​ជា​តំបន់​២ នៃតំបន់បឹងទន្លេសាប និងប្តេជ្ញា អនុវត្តច្បាប់តឹងរ៉ឹងចំពោះករណីទន្ទ្រានដីរដ្ឋ ជាបន្តទៀត»។

ក្រសួងក៏​បាន​ពន្លឿន​ការ​ងារវាស់វែងដីអាស្រ័យផល ក្នុងតំបន់២ សម្រេចបានប្រមាណ ៨៥ភាគរយ (២១៧ ៣៣៩ ក្នុងចំណោម២៥៤ ៥៣៦ក្បាលដី) និងបន្តត្រួតពិនិត្យការអនុវត្តវិធានការការពារតំបន់២ និងតំបន់៣ ជាប្រចាំផងដែរ។

តំបន់​បឹង​ទន្លេសាប ត្រូវ​បាន​បែងចែក​ជា ៣ តំបន់។ ក្នុង​នោះ​រួម​មាន​តំបន់១ ជាតំបន់​លំនៅដ្ឋាន ឬ​ភូមិ​ករ និង​ជា​តំបន់​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ (ប័ណ្ណ​កម្មសិទ្ធិ)។

តំបន់២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញ​ទឹក និង​ក៏​ជា​តំបន់​ទ្រនាប់​ការពារ និង​តំបន់៣ តំបន់​ព្រៃលិចទឹក ហាម​ប៉ះពាល់​ដាច់​ខាត និង​ត្រូវ​ការពារ​ឱ្យ​ខាន​តែ​បាន៕