ភ្នំពេញ៖ ក្រសួងទេសចរណ៍​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ផ្សព្វផ្សាយព្រះរាជ​ពិធីបុណ្យ​អុំទូក​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ និង​អញ្ជើញ​ពួកគេ​មក​ទទួលយក​បទពិសោធ​ន៍​នៃ​ព្រះរាជ​ពិធីបុណ្យ ក៏ដូចជា​​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​។​


ក្រសួង​បានឱ្យដឹង​ក្នុង​សេចក្តី​ប្រកាសថា ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធី​បុណ្យជាតិ និង​អន្តរជាតិ ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​បានឃើញ​នូវ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា ដែលមាន​តាំងពី​បុរាណកាល​ក្នុង​ពិធីបុណ្យ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤​ នៅលើ​ទន្លេសាប ទល់មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

ក្រសួងទេសចរណ៍បាន​ប្រកាសថា​៖ «ក្រសួង​​នឹង​រៀបចំ​ពន្លា​ទេសចរណ៍​មួយកន្លែង ដែល​ស្ថិតនៅ​ខាងជើង​វេទិកា​កិត្តិយស​ខាងមុខ​ព្រះបរមរាជវាំង សម្រាប់​ផ្តល់​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក»។


ក្រសួង​បន្ដថា​៖ «ក្រសួង​ក៏​ផ្ដល់​​នូវ​​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ មានដូចជា ការផ្តល់ជូន​សេវាកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ការបំពាក់​ទូរទស្សន៍​ផ្សព្វផ្សាយ​អំពី​តំបន់​គោលដៅ សក្តានុពល​ទេសចរណ៍​ផ្សេងៗ»​។​

លោក ញឹម សោភ័ណ​ ប្រធាន​ស្ដីទីនាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អប់រំ ការយល់ដឹង​ជា​សាធារណៈ ក្រសួងទេសចរណ៍​ បាន​ឱ្យដឹងថា ក្រសួង​ទេសចរណ៍ សហការ​ជាមួយគណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​- អន្តរជាតិ ​លើកទឹកចិត្ដ​ឱ្យ​ភ្ញៀវ​បរទេស​បាន​ចូល​រួម​ពិធី​បុណ្យ​អុំទូក និង​សិក្សា​ស្វែងយល់​អំពី​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​។


លោក សោភ័ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​- អន្តរជាតិ បាន​ផ្ដល់​ពន្លា​មួយ​ដល់​ក្រសួង​ទេសចរណ៍​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដោយ​ឥគិតថ្លៃ រួមទាំងការ​ផ្ដល់​ជូន​ភេសជ្ជៈ​ដល់​ពួកគាត់​ផងដែរ»។

លោកបានបន្ដថា​៖ «​យើង​ស្នើសុំ​ដល់​ប្រតិបត្ដិករ​ទេសចរណ៍​ចូលរួម​ដោយ​ស្មារតី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍។ ពេល​ខ្លះ ពួកគាត់​មាន​ group tours មក​ទស្សនា​ចំថ្ងៃ​បុណ្យ​នេះ យើង​អាច​នាំ​ភ្ញៀវ​មក​ទស្សនា​ ពីព្រោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​លើក​ទឹកចិត្ដដល់​ប្រតិបត្ដិករ​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​យើង​»។

ជាមួយ​ការ​រៀបចំ​ពន្លា​សម្រាប់​ភ្ញៀវ​បរទេស​អង្គុយ​ទស្សនា​ព្រឹត្ដិការណ៍​ប្រណាំង​ទូក​ង​ លោក សោភណ្ឌ បាន​ឱ្យដឹងថា ពន្លា​នេះ​មានការ​រៀបចំ ៣០០​​កៅអី​ ដែល​មួយ​ថ្ងៃ​ៗ​ មាន​ភ្ញៀវ​អង្គុយ​ជាច្រើន​រយ​នាក់​។

ទិដ្ឋភាពក្រុមទូកងអុំឡើងទៅកាន់គោលដៅចេញដំណើរដើម្បីត្រៀមខ្លួនធ្វើការប្រកួតប្រជែង អបអរព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំកន្លងមក។ រូបភាព ភ្នំពេញប៉ុស្ដិ៍

លោក​បាន​ឱ្យដឹងថា ជា​ធម្មតា ភ្ញៀវ​ទេសចរ​មិន​អាច​អង្គុយ​ជាប់​រហូត​នោះទេ ដោយ​ពួកគេ​ទស្សនា​មួយ​រយៈ​ពេល និង​ផ្លាស់​ប្ដូរ​ចេញ​-ចូល​។

លោក សោភ័ណ បាន​បញ្ជាក់ថា ​យោង​តាម​របាយការណ៍​​ ក្នុង​មួយ​ថ្ងៃ ពន្លា​នេះ​ទទួល​ភ្ញៀវ​បរទេស​ជាងពីរពាន់​នាក់​ ហើយអំឡុង​ព្រះរាជពិធី​បុណ្យ​អុំទូក​ ៣ ថ្ងៃ មាន​ភ្ញៀវ​ចន្លោះពី ៨ពាន់​ទៅជាង ៨​ពាន់​នាក់​។

លោក​បាន​បន្ដថា​៖ «​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មាន​ច្រើន​ជាងនេះ ដោយសារ​ភ្ញៀវ​ខ្លះ ពួកគាត់​មិន​អង្គុយ​នៅ​លើ​ពន្លា​នោះទេ ដោយ​ពួកគាត់​ចង់​ចូលរួម​ផ្ទាល់​ជាមួយ​ភ្ញៀវជាតិ និង​ផ្ដិត​យក​រូបភាព​ព្រះរាជពិធី​បាន​ច្បាស់​»។

ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ លោក សោភ័ណ្ឌ បាន​ស្នើ​ដល់​ប្រព័ន្ធសារព័ត៌មាន​ទាំង​អស់​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​ស្រុក​ ប្រកប​ដោយ​ភាព​វិជ្ជមាន​។

លោក​បាន​ថ្លែងថា​៖ «ឯកឧត្ដម​រដ្ឋមន្ដ្រី​លើក​ទឹក​ចិត្ដ​ influencers និង​អ្នកសារព័ត៌មាន​​ចូលរួម​ចំណែក​ដោយ​លើក​យក​តែ​ចំណុច​​វិជ្ជមានក្នុង​វិស័យ​ទេសចរណ៍មក​ផ្សព្វផ្សាយដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា​​ ហើយ​យើង​​បិទ​បញ្ចប់រាល់​ចំណុច​​​អវិជ្ជមានផ្សេងៗ​ដែល​អ្នក​នៅ​ខាង​ក្រៅ ក៏ដូចជា​​​សារព័ត៌មានមួយចំនួន​តែងតែ​ផ្សព្វផ្សាយ​»។  

លោក ជា​ ថុង ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍​លក្ខណៈ​គ្រួសារ Vana Adventure Travel ដែល​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​បែប​ផ្សងព្រេង និងសហគម ក្រុមហ៊ុន​របស់លោក​មិន​ទាន់​មាន​កា​ររៀបចំ​កម្មវិធី​ពិសេស​អ្វីដល់​ភ្ញៀវ​ទេសចរ​អំឡុង​ពេល​បុណ្យ​អុំទូក​នោះទេ​។

ប៉ុន្ដែ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ លោក​មិន​ភ្លេចណែនាំ​ឱកាស​កម្សាន្ដ​ក្នុង​ពិធី​បុណ្យ​ជាតិ​នេះ​ដល់​ប្រតិបត្ដិករ​ដៃគូ ក៏ដូចជា​ភ្ញៀវ​អន្ដរជាតិ​ផ្ទាល់​ឱ្យ​ចូលរួម​ព្រះរាជពិធីនេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​យើង​ណែនាំ​ឱ្យ​ពួកគាត់​ចូលរួម​បុណ្យ​អុំទូក​នេះ ដោយ​កុំ​ឱ្យ​ពួកគាត់​គិត​ថា វាមាន​ការលំបាក​ដោយសារ​មាន​មនុស្ស​ច្រើន​ ហើយ​ខ្ញុំ​ក៏​បាន​ណែនាំ​ដល់​ expats ​​ធ្វើ​ការ​ក្នុង​ស្រុក ដែល​ចង់​ធ្វើដំណើរ​ទៅក្រៅ ឱ្យ​ពួកគាត់​នៅ​ទទួល​យក​បទពិសោធ​បុណ្យ​ជាតិ​ធំ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​មកពី​គ្រប់​បណ្ដា​ខេត្ដ​ ដើម្បី​ស្វែង​យល់​ពី​ប្រពៃណី​ខ្មែរ​»។

ចំពោះលោក​ផ្ទាល់ លោក ថុង បាន​បង្ហើប​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ខាង​មុខ លោក​មាន​គម្រោងរៀបចំ​កម្មវិធី Phnom Penh Year End Birds Count ជា​ព្រឹត្ដិការណ៍​ដំបូង​បំផុត​នៅ​ភ្នំពេញ៕