ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឆ្លើយតបទៅនឹងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទាក់ទងនឹងស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ដោយសារខ្វះការវាយតម្លៃនៃអង្គហេតុ និងច្បាប់ពាក់ព័ន្ធចំពោះស្ថានភាពនីមួយៗ។
ខណៈទទួលស្គាល់របាយការណ៍នេះជាកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃ លោក អស្នារិទ្ធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការវាយតម្លៃ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន។
របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញរូបភាពដ៏គួរឱ្យព្រួយបារម្ភអំពីស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
របាយការណ៍ ៤៣ ទំព័រ ដែលផ្ដោតលើរយៈពេលចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ ទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងសកម្មជន ដោយអះអាងថា រដ្ឋាភិបាលបានគ្រប់គ្រងយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ដែលរារ៉ាំងការបញ្ចេញមតិដោយសេរី។
ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ របាយការណ៍របស់ CCHR បង្ហាញពីការគៀបសង្កត់របស់រដ្ឋាភិបាល និងវប្បធម៌នៃការចាប់ពិរុទ្ធភាព ដែលបានក្លាយទៅជាឧបសគ្គចម្បងសម្រាប់ការអនុវត្តជាក់ស្តែងនៃសិទ្ធិជាមូលដ្ឋានទាំងនេះនៅក្នុងប្រទេសកម្ពុជា។
ការរកឃើញនេះបានគូសបញ្ជាក់ពីបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលកំពុងក្លាយជាអរិភាពកាន់តែខ្លាំងឡើងចំពោះការមិនបញ្ចេញមតិ ដោយអ្នកសារព័ត៌មាន និងសកម្មជនប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ការបៀតបៀនរាងកាយ និងការរំលោភបំពានលើអ៊ីនធឺណិត។
របាយការណ៍នោះសរសេរថា៖ «តាមការរកឃើញ រដ្ឋាភិបាលកម្ពុជាបានរឹតបន្ដឹងលើប្រព័ន្ធផ្សព្វផ្សាយ និងការបញ្ចេញមតិសាធារណៈ ដែលនាំឱ្យមានការរឹតត្បឹតសេរីភាពរបស់អ្នកសារព័ត៌មាន និងសកម្មជន រារាំងការបញ្ចេញមតិដោយសេរី និងបំបាក់ទឹកចិត្តចំពោះសំឡេងរិះគន់»។
លោក អស្នារិទ្ធ បានឱ្យដឹងថា ក្រសួងព័ត៌មានមិនទាន់បានទទួលរបាយការណ៍នេះជាផ្លូវការនៅឡើយ។ ប៉ុន្ដែលោកសាទរចំពោះការពូនជ្រំ លើកកម្ពស់ក្នុងការអភិវឌ្ឍសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន ការបញ្ចេញមតិ និងសិទ្ធិមនុស្សមិនមែនធ្វើឡើងសម្រាប់តែបុគ្គល ឬក្រុមណាមួយនោះឡើយ។ ដូច្នេះ ការចូលរួមពីគ្រប់តួអង្គទាំងអស់គឺមានភាពចាំបាច់ណាស់ដើម្បីធានាភាពហ្មត់ចត់ សុក្រិតប្រាកដប្រជា គុណភាព តម្លាលភាព និងអាចទុកចិត្ដបាន។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្នុងន័យថា របាយការណ៍ដែលបានរៀបចំឡើងនេះ គឺមិនទាន់ឆ្លុះបញ្ចាំងពីគុណតម្លៃរួមនៃសិទ្ធិសេរីភាពនៅឡើយ រាប់បញ្ចូលទាំងតម្លៃនៃការចូលរួម និងព័ត៌មានដែលបានប្រើប្រាស់ បើពិនិត្យ និងវាយតម្លៃលើគោលការណ៍មូលដ្ឋានវិទ្យាសាស្ដ្រ»។
យោងតាមសេចក្ដីសង្ខេបរបស់របាយការណ៍ លោក អស្នារិទ្ធ បានឱ្យដឹងថា របាយការណ៍ផ្អែកប្រភពព័ត៌មានរបស់ខ្លួនលើការអង្កេតស្ថានភាពជាទូទៅ ដោយស្រង់យកព័ត៌មានពីការចេញផ្សាយរបស់អង្គភាព ឬអង្គការផ្សេងៗ រួចដាក់បញ្ចូលជាខ្លឹមសាររបស់ខ្លួន។
ការប្រមូលទិន្នន័យពីប្រភពផ្សេងៗនេះមិនទាន់បានថ្លឹងថ្លែងអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធស្ថានភាពនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ និងហ្មត់ចត់នៅឡើយ ខណៈអ្នកធ្វើរបាយការណ៍នេះក៏បានសារភាពថាមិនទាន់បានគ្រប់ជ្រុងជ្រោយដែរ។
លោកបានបន្ថែមថា របាយការណ៍ប្រភេទនេះត្រូវតែមានគ្រប់តួអង្គពាក់ព័ន្ធចូលរួម ក៏ដូចជា សមត្ថកិច្ចទទួលខុសត្រូវ រួមទាំងការស្រង់ទិន្នន័យឧប្បត្ដហេតុ (incident report) ហើយយកទិដ្ឋភាពទាំងអស់នេះមកវាយតម្លៃ រាប់បញ្ចូលថាជាការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព។ វាមិនមែនជាការវាយតម្លៃត្រឹមត្រូវ ដែលអាចឱ្យតួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋជឿជាក់បាននៅឡើយ។
លោក អស្នារិទ្ធ បានឱ្យដឹងថា សេរីភាពសារព័ត៌មានគឺជាកតលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ផ្ទុយពីអ្វីដែលបានលើកឡើងក្នុងរបាយការណ៍នេះ សេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុតជាធរមានផ្សេងៗទៀត។
ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលរដ្ឋធម្មនុញ្ញកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធផ្ដល់ជូន។
លោកអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ដ្រនៅប្រទេសកម្ពុជាដោយកម្ពុជាខ្លួនឯងផ្ទាល់។
លទ្ធផលបានបង្ហាញថា មានភាពល្អប្រសើរ ដោយឆ្នាំ២០២៤ នេះ អ្នកសារព័ត៌មានចំនួន ៧៩, ៨ភាគរយចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទាបស្ទង់មតិ បានឆ្លើយថា សេរីភាសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានជិត ៨០ភាគរយបានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយងាយស្រួល និងសុវត្ថិភាព។
លោកបានលើកឡើងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ប័ណ្ណរួចហើយ ដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។
ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។
លោក អស្នារិទ្ធ បានបញ្ជាក់ថា៖ «កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខណ្ឌដែលច្បាប់កំណត់»។
របាយការណ៍របស់ (CCHR) ដែលបង្ហាញពីបញ្ហាប្រឈមសំខាន់ៗចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ បានកត់សម្គាល់ថា អង្គការអន្តរជាតិ ដូចជា អ្នករាយការណ៍គ្មានព្រំដែន បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ ១៥១ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៤ ដោយចាត់ថ្នាក់ស្ថានភាពសេរីភាពសារព័ត៌មាន «ធ្ងន់ធ្ងរ»។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការវាយតម្លៃបែបនេះថា វាមិនពេញលេញ ដោយលោកបញ្ជាក់ជាថ្មីថា សេរីភាពសារព័ត៌មានរបស់កម្ពុជាត្រូវតែត្រូវបានវាយតម្លៃក្នុងបរិបទនៃក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុតពាក់ព័ន្ធ។
លោកបាននិយាយថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលរដ្ឋធម្មនុញ្ញកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធផ្ដល់ជូន។
លោកអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ដ្រនៅប្រទេសកម្ពុជាដោយកម្ពុជាខ្លួនឯងផ្ទាល់៕