ខេត្ដ​ព្រះ​សីហនុ៖ ក្រុង​ព្រះសីហនុ ជា​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​ស្ងប់ស្ងាត់​មួយ​ក្នុងប្រទេស​កម្ពុជា បាន​ក្លាយជា​គោល​ដៅ​ជជែក​វែកញែក​ដ៏រសើប​បំផុត​ស្ដីពី​បញ្ហា​ជុំវិញ​​ឧក្រិដ្ឋកម្ម និង​ភាពចម្រូងចម្រាស ក៏ដូចជា​ចាត់​ទុក​​ជា​មជ្ឈមណ្ឌល​នៃ​ការអភិវឌ្ឍន៍ និង​​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​។​


ចំពោះ​ភាព​ចម្រូង​ចម្រាស​លើ​ការ​ផ្សព្វផ្សាយ​នេះ​ ​​លោក ម៉ាង​ ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះសីហនុ ដែលថ្លែង​​វឌ្ឍនភាព និង​សុវត្ថិភាព ដោយច្រាន​ចោល​នូវ​ការ​ផ្សព្វផ្សាយ​មិន​ពិត​នៅលើ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​។​

លោក ស៊ីណេត បាន​ឱ្យដឹងថា ដោយសារ​ខេត្ដ​ព្រះ​សីហនុ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ទាំង ៣ ប្រភេទ គឺផ្លូវ​ទឹក ផ្លូវគោក និង​ផ្លូវ​អាកាស ទើប​រាជ​រដ្ឋាភិបាល​ជ្រើស​រើស​ខេត្ដ​ព្រះសីហនុ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេសគំរូ​​ពហុ​បំណង។


លោកអភិបាលខេត្ដ​បាន​ថ្លែង​​ក្នុង​បទ​សម្ភាស​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ជាង​៣០​កាលពីពេល​ថ្មីៗ​នេះ​ថា​៖ «​ខេត្ត​ព្រះសីហនុ​មិន​ត្រឹម​តែមាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​យើង​ផងដែរ​»​។​

ចំពោះ​បញ្ហា​សុខ​សុវត្ថិភាពដល់​ភ្ញៀវ​ទេសចរ អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ ខេត្ដ​ព្រះសីហនុ​មាន​ស្នងការ​នគរបាល​ខេត្ដ បញ្ហា​ការដ្ឋាន​កង​រាជ​អាវុធ​ខេត្ដ តំបន់​ប្រតិបត្ដិការ​សឹក​រងខេត្ដ ក្រុង​/ស្រុក និង​ឃុំ​/សង្កាត់ ជា​សេនាធិការ ដែល​អនុវត្ដ​តួនាទី​ ភារកិច្ច​របស់ខ្លួន​ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់ ជាក់ស្ដែងភូមិ ឃុំ​/សង្កាត់​មាន​សុវត្ថិភាព​។


កន្លងមក មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា មាន​ករណី​ឧក្រិដ្ឋកម្ម​​អាក្រក់ៗ​បាន​កើតឡើង​ជា​ច្រើន រួម​ទាំង ​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើជា​ទាសករ​ឈាម ដោយ​ក្រុម​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែល​លោក​​ត្រូវបាន​បង្ហូរឈាម និង​ធ្វើ​ទារុណកម្ម​ជាច្រើន​ដង​។​

ហេតុការណ៍​មួយទៀត ពាក់ព័ន្ធ​នឹង​ការចាប់​ពង្រត់ និង​សម្លាប់​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ដែល​សាកសព​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រឡាយទឹក ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​។​

​ឧក្រិដ្ឋកម្ម​ទាំងនេះ​បង្ហាញ​ពី​ភាព​ងងឹត​បាំង​បិទ​ទីក្រុង​ឆ្នេរ​តារា​រះនៃ​ទិស​នីរតី​ ដោយ​រួម​រឹត​នឹង​បញ្ហា​ចាក់​ស្រេះ ដូចជា ឧក្រិដ្ឋ​កម្ម​​បោកប្រាស់ ​ការលេង​ល្បែង​តាម​អ៊ីនធឺណិត ជាមួយនឹង​របាយការណ៍​អំពី​ការជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ និងអំពើ​កេងប្រវ័ញ្ច​​។​

លោក ស៊ីណាត បាន​លើកឡើងថា​៖ «​ខេត្ដព្រះសីហនុ​ក្នុង​សារព័ត៌មាន​មួយចំនួន​តូច និង​​ខេត្ដព្រះសីហនុ​មាន​លក្ខណៈ​ខុស​គ្នា​។ ជាក់ស្ដែង ជនជាតិ​ចិន​បាន​បង្កើត​ព័ត៌មាន​ប្រឌិតទាសករ​ឈាម​ ឬ​ Blood Slave ដែល​តាម​ការពិត គាត់​ជា​ជន​ឥន្ដោ​ប្រវែស​ខុស​ច្បាប់ កើត​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហមរ៉ាំរ៉ៃ​ និង​គ្មាន​ការងារ​ធ្វើ​ដើម្បី​រក​ប្រាក់​ព្យាបាល​»។

លោក​អភិបាល​ខេត្ដ​បាន​លើកឡើង​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត ដែល​ទាក់ទង​នឹងការ​ចាប់​ជំរិតវះកាត់​សរីរាង្គ​រវាង​ជនជាតិ​ថៃ និង​ជនជាតិ​។ អគ្គស្នងការ​នគរបាល​ជាតិ​បានសហការ​ជាមួយ​សមត្ថកិច្ច​ថៃ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​នារីថៃ ដែល​ប្រឌិត​រឿង​នោះ​ដាក់​ទោស​ទៅតាម​ច្បាប់​។

​លោក​អភិបាល​ខេត្ដ​បាន​លើកឡើង​ពី​ដើម​ចម​នៃ​ការ​លេចឮ​ព័ត៌មាន​បង្ឃាំង​មនុស្ស ដោយ​ចាប់ផ្ដើម​ពី​បញ្ហា​វិបត្ដិកូវីដ ១៩ ដែល​ម្ចាស់​អាជីវកម្ម​នីមួយៗ​ការពារ​សុវត្ថិភាព​បុគ្គលិក និង​ភ្ញៀវ។ បុគ្គលិក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​បរិវេណ​កន្លែង​ធ្វើ​ការ ដោយ​ធ្វើការ និង​ស្នាក់​នៅ​ទីនោះ​តែម្ដង។

លោក​បាន​បន្ដថា ទម្លាប់​នេះ​បាន​បន្ដ​រហូតដល់​ចប់​កូវីដ ១៩ និង​បើក​ប្រទេស​ឡើង​វិញ​។ ប៉ុន្ដែ​ក្រោយ​មក តាម​រយៈរដ្ឋបាលខេត្ដ​ អង្គភាព​អាជីវកម្ម​ទាំង​អស់​បើក​ចំហរ​សិទ្ធិ​សេរីភាព​ជូន​ដល់​កម្មករ​-កម្មការិនី និងបុគ្គលិក​ចេញ​ក្រៅ​បាន​។

ដើម្បី​ឆ្លើយតប​នឹង​សន្តិសុខ ខេត្ត​បាន​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា ដើម្បី​ត្រួតពិនិត្យ និង​លើកកម្ពស់​សុវត្ថិភាព​សាធារណៈ​។​លោក ស៊ី​ណេ​ត បានឱ្យដឹងថា៖ «​ក្រៅពី​នេះ​ ខេត្ដ​ព្រះ​សីហនុ​ក៏មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវចំនួន ៤៣៣​ទីតាំង​ ឬ ៥៣៣​គ្រាប់ ដែល​ស្ទើរ​តែគ្រប់​តាម​ដង​ផ្លូវ​​ រួមទាំង​ដំណើរការ​ប្រព័ន្ធ​ Hotline សម្រាប់​ទទួល​បណ្ដឹង​ពី​សាធារណជន មហាជន ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ​»។

លោកបាន​បញ្ជាក់​ដោយ​មោទនភាព​ថា ខេត្ត​ព្រះសីហនុ​ត្រូវបាន​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​នានា​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។​លោកបាន​អះអាងថា ចំពោះ​ពានរង្វាន់​ភូមិ​ ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព ខេត្ដ​ព្រះសីហនុទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ចំនួន ៨ លេខពីរ ចំនួន ១៥ និង​លេខបី ទទួល​បានចំនួន ៦ ដែល​បញ្ជាក់ថា រាល់​បទល្មើស​បាន​កើត​ឡើង ដែលមានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ អាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់​គ្រង​បានទាំង​អស់។

​ឥទ្ធិពល​នៃ​​ព័ត៌មាន​ក្លែងក្លាយ​

ទោះបីជា​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​ការរីកចម្រើន​នេះ ខេត្ត​ព្រះសីហនុ​ក៏​​កំពុង​ប្រយុទ្ធ​នឹង​ព័ត៌មាន​មិន​ពិត ពិសេស​ពី​រឿងរ៉ាវ​​​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​។

លោក​ ស៊ីណេត ទទួលស្គាល់ថា ព័ត៌មាន​ប្រឌិត​ពិតជាមាន​អ្នក​ចូល​មើល​ច្រើន​រហូតដល់​រាប់​លាន​ដង​នៅលើ​បណ្ដាញ​សង្គម ខណៈ​វីដេអូបកស្រាយ​អំពី​ស្ថានភាព​ភូត​កុហក់ ដែលរដ្ឋបាល​ខេត្ដព្រះសីហនុ​រក​ឃើញ​ការពិត មានអ្នក​ចូលទស្សនា​តិច​តួច​បំផុត។ 

អភិបាលខេត្ត បាន​បកស្រាយ​ថា «​ជនរងគ្រោះ​» ដែល​ត្រូវ​បាន​អះអាង​ក្នុង​រឿងនេះ គឺជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែលមាន​ជំងឺ​​រ៉ាំរ៉ៃ ហើយ​មិនមែនជា​ជនរងគ្រោះ​នៃ​ការកេងប្រវ័ញ្ច​នោះទេ​។​

រឿង​ទាំងនេះ ​​ត្រូវបាន​ប្រឌិត និង​ពង្រីក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស បាន​លាប​ពណ៌​រូបភាព​ខុសឆ្គង​នៃ​ក្រុងព្រះសីហនុ​។​

លោក ស៊ីណាត បានពន្យល់​​ថា​៖ «​មាន​បរទេស​គេ​សួរ​សំណួរ​មួយ​ថា បើសិន​ជា​ខេត្ដ​ព្រះ​សីហនុ​មាន​ការ​អភិវឌ្ឍ​រីករាយ​ តើ​គេ​ទទួល​បាន​អ្វី​? យើង​គិតថា គេ​មិន​ចង់​ឃើញ​យើង​មាន​ការ​អភិវឌ្ឍ​រីករាយ​ជាង​គេ​ដែរ»។

ចក្ខុវិស័យ​សេដ្ឋកិច្ច​ស​ម្រា​ប់​អនាគត​

​បើតាម​អភិបាលខេត្ត​ បាន​ឱ្យដឹងថា បើទោះជា​មានការ​រំខាន​ពី​ព័ត៌មាន​មិន​ពិត​ក៏ដោយ ប៉ុន្តែ​ការពិត​នៃ​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នៅតែ​ផ្តោតលើ​គោលដៅ​រយៈពេល​វែង។​

​រដ្ឋាភិបាល​ខេត្ត​ប្តេជ្ញា​ប្រែក្លាយ​ក្រុងព្រះសីហនុ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​លំដាប់​ពិភពលោក​។​លោកបាន​ថ្លែងថា​៖ «​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​គំរូ​ពិសេស​ពហុ​បំណងខេត្ដព្រះសីហនុ មាន​គោលដៅសម្រាប់​​ការដឹកជញ្ជូន និង​ឧស្សាហកម្ម ជាមួយ​កំពង់​ផែទឹក​ជ្រៅ ដែល​រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ជម្រៅ​ទឹក​រហូតដល់ ១៧,៥​ម៉ែត្រ​នៅ​ឆ្នា​២០២៩ សម្រាប់​នាវា​ស្ទើរតែ​គ្រប់​ទាំង​អស់​ទូទាំង​ពិភពលោក​អាច​ចូល​ចត​ ដែល​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់ ១៦​ម៉ឺន​តោន»​។

លោក ស៊ីណាត បាន​បន្ដថា វាផ្ដោតលើ​ការ​បែង​ចែក​ជា​តំបន់​ផ្សេងៗ​ ដូចជា ការ​បង្កើត​ក្រុង​កំពង់សោម ជា​ទីក្រុង​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្ដរជាតិ តំបន់​ទេសចរណ៍​ ដែល​ដែនកោះ​ត្រូវបាន​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​។ លើសពីនេះ រដ្ឋាភិបាល​មាន​គោលបំណង​​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រជាជន​ក្នុងស្រុក​៕