ភ្នំពេញៈ សំបុក​សត្វ​ត្រយង​ចង្កំក ស ត្រូវ​បាន​រកឃើញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​កម្ពុជា​មាន​វត្តមាន ប្រភេទ​សត្វ​ជិតផុត​ពូជ​ក្នុង​ពិភពលោក​នេះ​ច្រើន​ជាង​គេ រហូត​ដល់​ទៅ​ប្រមាណ​ជា ៩៥​ភាគរយ។ 


អង្គការ WWF-កម្ពុជា​បាន​ចាត់​ទុក​ការ​រក​ឃើញ​នេះ​ថា ជា​ដំណឹង​ពិសេស​មួយ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​នា​ថ្ងៃទី​២៨ ខែ​វិច្ឆិកា​ថា ក្រុម​ការងារ​របស់​អង្គការ បាន​រាយការណ៍​អំពី​សំបុក​សត្វ​ត្រយង​ចង្កំ​ក ស នៅ​ជិត​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក កាល​ពី​សប្តាហ៍​មុន។

អង្គការ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖«នេះ​គឺជា​សំបុក​ដំបូង​គេ​ដែល​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​នេះ។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​សម្រាប់​ប្រភេទ​សត្វ​ស្លាប​នេះ ដែល​មាន​វត្តមាន​រស់នៅ​តំបន់​ដី​សើម និង​ជា​ប្រ​ភេទ​ជិត​ផុត​ពូជ»។ 


អង្គការ​បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ការពារ​សំបុក​នេះ ទប់​ស្កាត់​ការ​រំខាន​របស់​មនុស្ស ដើម្បី​ឱ្យ​សំបុក​របស​សត្វ​ត្រយង​ចង្កំក ស អាច​មាន​ឱកាស​ល្អ​បំផុត សម្រាប់​មាន​កំណើត​កូន​សត្វ​ថ្មីៗ។ 

អង្គការ WWF-កម្ពុជា​បាន​លើក​ឡើង​ថា ការងារ​អភិរក្ស និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ ចង់​បង្ហាញ​មាន​ការ​ចូលរួម​ការ​ពារ​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ទាំងអស់គ្នា។ 


លោក ឌិន ប៊ុនធឿន ប្រធានស្តីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ឱ្យ​ដឹង​ថា សហគមន៍​មូលដ្ឋាន​បាន​ចូល​រួម​ការ​ពារ​ សំបុក​សត្វ​នេះ ដែល​ជា​វិធីសាស្រ្ត​មួយ​ក្នុង​ការងារ​អភិរក្ស​សត្វ​កំពុង​តែ​ជិត​ផុត​ពូជ​នេះ។ 

លោក​ថ្លែង​ថា ក្រៅពី​មនុស្ស ក៏​មាន​សត្វព្រៃ​ផ្សេងៗ​ទៀត ទៅ​រំខាន​សំបុក​សត្វ​ត្រយង​ផងដែរ។ ហេតុនេះ សហគមន៍​បាន​ដាក់​វេន​គ្នា​ការពារ។

កម្ពុជា​មាន​វត្តមាន​សត្វ​ត្រយង​ច្រើនជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ក្នុង​នោះ ត្រយង​ចង្កំក ស ដែល​ត្រូវ​បាន​កត់ត្រា​មាន​ចំនួន ៧៨៤ក្បាល​ដែល​ស្មើ​នឹង ៨៧​ភាគរយ​ទៅ ៩៥​ភាគរយ នៃ​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំកស​ដែល​មាន​នៅ​ក្នុង​ពិភពលោក។

នៅសល់​ប្រមាណ ៥​ភាគរយ​ទៀត​មាន​នៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី និង ឡាវ ដែល​នៅ​ខេត្ត​ជាប់​នឹង​កម្ពុជា ដូចជា​នៅ​ស្ទឹងត្រែង និង​ព្រះវិហារ។

យោងតាមក្រុម​ការងារ​អភិរក្ស​សត្វត្រ​យង​​នៅ​កម្ពុជា​(CIWG)កាលពីដើមខែវិឆ្ឆិកានេះបានឱ្យដឹងថា ​ ការ​បន្ត​ពូជ​របស់​សត្វ​ត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​កូនកើត​ថ្មីចំនួន​១៧៥​ក្បាល បាន​ហើរ​ចេញ​ពី​សំបុក​ដោយ​ជោ​គជ័យ។ លើសពីនោះ ការ​បង្កាត់​ពូជ​សត្វ​ត្រយងចង្កំកស បាន​ជោគជ័យជាលើកដំបូងសំរាប់កម្ពុជា ក៏​ដូច​ជាពិភពលោកកាលឆ្នាំ២០២៣។ 

ដោយ ឡែកចំពោះ ត្រយងយក្សវិញ នៅលើពិភពលោកមានតែប្រមាណជា ២៩០​ក្បាលប៉ុណ្ណោះ។ ក្នុងនោះ វត្ត​មាន​វាស្ទើតែ​ ១០០ភាគរយមាននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ មាន​សេសសល់​បន្តិច​បន្តួច​នៅ​ប្រទេស​ឡាវ ខណៈ​ដែល​ប្រ​ទេស​ផ្សេងៗទៀតបានផុតពូជអស់ទៅហើយ។  

ខេត្តមណ្ឌលគិរី គឺស្ថិតក្នុងចំណោមខេត្តផ្សេងទៀត នៃភាគឦសានប្រទេសកម្ពុជា ដែល​ក្រុម​ការងារ​អភិរក្ស​សត្វ​ត្រយង​នៅកម្ពុជា បាន​ផ្តោតការយកចិត្តទុកដាក់ទៅលើ​ទីជម្រក​ដ៍​សំខាន់ៗ​របស់​សត្វ​ត្រយង៕