លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានថ្លែងថា គម្រោងសាងសង់ព្រែកជីកប្រវត្តិសាស្ត្រនេះ នៅតែបន្តជាប្រក្រតី ដែលខុសពីការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដែលថាគម្រោងនេះជាប់គាំងដោយសារចិនមិនគាំទ្រផ្នែកថវិកា។
ថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គណៈកម្មការរបស់លោកទើបតែបានជួបជាមួយភាគីក្រុមហ៊ុនចិនដែលជាអ្នកវិនិយោគ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាសប្ដាហ៍មុន ដើម្បីពិនិត្យមើលលើការសិក្សាដែលបានធ្វើឡើងពីកន្លងមក ភាគីចិនបានឯកភាព «១០០ភាគរយ» ទៅលើលទ្ធផលនៃការសិក្សាលទ្ធភាពដែលបានធ្វើឡើងអស់រយៈពេល ២ឆ្នាំ។
ការអត្ថាធិប្បាយអំពីការវិវត្តន៍នៃគម្រោងនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ព្រែកជីកនេះជួបបញ្ហាដោយសារតែចិនខ្វះថវិកា។
រ៉យទ័របានសម្ភាសជាមួយប្រភពមួយចំនួនដែលអះអាងថា ជាបុគ្គលិកក្រុមហ៊ុនសាជីវកម្មផ្លូវនិងស្ពានចិន (CRBC) ដែលវិនិយោគលើគម្រោងនេះ និងអ្នកពាក់ព័ន្ធនឹងគម្រោងនេះ ដោយពួកគេលើកឡើងថា ចិនមិនបានដាក់ប្រាក់វិនិយោគលើគម្រោងនេះទេ ហើយចិនថែមទាំងបានរិះគន់កម្ពុជាដែលបានប្រកាសថា ចិនផ្ដល់មូលនិធិសម្រាប់គម្រោងនេះ។
លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា៖ «វាមានមនុស្ស៤ប្រភេទ គឺអ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិទាន។ អីចឹង អ្នកសរសេរកាសែតនោះ គាត់ជួបអ្នកថា អ្នកឈរមើល និងអ្នកទិទាន។ ដូច្នេះគាត់សរសេរតាមបែបហ្នឹងទៅ។ ម៉េចមិនសួរអ្នកធ្វើថា ដល់ណាហើយគម្រោងហ្នឹង»។
គ្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃសាងសង់ប្រមាណ ១,៧ពាន់លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ដែលមកទល់ពេលនេះមានរយៈពេលជិត ៣ខែហើយ។ លោក ស៊ុន ចាន់ថុល ថ្លែងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រុមការងារបានប្រឹងប្រែងលើការងារពាក់ព័ន្ធ ហើយកម្ពុជាក៏ទទួលបានការឯកភាពពីគណៈកម្មការទន្លេមេគង្គដែលបានបញ្ជាក់ថា គម្រោងនេះមិនប៉ះពាល់បរិស្ថាននៅកម្ពុជានិងនៅវៀតណាមនោះទេ។
លោកបន្តថា៖ «តើបន្តទៀតយើងធ្វើអ្វី? ការងារបន្តទៀតគឺយើងជជែកគ្នាលើកិច្ចព្រមព្រៀងសម្បទាន ហើយបានកំណត់ថានឹងប្រឹងប្រែងធ្វើកិច្ចព្រមព្រៀងឲ្យបានឆាប់»។
បើតាមលោក ស៊ុន ចាន់ថុល ដដែល ការងារសាងសង់ព្រែកជីកនេះមានភាពយឺតយ៉ាវខ្លះដោយសារតែរដូវទឹកឡើងធ្វើឲ្យពិបាកវាស់វែង។ លើសពីនេះ ទៀតរដ្ឋាភិបាលបានជួលក្រុមហ៊ុន ៤ ដើម្បីសិក្សាដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ។
លោកថ្លែងដូច្នេះថា៖ «គម្រោងនេះនឹងចប់ជាស្ថាពរតាមការកំណត់ តាមការប្រកាសរបស់សម្ដេចបវរធិបតី [ហ៊ុន ម៉ាណែត] នៅក្នុងឱកាសបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី ៥ ខែសីហា។ ប៉ុន្តែ មានអ្នកខ្លះមិនជួយចូកជួយចែវ ប៉ុន្តែ យកជើងរាទឹក ហើយនោមដាក់ទូកទៀត»៕