ភ្នំពេញ៖ លោក​​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នេត្រ ភក្ត្រា បាន​ថ្លែង​នៅ​ចំពោះមុខ​សមាជិក​-​សមាជិកា មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើនរូប ដោយ​បានលើកឡើង​នូវ​បញ្ហា​ប្រឈម​នៃ​ការរីក​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ (AI)​។


លោក​​បាន​សង្កត់ធ្ងន់ថា៖ «ព័ត៌មាន​ក្លែងក្លាយ​គឺជា​កត្តា​ដ៏​ចម្បង​​មួយ​ដែល​នាំ​មានការ​ប្រើប្រាស់​នូវ​អំពើ​ហឹ​ង្សា ភាព​ស្អប់ខ្ពើម​គ្នា ការរើសអើង​ជាតិ​សាសន៍ និង​ធ្វើឱ្យមាន​ចលាចល​សង្គម​នៅក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​»។

នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិកា​វប្បធម៌ និង​ព័ត៌មាន​អាស៊ាន​លើក​ទី​៥៩ (59th ASEAN-COCI) ​កាលពី​​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគា រ៉ា​ហ្វ​ល ឡឺ​រ៉ូ​យា​ល់ លោក នេត្រ ភក្ដ្រា មាន​គំនិត​ផ្ដួចផ្ដើម​​បង្កើត​យុទ្ធនាការ «​និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​»។


លោក​រដ្ឋមន្ដ្រី​បាន​អះអាងថា នេះ​ជា​ជំ​ហ៊ាន​មួយ​យ៉ាងសំខាន់​នៅក្នុង​ការបង្កើន​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដល់​សាធារណជន​ទូទាំងប្រទេស ហើយ​គំនិត​ផ្តួចផ្តើម​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ដទៃទៀត​។ 

លោក​បាន​ថ្លែងថា៖ «ក្រសួង​ព័ត៌មាន​ក្នុងនាម​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ផ្តោតជាសំខាន់​លើ​ការធានា​ឱ្យបាន​នូវ​សន្តិសុខ​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ភាពជឿជាក់​នៃ​ស្ថាប័ន​សារព័ត៌មាន មិនមែន​គ្រាន់តែ​ជា​បញ្ហា​នៃ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​សង្គម​របស់​យើង​ផងដែរ​»។


លោក នេត្រ ភក្ដ្រា បាន​ថ្លែង​​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងការ​ប្រឆាំង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​សេចក្តីថ្លែងការណ៍​​សារព័ត៌មាន​ទីក្រុង​ភ្នំពេញ (Phnom Penh Media Statement) នៃ​កិច្ចប្រជុំ​លើក​ទី​៧ នៃ​វេទិកា​សារព័ត៌មាន ក្រោម​ប្រធានបទ «​ការប្រយុទ្ធប្រឆាំង​ដំណឹង​ក្លែងក្លាយ ក្នុង​យុគសម័យ​ឌីជីថល ដើម​បន្ត​ថែរក្សា​សន្តិភាព​»។

ការ​ថ្លែង​របស់​លោករ​ដ្ឋមន្ដ្រី​ត្រូវបាន​ធ្វើ​ឡើង​​អំឡុងពេល​នៃ​មហាសន្និបាត​លើក​ទី​១២ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោ​បាយ​​នៅ​អាស៊ី (ICAPP) ដោយមាន​ការចូលរួម​ពី​តំណាង​គណៈបក្សនយោបាយ​ចំនួន​២៨ និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មកពី​១៥​ប្រទេស ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​២១ ដល់​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​។ 

លោក​ជឿជាក់ថា​​ការដាក់ឱ្យ​អនុវត្ត «​ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​» នា​ពេល​ថ្មីៗ​នេះ​គឺ​​​ឆ្ពោះទៅរក​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​កិច្ចការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន ពិសេស​ដើម្បី​លើក​គុណ​តម្លៃ​រួម​នៃ​វិជ្ជាជីវៈ និង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន​។​

​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ASEAN-COCI លើក​ទី​៥៩ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ហើយ​កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​ដ៏​មាន​សារសំខាន់​មួយ​ដើម្បី​អនុ​ញ្ញ​ត​ឱ្យ​សមាជិក​អាស៊ាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ព័ត៌មាន ដោយ​ត្រូវ​រៀបចំ​គម្រោង​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​នៅក្នុង​តំបន់ និង​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​។​

គណៈកម្មាធិការ​វប្បធម៌ និង​ព័ត៌មាន​អាស៊ាន (ASEAN-COCI) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧៧ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​ឆ័​ត្រ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​ជា​សមាជិក​អាស៊ាន តាមរយៈ​គំនិត​ផ្តួចផ្តើម​វប្បធម៌ និង​ព័ត៌មាន ។​

ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន ASEAN-COCI បាន​នឹង​កំពុង​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង និង​កម្មវិធី​ជាច្រើន​មានដូចជា ពិធី​វប្បធម៌ ការអភិរក្ស​បេតិកភណ្ឌ ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​កែលម្អ​បណ្តាញ​ទំនាក់ទំនង​ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​។

ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក ASEAN-COCI បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​អាស៊ាន​ពេញលេញ​ក្នុង​ឆ្នាំ​១៩៩៩​។ ចាប់តាំងពី​ពេលនោះ​មក កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គំនិត​ផ្តួចផ្តើម​ASEAN-COCI ដោយ​រួមចំណែក​ដល់​ការទូត​វប្បធម៌​ក្នុង​តំបន់​។ 

កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ASEAN-COCI ចំនួន​២​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៩៩ និង​ឆ្នាំ​២០១៤៕​