លោក​ ឌិត​ ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ព្រឹកថ្ងៃ​ទី១៧ ខែធ្នូ​នេះ បាន​សម្ពោធ​​ឧទ្យាន​កៅស៊ូ ដែល​មាន​ដើម​កៅស៊ូ​ចំណាស់​​ជាង​គេ​នៅ​កម្ពុជា​ជាង ៤០០​ដើម​ដាំ​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង។ លោក​ចាត់​ទុក​ដើម​កៅស៊ូ​ចំណាស់​នេះជា​បេតិកភណ្ឌ​ និង​​​បង្ហាញ​ពី​ការ​វិវត្ត​នៃ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា។


ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មពេញ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​បច្ចុប្បន្ន​នេះ​មាន​ដើម​កៅស៊ូ​ចាស់១០០​ឆ្នាំ​ចំនួន ៤៤៨​ដើម។

ដើម​កៅស៊ូ​ទាំង​នេះ​ត្រូវ​បាន​យក​ពូជ​ពី​តំបន់​អាម៉ាហ្សូន ហើយ​ត្រូវ​បាន​ដាំ​ដោយ​ប្រើ​គ្រាប់​ ហេតុដូច្នេះ​ហើយ បាន​ជា​ដើម​របស់​វា​មាន​ទម្រង់​ខុសៗ​គ្នា ខណៈដែល​ដើម​កៅស៊ូ​បច្ចុប្បន្ន មាន​ទម្រង់​ប្រហាក់​ប្រហែល​គ្នា​ដោយ​សារ​តែ​ការ​ដាំ​ដោយ​មាន​ពូជ​ចម្រាញ់​តាម​រយៈការ​​ខ្លូន​នោះ​ទេ។​​


លោក ម៉ក ហុង ​ប្រធាន​អគ្គនាយក​​ក្រុមហ៊ុនចម្ការកៅស៊ូ​សុ​ភក្តិ​នី​កា​ បាន​ឲ្យ​ដឹង​ថា លោក​ស្ម័គ្រ​ចិត្ត​ប្រគល់​ចម្ការ​កៅស៊ូ​ដែល​មាន​វ័យ​ចំណាស់​នេះទៅ​ឲ្យ​ក្រសួង​កសិកម្ម​ដើម្បី​ថែរក្សា​​បន្ត និង ដើម្បី​បុព្វហេតុ​​ស្រាវជ្រាវ​ផ្នែក​កៅស៊ូ។

លោក​ថ្លែង​ថា៖ «ដីនេះ​ជាក់​ស្ដែង​ជា​របស់​ក្រុមហ៊ុនសុ​ភក្តិ​នី​កា ដោយ​សារ​ក្រសួង​កសិកម្ម​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អភិរក្ស​ដើម​កៅស៊ូ​នេះ យើង​ក៏​បាន​ប្រគល់​សិទ្ធិ​ហ្នឹង​ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​កៅស៊ូ​គ្រប់គ្រង់ តែ​នេះ​ធ្វើ​តាម​ផ្ទាល់​មាត់​ទេ។ ទៅ​ថ្ងៃ​ក្រោយ​ អគ្គនាយកដ្ឋាន​កៅស៊ូ​សុំ​កាត់​ដី​នេះ​ពី​ក្រុមហ៊ុន​កៅស៊ូ​សុ​ភក្តិ​នី​កា ហើយ​ដាក់​ទៅ​ជា​ទ្រព្យ​របស់​អគ្គនាយក​កៅស៊ូ។ ខ្ញុំ​យល់​ព្រម ព្រោះ​នេះ​ជា​ផល​ប្រយោជ​ន៍​សម្រាប់​ទាំង​អស់​គ្នា»។


ការ​សម្ពោធ​ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី ក៏ធ្វើ​ឡើង​ជាមួយ​នឹង​ការ​ប្រឡង​ប្រណាំង​ចៀរ​ជ័រ​កៅស៊ូ ដែល​​មាន​កម្មករ​ចៀរ​ជ័រ​កៅស៊ូ​ជំនាញៗ​​ចំនួន​ ៧១ មក​ពី​ចម្ការ​កៅស៊ូ​ចំនួន ៣៤ និង​សហគមន៍​ចម្ការ​កៅស៊ូ​គ្រួសារ​ចំនួន​៥។ ម៉ូតូ​ចំនួន ១៥​គ្រឿង​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ជ័យលាភី ពី​លេខ​១​ដល់​លេខ​ ៣​ ដែល​ចំណាត់​ថ្នាក់​នីមួយៗ​មាន​ចំនួន ៥​នាក់។

លោក ឌិត ទីណា បាន​ប្រកាស​ថា ក្រសួង​កសិកម្ម​នឹង​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ចៀរ​ជ័រ​កៅស៊ូ​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណាំ​កៅស៊ូ និង​ដើម្បី​លើក​ទឹកចិត្ត​ដល់​កម្មករ​ចម្ការ​កៅស៊ូ​ និង​ពង្រឹង​ជំនាញ​របស់​ខ្លួន​ក្នុង​ការងារ​នេះ។

លោក ឃុន កក្កដា អគ្គនាយក​ស្ដីទី នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹ​ង​ថា ក្នុង​រយៈពេល២០ឆ្នាំ គិតត្រឹម​ឆ្នាំ​ ២០២០ ផ្ទៃដីដំណាំកៅស៊ូបានកើនឡើង៨ដង ចាប់ពីជាង ៥ម៉ឺនហិកតាក្នុងឆ្នាំ២០០០ កើនមកដល់ជាង៤០ម៉ឺនហិកតា ក្នុងឆ្នាំ២០២០។ 

លោក​ថា ផលិតផលក៏បានកើន ឡើងជាង៧ដងផងដែរ ដែល​ពី​មុន​មាន​ជាង៥ម៉ឺនតោន បាន​កើន​មកដល់៣៥ម៉ឺនតោន ដែលបាននាំមកនូវចំណូល ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

លោក​ថា នៅ​ឆ្នាំ​ ២០២៤នេះ កម្ពុជាមានផ្ទៃដីដំណាំកៅស៊ូសរុបចំនួន៤២៥ ៤៤៣ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហកម្ម និង៤៨ភាគ​ទៀតស្មើនឹង ២០២ ៣២១ហិកតា ជាផ្ទៃដីកៅស៊ូគ្រួសារ។

លោក​ផលិតផលជ័រសម្រេចបានក្នុង ឆ្នាំ២០២៤ មានចំនួន៤០៧ ២០៩តោន កើនឡើង៤ភាគរយ​ធៀបឆ្នាំ២០២៣។ ចំណូល​ពីការ​លក់​ជ័រកៅស៊ូ មានចំនួន ៦៤០លានដុល្លារ។

មធ្យម​ក្នុង​ឆ្នាំ​នេះ​គឺ ១៦១៧ដុល្លារ​ក្នុង​មយ​តោន កើនឡើង២៨០​ដុល្លារ​ក្នុង​មួយ​តោន​ ធៀបនឹងឆ្នាំ២០២៣ ដែល​បានតែ ១៣៣៧ដុល្លារ​ក្នុង​មួយ​តោន។
លោក​បន្ត​ថា ដំណាំ​កៅស៊ូ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ចៀរជ័រ​ចំនួន​១៤​ម៉ឺន​នាក់ និង​ចិញ្ចឹម​អ្នក​ក្នុង បន្ទុក​គ្រួសារ ដែល​រួម​មាន​ប្រពន្ធ កូន និងឪពុក ម្តាយ សរុប​​ប្រមាណ​ជាង​៤២​ម៉ឺន​នាក់៕