ភ្នំពេញៈ ប្រភេទសត្វថ្មីៗចំនួន ២៣៤ ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យចំនួនសត្វ និងរុក្ខជាតិ ដែលត្រូវបានរកឃើញក្នុងតំបន់នេះកើនឡើងដល់ជាង៣ពាន់ប្រភេទគិតចាប់តាំងពីឆ្នាំ១៩៩៧មក។ នេះបើយោងតាមរបាយការណ៍របស់អង្គការWWF ដែលចេញផ្សាយនៅដើមសប្តាហ៍នេះ។
សត្វ និងរុក្ខជាតិសំខាន់ ដែលត្រូវបានរកឃើញចុងក្រោយនេះមានដូចជា ប្រភេទខ្ញី ដែលមានឫស មានក្លិនដូចស្វាយ, សត្វ ពស់មានរោមភ្នែកវែង និងផ្កាអ័រគីដេ ដែលគ្មានស្លឹកជាដើម។
របាយការណ៍នេះ បានចងក្រងឯកសារការងាររបស់អ្នកវិទ្យាសាស្ត្ររាប់រយនាក់ ជាលើកដំបូង មកពីសាកលវិទ្យាល័យ អង្គការអភិរក្ស និងវិទ្យាស្ថានស្រាវជ្រាវជុំវិញពិភពលោក។ ពួកគេបានរកឃើញប្រភេទរុក្ខជាតិសរសៃ ១៧៣ប្រភេទ, សត្វល្មូន២៦ពួក, សត្វឈាមត្រជាក់១៧ប្រភេទ(ដូចជាកង្កែប គីង្គក់..), ត្រី១៥ប្រភេទ និងថនិកសត្វ៣ប្រភេទ នៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។
អង្គការអភិរក្សជំរុញឱ្យចាត់វិធានការការពារជម្រកសត្វព្រៃ ដែលកំពុងតែបាត់បង់នេះ និងទប់ស្កាត់ការជួញដូរសត្វព្រៃដែលគ្មាននិរន្តរភាព។
នៅពេលដែលប្រភេទសត្វជាច្រើន ដែលកំពុងស្ថិតក្នុងការគំរាមកំហែង ឈានទៅរក ការផុតពូជ ដោយសារតែ សកម្មភាពរបស់មនុស្សនោះ អង្គការWWF បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងប្រទេសទាំងនេះ បង្កើនការអភិរក្សប្រភេទសត្វកម្រ និងអស្ចារ្យទាំងនេះ ដើម្បីកុំឱ្យបាត់បង់ពីធម្មជាតិ។
លោកChris Hallam ដែលជាអ្នកនាំមុខក្នុងការអភិរក្សសត្វព្រៃរបស់អង្គការWWFប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថាទោះបីជាប្រភេទសត្វទាំងនេះទើបតែត្រូវបានពិពណ៌នាដោយវិទ្យាសាស្ត្រកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែពួកវាបានរស់នៅក្នុងជម្រកដ៏ពិសេសរបស់វា នៃតំបន់នេះអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។
លោកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការWWFថា៖«ប្រភេទសត្វនីមួយៗទាំងនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ី និងជាគ្រឿងអលង្ការនៅក្នុងតំបន់ ដែលសម្បូរទៅដោយបេតិកភណ្ឌធម្មជាតិ»។
ប្រធានកម្មវិធីតំបន់ជួញដូរសត្វព្រៃខុសច្បាប់ នៃមហាអនុតំបន់ទន្លេមេគង្គ របស់អង្គការWWF លោក Jedsada Taweekanបានលើកឡើងថា ពេលខ្លះ ប្រភេទសត្វត្រូវបានគេរកឃើញនៅក្នុងកន្លែងធ្វើពាណិជ្ជកម្ម ដូចជាករណីផ្កាអ័រគីដេ និងត្រីជាដើម។
លោកបានថ្លែងថា៖«យើងត្រូវតែធានាថា ប្រភេទសត្វទាំងនេះត្រូវបានធ្វើការសិក្សាយ៉ាងលំអិត និងស្វែងយល់យ៉ាងច្បាស់ ដើម្បីកុំឱ្យពួកវាបាត់បង់ ដោយសារតែការកេងប្រវ័ញ្ចហួសហេតុ»៕