ភ្នំពេញៈ បុរស ដែល​បើកបរ​ទាំង​ស្រវឹង​ ​និងល្មើស​ភ្លើង​សញ្ញាច​រាច​រ​ណ៍​ ដែលបង្កគ្រោះថ្នាក់​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ និងរបួស២នាក់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទ​ប្រកាន់​ចំនួន​២​បទ​ល្មើស​។

សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូនេះ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨៩៣ ចុះថ្ងៃទី៩ ខែធ្នូ​ដែលទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ត ១គ្រឿង ម៉ាក LEXUS NX200T។ 

រថយន្តនេះ​បាន​បុក​​ម៉ូតូ​ចំនួន ២គ្រឿង ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសចំនួន ២នាក់ ដែលមានជនត្រូវចោទឈ្មោះ ស្រី ឧត្តម អាយុ ៣០ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១០ ខែធ្នូ។


សេចក្តីប្រកាសបញ្ជាក់ថា៖«[ឈ្មោះ ស្រី ឧត្តម] ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះ​ថ្នាក់ចរាចរណ៍​បណ្តាល​ឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅ ចំណុចផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទា​ទោស​តាម​មាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជន​ត្រូវ​ចោទឈ្មោះ ស្រី ឧត្តម ដែលមានមុខរបរ ជាអ្នកលក់ដូរ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។


អ្នកលេងបណ្តាញសង្គមបានប្រតិកម្មជាខ្លាំងចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ហើយ នគរបាលចរាចរណ៍ក៏បាន​ឃាត់​ខ្លួនអ្នកបើកបរ ដោយបញ្ជាក់ថា ​បុរសម្នាក់នេះបានបើករថយន្ត​ក្នុងស្ថានភាពស្រវឹង ​និង​ល្មើសភ្លើង​សញ្ញាចរាចរណ៍​បណ្តាលឱ្យបុកអ្នកបើកម៉ូតូ២គ្រឿង។ ក្នុងនោះ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស២នាក់ កាលពីវេលាម៉ោង​​​១១ និង​​៣០នាទីយប់។  ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តម៉ាក Lexusនេះបានបើកតាមផ្លូវលេខ១៨២ ពីលិចទៅកើត ។ ពេលទៅដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ២គ្រឿង ម៉ាកPCX  និងLet ដែលបើកតាមផ្លូវលេខ២៦១​ពីជើង​ទៅត្បូ​ង។​ ​រថយន្តនេះក៏បានជ្រុលទៅបុកដើមឈើបាក់១ដើមផងដែរ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា៖«គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាល​មកពីអ្នក​បើករថយន្ត​បើកបរមិន​ឈប់ភ្លើង​ស្តុប ពណ៌ក្រហម​និងក្នុងស្ថានភាព​ស្រវឹង ដែលមានជាតិអាល់កុល០,៦២mg/l»។

មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ​មិន​គោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤ លាន រៀលទៅ១៥លានរៀល។ 

អំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២)ឆ្នាំទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ លានរៀល ទៅ២៥ លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចជា បើក​បរ​ដោយ​គ្មានប​ណ្ណ​បើ​កបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត និងបើកបរស្ថិត​ក្នុងស្ថានភាពស្រវឹង​ដោយមាន​អត្រា​ជាតិអាល់កុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ ជាដើម។

ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្ត មាន​ការ​កើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តីក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះយ៉ាងណាក្តី។ 

ក្នុងនោះ​គ្រោះ​ថ្នាក់ច​រាចរ​ណ៍ មានការថយចុះ ចំនួន ១៩៧​លើកស្មើ ៨ភាគរយ (២២៣០លើក /២៤២៧លើក), ចំនួនអ្នកស្លាប់មាន១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩ ភាគរយ (២៩៦២នាក់/៣២៦៩នាក់) បើធៀប​នឹងរយៈ​ពេលដូច​គ្នានៃឆ្នាំ២០២៣។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៦ ខែវិច្ឆិកាកន្លងមក។ 

ថ្វីត្បិតតែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់ មិនមានការថមថយនោះទេ ហើយ​ កត្តាចម្បងៗ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺ កត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ៩ខែ ឆ្នាំ២០២៤ របស់ របស់គណៈ​កម្មាធិ​ការ​ជាតិ​​សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២៦ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ លោក​ស សុខា បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ការ​ត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ៕