ពោធិ៍សាត់ៈ នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោនពោលគឺនៅទូទាំងប្រទេសមានសំរាម ជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ដែលក្នុងនោះរាជធានីភ្នំពេញបានបង្កើតសំរាមរហូតដល់ទៅ៥ពាន់តោនក្នុង១ថ្ងៃ។ នេះបើយោងតាមការថ្លែងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា។
ការថ្លែងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចមួយ ទៅកាន់សិប្បកម្មផលិតជីសរីរាង្គធម្មជាតិមួយឈ្មោះ«សុវណ្ណភូមិ» និងទីលានចាក់សំរាម នៅក្នុងខេត្តពោធិ៍សាត់នាថ្ងៃទី៧ ខែវិច្ឆិកានេះ។
លោកបានឱ្យដឹងថា ក្នុងចំណោមសំរាមទាំងនោះ រាជធានីភ្នំពេញកំពុងតែបង្កើតសំរាមប្រមាណចន្លោះពី ចំនួន៣ពាន់តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃ។
ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០ភាគរយ និងក្រៅពីនេះ គឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។
ការកែច្នៃសំរាម ផលិតជីសរីរាង្គធម្មជាតិនេះ គឺធ្វើឡើងតាមរយៈការយកសំរាមចេញពីទីលានទុកដាក់សំរាម សំណល់រឹង នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា)បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹងនៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤មក។ ការផលិតជីសរីរាង្គ គឺបានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោកមានប្រសាសន៍ថា៖«ការធ្វើពាណិជ្ជកម្ម និងការវិនិយោគបៃតង មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួមចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ»។
លោកស៊ី ឡែន ម្ចាស់សិប្បកម្មបានឱ្យដឹងថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ។
លោកស៊ីឡែន បានអះអាងថា ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ជួយបង្កើន គុណ ភាពដីកសិកម្ម ឱ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើតឡើងវិញច្រើន និងឱ្យដំណាំ និងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។ នេះបើយោងតាមប្រភពដដែលនេះ។
លោកអាទិត្យា បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
លោកបានបន្តថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មានការកើនឡើងជាបន្ដបន្ទាប់នោះ ទើបក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
យុទ្ធនាការនេះ ទទួលបានជោគជ័យព្រោះមានអ្នកចូលរួមច្រើនជាងពាក់កណ្តាលប្រទេស។ បន្ទាប់មក គឺ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងតែមានអ្នកចូលរួមយ៉ាងផុសផុលទូទាំងប្រទេស ចេញរើសសំរាម ទុកដាក់សំណល់តាមកន្លែងបានត្រឹមត្រូវ។ ក្នុងនោះបានចូលរួមសំអាតផ្ទះ សាលារៀន វត្តអារាមទីសាធារណៈនានា ជាពិសេសតាមដងផ្លូវនានា។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថាការកែច្នៃកាកសំណល់ និងសំរាម ដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញឱ្យពលរដ្ឋចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។
លោកបានថ្លែងដូច្នេះថា៖«យើងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតង»។
ក្រោយពីបានទទួលសិទ្ធិចាប់ពីខែមេសា ឆ្នាំ២០២៤មក ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា)បានសំអាត ប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ក្នុងក្រុងពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ បានពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ។
មកដល់ថ្ងៃនេះ ការប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥ ៥០០ តោន។ ក្នុងនោះសំរាម ដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨តោនផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន៕