ភ្នំពេញៈ នៅមុនប្រារព្ឋទិវាសន្តិភាពលើកទី២៦ នាសប្តាហ៍ក្រោយនេះ ប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យមាន​ការ​ចូល​រួ​ម​ថែ​រ​ក្សាសន្តិភាពឱ្យបានគង់វង្សរាប់រយឆ្នាំតទៅទៀត សម្រាប់មនុស្សជំនាន់ក្រោយ ខណៈ​ពេលដែល​ប្រទេស​ក្នុង​តំ​បន់ និងសកលលោកខ្លះកំពុងតែដើរថយក្រោយ ដោយសារតែសង្រ្គាម។  


ក្នុងពិធីបើក​​​ ការដ្ឋាន សាងសង់ គម្រោង ទីក្រុងមេគង្គឃី ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ខេត្ត​ក​ណ្តាល នាថ្ងៃទី១៧ ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា​នៅក្នុងយុគសម័យ​សន្តិភាព ​មិន​​ត្រឹម​តែ​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​ប៉ុណ្ណោះទេ ដែលអ​ភិវ​ឌ្ឍ ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ​កាន់​តែកើន​ឡើង​រីក​ចម្រើនឥតឈប់ឈផងដែរ​។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«នេះគឺជាអ្វី ដែលជាផលលាភសន្តិភាព ដែលយើងត្រូវថែរក្សា សន្តិភាព មិនត្រឹម​តែ២៦ឆ្នាំ ឬ៣០ឆ្នាំ ឱ្យបានរាប់រយឆ្នាំតទៅទៀតទុកឱ្យកូនចៅ»។


កាលពីថ្ងៃទី១ មករា ២០២៤នេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី«២៩ ធ្នូ» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ជា​ថ្ងៃ​ប្រារព្ឋ ទិវាសន្តិភាពនៅកម្ពុជា ដែលជាថ្ងៃបុណ្យជាតិ និងជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំផងដែរ។  

ប្រមុខរដ្ឋាភិបាលបានថ្លែងអបអរសាទរដូច្នេះថា៖«នៅសល់តែ១២ថ្ងៃទៀតទេ យើងដល់ខួបទី២៦ នៃ​ទិវា​សន្តិ​ភាព​កម្ពុជា អញ្ជឹងគឺជាថ្ងៃឈប់សម្រាកផង ជាថ្ងៃអបអរ ដែលយើង ទាំងអស់គ្នាបានរស់រានមានជីវិត ហើយ​មិន​ឮគ្រាប់​ផ្លោង​ដូច នៅតាមបណ្តាប្រទេសមួយចំនួន។ សូម្បី​តែ​នៅ​អាស៊ានយើង តែ១០ប្រទេសហ្នឹង ក៏មាន​ប្រទេស​ដែល​កំពុង​តែ​វាយគ្នាដែរ»។


លោកនាយករដ្ឋមន្រ្តីបានឡើងថា សូមកុំមើលតែផល នៃសន្តិភាព ប៉ុន្តែសូមមើលផល​ នៃការបាត់បង់សន្តិភាពផង​ដែរ ទើបដឹងថា តម្លៃ នៃផលសន្តិភាព វាមានប៉ុណ្ណា។

លោកបានលើកឧទាហរណ៍ពីសង្រ្គាមនៅប្រទេសស៊ីរី និង​នៅ​អ៊ុយក្រែនជាដើមថា កាលពី៤ឆ្នាំមុន ប្រទេសទាំងនេះកំពុងតែរីកចម្រើន ដោយសារតែអត់មានការវាយគ្នា។ ប៉ុន្តែ ឥលូ​វខេ​ត្ត​ក្រុង​ខ្លះ​ត្រូវបំផ្លាញខ្ទិចខ្ទី​ ហើយមនុស្សស្លាប់ជាច្រើន។

លោកមានប្រសាសន៍ថា៖«និយាយរឿងសន្តិភាព អត់ធុញទេ។ និយាយរំលឹកហើយរំលឹកទៀត ព្រោះវា​ផុយ​ស្រួ​យ​ណាស់​ យើងត្រូវរួមគ្នាចងចាំវា។ វាផុយស្រួយណាស់ នៅប្រទេសជិតខាងយើងមួយចំនួន ក៏កំពុងតែមានបញ្ហា ដែល​ប៉ុន្មានឆ្នាំមុនអត់មាន»។

លោកបន្តថា៖«នៅអឺរ៉ុប នៅអាហ្វ្រិក នៅអី កាលពីប៉ុន្មានឆ្នាំមុន អត់មានអី ឥលូវ ទៅបាត់។ តែកម្ពុជា យើងបាន២៦ឆ្នាំ ហើយកុំឱ្យមានទំនាយថា មួយចម្អិនកំពឹស កើតឡើងវិញនៅស្រុកខ្មែរ។ គេថា កម្ពុជាមិនបានសេចក្តីសុខយូរទេ។ ហើយ​២៦ឆ្នាំនេះ បើក្នុងរយៈពេល ប្រវត្តិសាស្រ្ត៥០០ឆ្នាំ គឺ ជាសន្តិភាពដែលវែងជាងគេរួចទៅហើយ។ តែ​យើង​មិន​ចង់​បានត្រឹមតែ២៦ឆ្នាំនោះទេ»។

លោកបានរំលឹកថា នៅពេលដែល គ្មានសង្រ្គាម  កម្ពុជាបានកសាងបានស្ពាន២ គឺស្ពានព្រះមុន្នីវង្ស និ​ងស្ពា​នជ្រោ​យ​ចង្វា​រ។​ ប៉ុន្តែដល់ពេលបាត់បង់សន្តិភាពភ្លាម ការវាយគ្នាបានចាប់ផ្តើម ហើយស្ពានត្រូវបំផ្លាញ។ ដល់​ពេល ដែល​កម្ពុជា ឈប់វាយគ្នា ហើយធ្វើសមាហរណកម្ម កម្ពុជាបានចាប់ផ្តើមកសាងឡើងវិញ មិនត្រឹមតែស្ពាន២នោះទេ តែ ថែម​ទាំងស្ពានជាច្រើនខ្សែថែមទៀត។

លោកបញ្ជាក់ថា៖«សង្រ្គាមវាធ្វើឱ្យអគារ ដែលខ្ពស់បាក់បែកខ្ទិច ...អញ្ជឹងត្រូវចូលរួមធ្វើម៉េចកុំ​ឱ្យយើង​បាត់បង់​នូវ​ឱ​កាសនៃសន្តិភាព។ សូមរួមគ្នា ថែរក្សា សុខសន្តិភាព ដែលជាកត្តាសំខាន់»។

យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កម្លាំងចូលរួមជាង១ម៉ឺននាក់ ត្រូវបានរៀបចំត្រៀម សម្រាប់ប្រារព្ឋទិវានេះ ក្នុងរយៈពេល៣ថ្ងៃ ដែលរួមមានផងដែរ ពីការតាំងពិព័រណ៍ និងការបាញ់កាំជ្រួចជាដើម។

ការប្រារព្ឋទិវា សន្តិភាពនៅកម្ពុជា នេះ គឺដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រ​ឡាញ់សន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។

ក្រសួងបានលើកឡើងថា ការរៀបចំទិវា នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿន​ក្រើន​រំលឹកដល់​ប្រ​ជាជន​កម្ពុជា​គ្រប់​ជំ​នាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំង​ផល​វិ​បា​កនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ។ 

ក្រៅពីនោះ វាជា​ការ​បំផុ​សស្មា​រ​តីដល់​ប្រជា​ជ​នក​ម្ពុជា​គ្រប់​ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម និងឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយ​រួម​គ្នា​លើ​ក​ក​ម្ពស់ វប្ប​ធម៌​សន្តិភាព នៅកម្ពុជា។ 

ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែល​ជា​អាយុ​ជី​វិត​របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្ត​របស់​ប្រជាជនកម្ពុជា ប្រ​កប​ដោយចីរភាព៕