ក្រសួងយុត្តិធម៌បានបង្កើតទំព័រហ្វេសប៊ុក «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីពន្យល់ និងបកស្រាយទៅលើការលើកឡើងនានារបស់សាធរណជន និងការចុះផ្សាយខុសឬមិនគ្រប់ជ្រុងជ្រោយរបស់សារព័តមាន។ ទំព័រហ្វេសប៊ុកនេះមិនទទួលយកពាក្យបណ្ដឹងឬប្រតិកម្មរបស់សាធារណជននោះទេ។
សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ បញ្ជាក់ថា ទំព័រហ្វេសប៊ុកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សេចក្ដីជូនដំណឹងសរសេរថា៖ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ផ្តល់ព័ត៌មានទាន់ហេតុការណ៍ ឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន ក៏ដូចជាការលើកឡើងរបស់សាធារណជន ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែកក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទំព័រហ្វេសប៊ុកនេះមិនបង្ហោះការលើកឡើង ឬ បណ្ដឹងអំពីភាពអយុត្តិម៌របស់សាធារណជនទេ ដោយសរតែក្រសួងមានកេឡេក្រាម និងលេខទូរស័ព្ទរបស់ក្រុមការងារដើម្បីទទួលពាក្យបណ្ដឹងបែបនេះហើយ។
លោកបញ្ជាក់ថា៖ «ទំព័រហ្វេសប៊ុក ប្រតិកម្មរហ័សរឿងយុត្តិធម៌ គឺជាផេកដែលគណៈបញ្ជាការបញ្ចេញព័ត៌មានជូនសាធារណជន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានក៏ដោយ របស់សាធារណជនក៏ដោយ នៅតាមបណ្ដាញសង្គ។ ចំណែកការទទួលព័ត៌មាន និងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ យើងមានលេខទូរស័ព្ទរបស់គណៈបញ្ជាការ (០៩៩ ៤៤៤ ១៨១)»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការបង្កើតផេកហ្វេសប៊ុកនេះជារឿងល្អ ដើម្បីបញ្ជូនព័ត៌មានទៅប្រជាពលរដ្ឋ និងពន្លឿនលើការដោះស្រាយរឿងក្ដីនានានៅតុលាការ និងការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ លោកយល់ថា ការប្រើពាក្យថា «ប្រតិកម្ម» ដើម្បីពន្យល់ត្រឡប់ទៅលើការលើកឡើងរបស់ប្រជាពលរដ្ឋ ឬ របស់សារព័ត៌មាន គួរជំនួសដោយពាក្យ«ការឆ្លើយតប» ដែលអនុលោមទៅតាមគោលការណ៍អភិបាលកិច្ចល្អ។
ទោះបីជាលោកយល់ថាការបង្កើតផេកថ្មីនេះជារឿងល្អក៏ដោយ លោកថាប្រសិនបើក្រសួងមានផេកតែមួយ គឺផេករបស់ក្រសួងយុត្តិធម៌ផ្ទាល់ដើម្បីទទួលសំណូមពរ កង្វល់ និងឆ្លើយតបតែម្ដង នោះវាអាចនឹងជួយដល់ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។
សម្រាប់ការទទួលសំណូមពរឬពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លោក ប៉ា ច័ន្ទរឿន លើកទឹកចិត្តឲ្យក្រសួងមានភាពសកម្ម ដោយលោកលើកឡើងថា៖ «អ្វីដែលខ្ញុំបានឮពីប្រជាពលរដ្ឋគឺស្ថាប័នជាច្រើនដាក់លេខទូរស័ព្ទ ឬ បណ្ដាញទំនាក់ទំនងផ្សេងៗ ប៉ុន្តែមិនសូវមានការឆ្លើយតបទៅលើកង្វល់ ឬតម្រូវការរបស់ពួកគាត់»៕